អន្តរជាតិ៖ ភ្នាក់ងារចិន ៥នាក់ ក្នុងចំណោម៨នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ខណៈដែលពាក់ព័ន្ធការចោទប្រកាន់ថាបានបើកប្រតិបត្តិការធ្វើបាបអ្នករិះគន់ និងអ្នកប្រឆាំងរដ្ឋាភិបាលចិន នៅក្នុងទឹកដីអាមេរិក។នេះបើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌អាមេរិក ។
បើតាមទីភ្នាក់ងារព័ត៌មានAFP បានចុះផ្សាយថា លោកJohn Demers ឧបការីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក អះអាងថា ភ្នាក់ងារចិនចំនួន៨នាក់ ត្រូវបានអាមេរិកចោទប្រកាន់ពីការពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ចិន ដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។ ការអនុវត្តច្បាប់ចិន នៅក្រៅប្រទេសត្រូវបានចិនអះអាងថា ជាការប្រមាញ់កញ្ជ្រោង។
លោក Demers បន្ត ថាក្រុមទាំងនោះបានចូលមកក្នុងទឹកដីអាមេរិក ដើម្បីកំណត់ជនល្មើសបន្ទាប់មកគំរាម ឬប្រើវិធីសាស្ត្រផ្សេងទៀតដើម្បីបង្ខំឲ្យអ្នកទាំងនោះត្រឡប់ទៅប្រទេសចិនវិញ។អ្នកទាំងនោះប្រឈមនឹងជាប់ពន្ធាគារពេលត្រឡប់ទៅវិញ ឬកាត់ក្តីក្នុងតុលាការមិនស្របច្បាប់។
សូមជម្រាបថា ការប្រមាញ់កញ្ជ្រោង គឺជាយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ចិនជាលក្ខណៈអន្តរជាតិ ដើម្បីតាមចាប់ជនល្មើសដែលគេខ្លួនពីចិន នឹងនាំខ្លួនពួកគេមកកាត់ទោសព្រហ្មទណ្ឌដោយត្រឹមត្រូវចំពោះមុខតុលាការចិន។ ប៉ុន្តែលោក Demers បានបញ្ជាក់ថា ផ្នែកខ្លះនៃការប្រមាញ់កញ្ជ្រោងក្លាយជាការតាមរកអ្នកប្រឆាំងនឹងលោកប្រធានាធិបតីចិនស៊ី ជិនភីង ដូចជាអ្នកប្រកួតប្រជែងនយោបាយ អ្នកប្រឆាំងនិងអ្នករិះគន់ជាដើម។ លោកបានសង្កត់ធ្ងន់ថាប្រតិបត្តិការខាងលើនេះ គឺជាការបំពាននីតិរដ្ឋ និងបទដ្ឋានច្បាប់អន្តរជាតិ។
បើតាមលោកChristopher Wray អគ្គនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ក៏បានអះអាងថា រដ្ឋាភិបាលចិនបំភ័យ និងធ្វើឲ្យអាម៉ាស់ដល់ពលរដ្ឋអាមេរិក ក៏ដូចជាអ្នកស្នាក់នៅអាមេរិកដោយស្របច្បាប់។លោកបន្ថែមថា ការស្វែងរកអ្នកប្រឆាំងរដ្ឋាភិបាលចិននៅបរទេស មិនត្រូវមាននៅអាមេរិកនោះទេ។
អគ្គនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានគូសបញ្ជាក់ថា៖«នេះជាមិនមែនជាសកម្មភាពដែលយើងរំពឹងពីរដ្ឋដែលមានទំនួលខុសត្រូវឡើយ»។ លោកWray បន្ថែមថា វាជាសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនទៅវិញទេ។
ដោយឡែកភ្នាក់ងារចិនទាំង៥នាក់ដែលត្រូវចាប់ខ្លួនវិញនោះ ត្រូវបានអាមេរិកចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋាភិបាលចិន ដើម្បីប្រព្រឹត្តអំពើមិនស្របច្បាប់ក្នុងទឹកដីអាមេរិក។ បើសិនរកឃើញថា មានកំហុសមែននោះ បុគ្គលទាំង៥រូបខាងលើ នឹងត្រូវជាប់គុកអាមេរិកយ៉ាងតិច៥ឆ្នាំ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ អាមេរិកមិនបានប្រាប់ពីវិធីការស្វែងរក និងចាប់ខ្លួនភ្នាក់ងារចិនឡើយ។ចំណែកភ្នាក់ងារ៣នាក់ដែលមិនទាន់ត្រូវបានចាប់ខ្លួនគឺកំពុងស្ថិតនៅប្រទេសចិននៅឡើយ។
គួរបញ្ជាក់ដែរថា ចំពោះការចាប់ខ្លួនភ្នាក់ងារចិនខាងលើនេះ នឹងធ្វើឲ្យប្រទេសទាំង២ប្រឈមមុខគ្នាលើបញ្ហាកាន់តែច្រើន ខណៈទំនាក់ទំនងរវាងប្រទេសទាំង២កំពុងដុនដាបខ្លាំងរួចទៅហើយ។ ខណៈដែលចិន និងអាមេរិកកំពុងមើលមុខគ្នាមិនចំ លើរឿងជម្លោះពាណិជ្ជកម្មសិទ្ធិមនុស្សនៅតំបន់រដ្ឋបាលពិសេសហុងកុង និងខេត្តស៊ីនជាំង ក៏ដូចជាបញ្ហាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(៥G) កោះតៃវ៉ាន់ និងជម្លោះក្នុងសមុទ្រចិនខាងត្បូងផងដែរ៕ដោយ៖ស តារា