អាមេរិក ​ថា៖ ភ្នាក់ងារ​ចិន៥​នាក់​ ត្រូវបាន​ចាប់ខ្លួន​ ពាក់ព័ន្ធធ្វើបាបអ្នករិះគន់ និងប្រឆាំង​រដ្ឋាភិបាល​ចិន នៅក្នុង​ទឹកដី​អាមេរិក​

ចែករំលែក៖

អន្តរជាតិ៖ ភ្នាក់ងារ​ចិន ៥​នាក់​ ក្នុងចំណោម​៨​នាក់​ ​ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ខណៈដែលពាក់ព័ន្ធ​ការចោទប្រកាន់ថាបាន​បើក​ប្រតិបត្តិការ​ធ្វើបាប​អ្នក​រិះគន់ និង​អ្នកប្រឆាំង​រដ្ឋាភិបាល​ចិន នៅក្នុង​ទឹកដី​អាមេរិក​។នេះបើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​អាមេរិក ។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP បានចុះផ្សាយថា លោក​John Demers ឧបការី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក អះអាងថា ​ភ្នាក់ងារ​ចិន​ចំនួន​៨​នាក់ ត្រូវបាន​អាមេរិក​ចោទប្រកាន់​ពី​ការពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ច្បាប់​ចិន ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​អាមេរិក​។ ការអនុវត្ត​ច្បាប់​ចិន នៅក្រៅ​ប្រទេស​ត្រូវបាន​ចិន​អះអាងថា ជាការ​ប្រមាញ់​កញ្ជ្រោង​។

​លោក Demers បន្ត ថា​ក្រុម​ទាំង​នោះបាន​ចូលមកក្នុង​ទឹកដី​អាមេរិក ដើម្បី​កំណត់​ជនល្មើស​បន្ទាប់មក​គំរាម ឬ​ប្រើ​វិធីសាស្ត្រ​ផ្សេងទៀត​ដើម្បី​បង្ខំ​ឲ្យ​អ្នក​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។​អ្នក​ទាំងនោះ​ប្រឈម​នឹង​ជា​ប់ព​ន្ធា​គារ​ពេល​ត្រឡប់​ទៅវិញ ឬ​កាត់ក្តី​ក្នុង​តុលា​ការមិន​ស្របច្បាប់​។​

សូមជម្រាបថា ការ​ប្រមាញ់​កញ្ជ្រោង គឺជា​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​របស់​ចិន​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​តាម​ចាប់​ជនល្មើស​ដែល​គេ​ខ្លួន​ពី​ចិន នឹង​នាំខ្លួន​ពួកគេ​មក​កាត់ទោស​ព្រហ្មទណ្ឌ​ដោយ​ត្រឹមត្រូវ​ចំពោះមុខ​តុលាការ​ចិន​។​ ​ប៉ុន្តែ​​លោក Demers បានបញ្ជាក់ថា ផ្នែក​ខ្លះ​នៃ​ការ​ប្រមាញ់​កញ្ជ្រោង​ក្លាយជា​ការតាមរក​អ្នកប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជិន​ភីង ដូចជា​អ្នកប្រកួតប្រជែង​នយោបាយ អ្នកប្រឆាំងនិង​អ្នក​រិះគន់​ជាដើម​។ លោក​បាន​សង្កត់ធ្ងន់ថា​ប្រតិបត្តិការ​ខាងលើនេះ គឺជា​ការបំពាន​នីតិរដ្ឋ និង​បទដ្ឋាន​ច្បាប់​អន្តរជាតិ​។​

បើតាមលោក​Christopher Wray អគ្គនាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​(FBI) ក៏បានអះអាងថា រដ្ឋាភិបាល​ចិន​បំភ័យ និង​ធ្វើ​ឲ្យ​អាម៉ាស់​ដល់​ពលរដ្ឋ​អាមេរិក ក៏ដូចជា​អ្នកស្នាក់នៅ​អាមេរិក​ដោយ​ស្របច្បាប់​។​លោក​បន្ថែមថា ការស្វែងរក​អ្នកប្រឆាំង​រដ្ឋាភិបាល​ចិន​នៅ​បរទេស មិនត្រូវ​មាននៅ​អាមេរិក​នោះទេ​។​

អគ្គនាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​(FBI) បានគូសបញ្ជាក់ថា៖«​នេះ​ជា​មិនមែនជា​សកម្មភាព​ដែល​យើង​រំពឹង​ពី​រដ្ឋ​ដែលមាន​ទំនួល​ខុសត្រូវ​ឡើយ​»​។ លោក​Wray បន្ថែមថា វា​ជា​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន​ទៅវិញ​ទេ​។​

ដោយឡែក​ភ្នាក់ងារ​ចិន​ទាំង​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​វិញ​នោះ ត្រូវបាន​អាមេរិក​ចោទប្រកាន់​ពីបទ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​ប្រព្រឹត្ត​អំពើ​មិន​ស្របច្បាប់​ក្នុង​ទឹកដី​អាមេរិក​។ បើសិន​រកឃើញថា មាន​កំហុស​មែន​នោះ បុគ្គល​ទាំង​៥​រូប​ខាងលើ នឹងត្រូវ​ជាប់គុក​អាមេរិក​យ៉ាងតិច​៥​ឆ្នាំ​។ ប៉ុន្តែអ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អាមេរិក​មិនបាន​ប្រាប់​ពី​វិធី​ការស្វែងរក និង​ចាប់ខ្លួន​ភ្នាក់ងារ​ចិន​ឡើយ​។​ចំណែក​ភ្នាក់ងារ​៣​នាក់ដែល​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​គឺ​កំពុង​ស្ថិតនៅ​ប្រទេស​ចិន​នៅឡើយ​។​

​គួរបញ្ជាក់ដែរថា ចំពោះការចាប់ខ្លួន​ភ្នាក់ងារ​ចិន​ខាងលើនេះ នឹងធ្វើ​ឲ្យ​ប្រទេស​ទាំង​២​ប្រឈមមុខគ្នា​លើ​បញ្ហា​កាន់តែច្រើន  ខណៈ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​កំពុង​ដុនដាប​ខ្លាំង​រួចទៅហើយ​។ ខណៈដែលចិន និង​អាមេរិក​កំពុង​មើលមុខ​គ្នា​មិន​ចំ លើ​រឿង​ជម្លោះ​ពាណិជ្ជកម្មសិទ្ធិមនុស្ស​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ខេត្ត​ស៊ីន​ជាំ​ង ក៏ដូចជា​បញ្ហា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៥(៥G) កោះ​តៃវ៉ាន់ និង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print