ទីភ្នាក់ងារWMO៖ ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ជះឥទ្ធិពល​ខ្លាំង​ដល់​ទ្វីបអាហ្វ្រិក

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីការកើនឡើង​នៃ​គ្រោះមហន្តរាយធម្មជាតិ​ទឹកជំនន់ គ្រោះរាំងស្ងួត អាកាសធាតុ​ក្តៅ ក៏ដូចជា​ការឈ្លានពាន​របស់​សត្វ​កណ្តូប​ផងនោះ ទីភ្នាក់ងារ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ ​កាលពីថ្ងៃទី ២៦ ខែតុលាថ្មីៗនេះ បានព្រមានថា ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ជះឥទ្ធិពល​ខ្លាំង​ដល់​ទ្វីបអាហ្វ្រិក​​។ មិនតែប៉ុណ្ណោះ បញ្ហាមួយ​នេះ​កំពុង​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ សេដ្ឋកិច្ច និង សុខុមាលភាព​តំបន់​ទាំងមូល​។​

ជាក់ស្តែងបើតាមការអះអាងពី​អង្គការ​ឧតុនិយម​ពិភពលោក (WMO) បានបញ្ជាក់​ថា បច្ចុប្បន្ន​សីតុណ្ហភាព​ បាន​កើនឡើង​នៅលើ​ទ្វីបអាហ្វ្រិក​ដែលមាន​ប្រជាជន​ជាង ១,២ ពាន់​លាន​នាក់ ក្នុង​អត្រា​មួយ​ប្រហាក់ប្រហែល នឹង​តំបន់​ផ្សេងទៀត ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ ទ្វីប​មួយ​នេះ​ងាយ​នឹងរង​គ្រោះ​ខ្លាំងជាងគេ​។

​ថ្លែង​ក្នុង​របាយការណ៍​ថ្មី​របស់អង្គការ​WMO ​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ថា៖«​នៅ​ពាក់កណ្តាល​សតវត្សរ៍​នេះ ដំណាំ​ធុញ្ញជាតិ​សំខាន់ៗ​ដែល​ត្រូវបាន​ដាំ​ដុះ​ពាសពេញ​ទ្វីបអាហ្វ្រិក​នឹងរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​»​។ អង្គការមួយនេះ បន្ថែមថា«​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ជាទូទៅ​មាន​ប្រាក់ចំណូល​ទាប​និង​ខ្វះខាត ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​និង​ផលវិបាក​ដទៃទៀត​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។​នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចុះផ្សាយ។

​ទាក់ទិននឹងបញ្ហានេះដែរ ត្រូវបានគេ​រំពឹងថា ទិន្នផល​នៃ​ការ​ការដាំដុះ​នេះ​នឹង​ថយចុះ​រហូតដល់ ១៣ ភាគរយ​នៅ​អាហ្វ្រិក​ខាងលិច​និង​អាហ្វ្រិក​កណ្តាល​, ១១ ភាគរយ​នៅ​អាហ្វ្រិក​ខាងជើង និង ៨ ភាគរយ​នៅ​អាហ្វ្រិក​ខាងកើត និង​ខាងត្បូង​។​

របាយការណ៍​ដដែល​បន្តថា ការប្រែប្រួល​អាកាសធាតុ​កំពុង​បង្កបញ្ហា​ជាច្រើន​ដូចជា ជម្លោះ​ដែល​ជំរុញ​ឲ្យ​កើតមានឡើង​នូវ​គ្រោះ​ទុរភិក្ស​។តំបន់​កុយរមាស​នៃ​ទ្វីបអាហ្វ្រិក (Horn of Africa) របាយ​ទឹកភ្លៀង​ទាប​ជាង​មធ្យម​នៅ​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩ បាន​នាំឱ្យ​មានការ​ផល​លំបាក​បំផុត​ក្នុង​ប្រមូល​ផល​ធញ្ញជាតិ​ផុត​នៅ​សូ​ម៉ាលី និង​ការថយចុះ​ផលដំណាំ​នៅ​កេ​ន​យ៉ា​។​

​ទន្ទឹមនឹងនេះ គេ​សង្កេតឃើញ​មាន ការកើនឡើង​នៃ​ទឹកជំនន់​នៅ​ប្រទេស សូ​ម៉ាលី កេ​ន​យ៉ា អេ​ត្យូ​ពី និង តង់​ហ្សា​នី ហើយ​គេ​ក៏​កត់សម្គាល់​ឃើញថា កម្រិត​ទឹកភ្លៀង​ជា​មធ្យម​កើនឡើង​ទ្វេដង​នៅ​ចុងឆ្នាំ ២០១៩ ។ ថ្វីត្បិតតែ​ទឹកភ្លៀង​បាន​ជួយ​ឱ្យ​ដំណាំ​លូតលាស់​ក៏ពិតមែន  វា​ក៏បង្ក​ឲ្យ​មានការ​កើនឡើង​នៃ​សត្វល្អិត​ចង្រៃ​ដូចជា​កណ្តូប​រាតត្បាត​បំផ្លាញ​ដំណាំ​រាប់សែន​ហិកតា​នៅក្នុង​ប្រទេស​ទាំងនោះ​ចាប់តាំងពី​ខែមករា​ដែរ​។​

​លើសពីនេះទៅទៀត គ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត​ដូចជា៖ ព្យុះ​ស៊ីក្លូន Idai និង Kenneth ដែល​បាន​វាយប្រហារ​ប្រទេស​ចំនួន​បី​នៅ​ទ្វីបអាហ្វ្រិក​ភាគខាងត្បូង​ក្នុង​ឆ្នាំ ២០១៩ ក៏​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការប៉ះពាល់​ដែល​ការប្រែប្រួល​អាកាសធាតុ​បង្ក​លើ​តំបន់​នេះដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ព្យុះ​ស៊ីក្លូន​ក៏បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង ពីរលាន​នាក់​ចេញពីផ្ទះ​របស់​ពួកគេ សម្លាប់​មនុស្ស​រាប់រយ​នាក់ និង បំផ្លាញ​ដំណាំ​កន្លះ​លាន​ហិកតា​នៅ​មូ​ហ្សំ​ប៊ិក ផង​។​

​គួរជម្រាបថា នៅក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​រាប់បញ្ចូល​ទាំង​តំបន់ Sahel នៃ​អាហ្វ្រិក​ខាងលិច ចំនួន​ប្រជាជន​ដែល​ខ្វះ​អាហារូបត្ថម្ភ​បាន​កើនឡើង​រហូតដល់ ៤៥ ភាគរយ​ចាប់តាំងពី​ឆ្នាំ ២០១២ មក​។ ​ជាក់ស្តែងក្នុង​របាយការណ៍​ដដែល​ក៏​បង្ហាញថា ដោយសារ​បញ្ហា​នេះ ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​អាហ្វ្រិក​នឹង​ធ្លាក់ចុះ​ចន្លោះ​ពី ២,២៥ ភាគរយ​និង ១២,១២ ភាគរយ​ដោយសារ​សីតុណ្ហភាព​កើនឡើង​។ ចំណែក​អាកាសធាតុ​ក្តៅ និង សើម​ក៏​កាន់តែ​បង្ក​ភាពសមស្រប​ដល់​សត្វល្អិត​ដែល​ចម្លងជំងឺ​គ្រុនឈាម គ្រុនចាញ់ និង គ្រុន​លឿង​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print