ភ្នំពេញ៖ រថយន្តម៉ាកហ្វរេនន័រពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N 0900មួយគ្រឿង ជនជាតិចិនជិះគ្នាចំនួន៥នាក់ បានដាច់កាឡេកង់មុខខាងស្តាំ អូសប្រមាណ១៥ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច ដោយសាតែធា្លក់ដង្ហុក ខណៈផ្លូវកំពុងជួសជុលលប់ដីមិនស្អាត។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី១៦ ខែ កុម្ភៈ២០១៦នៅចំណុចស្តុប២០០៤ លើកំណាាត់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ប៉ុន្តែសំណាងល្អពុំមានអ្នករងរបួសទេ ។
ប្រភពមន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការគោលដៅ(ស្តុប២០០៤)ឲ្យដឹងថា នៅចំណុចស្តុប២០០៤នេះ មានក្រុមហ៊ុនឯកជនមួយបានជីកដីកាយដាក់លូរួចហើយបានលុបដីវិញជិតមួយខែមកហើយ ប៉ុន្តែលុបមិនបានរាបស្មើដូចដើមទេធ្វើឲ្យផ្លូវទាបខ្ពស់ ។ កន្លងមកមានរថយន្តនិងម៉ូតូជាច្រើនគ្រឿងបើកបរមិនមើលផ្លូវនេះជាក់លាក់បណ្តាលឲ្យធ្លាក់ជង្ហុក ដួលជាញឹកញាប់ ណាស់។ ករណីបែបនេះអាជ្ញាធរមូលដ្ឋានធា្លប់បាន ប្រាប់ទៅខាងក្រុមហ៊ុនមួយនេះឲ្យមកពង្ក្រាបថ្នល់ចំណុច ខាងលើបានឲ្យរាបស្មើផងដែរ តែមិនឃើញមកជួសជុលទេ ទុកឲ្យអ្នកដំណើរគ្រោះថ្នាក់ញឹកញាប់ណាស់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជាក់ស្តែងដូចករណីខាងលើ ក្រុមបរទេសជនជាតិចិនទាំង៥នាក់នោះជួបគ្រោះថ្នាក់បែបនេះ ធ្វើឲ្យពួកគេហួសចិត្ត បាននាំគ្នាចុះចេញពីលើរថយន្តដើរទៅបាត់អស់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ឲ្យសមត្ថកិច្ចរករថយន្តស្ទួច មកស្ទូចយករថយន្តមួយគ្រឿងនេះទៅដាក់នៅអែប ផ្លូវ កុំឲ្យកកស្ទះចរាចរណ៍។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរដែនដីមេត្តាចុះទៅពិនិត្យមើលការដ្ឋានជួស ជុលផ្លូវខាងលើនេះផង បើពុំដូច្នោះទេមានអ្នកធ្វើដំណើរឆ្លងកាត់មានគ្រោះថ្នាក់ជាបន្តបន្ទាប់មិនខាន ជាពិសេសគឺធ្វើដំណើរនៅពេលយប់តែម្តង ៕
ដោយ៖ ប្រាថ្នា