​អា​មេ​រិ​ក​ អង្គការសហប្រជាជាតិ​ថ្កោលទោស​ការ​វាយប្រហារ​តាម​ដែនអាកាស​នៅ​ស៊ី​រី​សម្លាប់​ជន​ស៊ី​វិល​៥០​នាក់

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ អង្គការសហប្រជាជាតិ​ និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​តាម​ដែនអាកាស​បណ្តាល​ឲ្យ​ធ្លាក់​មី​ស៊ី​ល​ចំ​លើ​អគារ​សុខាភិបាល​ និង​សាលារៀន​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បណ្តាល​ស្លាប់​មនុស្ស​យ៉ាងតិច​៥០​នាក់​ ភាគច្រើន​ជា​ជន​ស៊ី​វិល​ ។​ អា​មេ​រិ​កបាន​ដាក់​ការ​សង្ស័យ​ថា​ ការ​វាយប្រហារ​នេះ​ជា​សកម្មភាព​របស់​កងកម្លាំង​រុ​ស្ស៊ី​ ។​

​ក្រុម​អ្នក​សង្កេតការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ នៅ​មុន​កិច្ចព្រមព្រៀង​ឈប់​បាញ់​កើតឡើង​ ក្រុម​សកម្មប្រយុទ្ធ​ជនជាតិ​ឃើ​ដ​ ស្ថិត​នៅ​ភាគ​ខាងជើង​ស៊ី​រី​បាន​វាយប្រហារ​ដណ្តើម​គ្រប់គ្រង​ទីក្រុង​ស៊ី​រី​ដ៏​សំខាន់​ បើ​ទោះបី​កងទ័ព​ទួ​រ​គី​បាន​ផ្លោង​មី​ស៊ី​ល​ឆ្លងកាត់​ព្រំដែន​ប្រឆាំង​ទៅ​លើ​ក្រុម​ឃើ​ដ​នោះ​ក៏​ដោយ​ ។​ ទីក្រុង​ Ankara​ និង​ទីក្រុង​ម៉ូ​ស្គូ​ ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​ប្រទាក់ក្រឡា​ស្មុគស្មាញ​ ពិបាក​ក្នុង​ការ​រក​ដំណោះស្រាយ​ ។​

​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​សា​ អាល​អាសា​ដ​ បាន​បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​ឈប់​បាញ់​ចាប់ផ្តើម​ជា​ធរមាន​ក្នុង​ស​ប្តា​ហ៍​នេះ​ លំបាក​នៅ​ក្នុង​ការ​អនុវត្ត​ខ្លាំង​ណាស់​ ។​

​អង្គការសហប្រជាជាតិ​ បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​តាម​ដែន​អា​កាក​ទៅ​លើ​ទីតាំង​សុខាភិបាល​យ៉ាងតិច​៥​កន្លែង​ និង​សាលារៀន​២​កន្លែង​ស្ថិត​ភាគ​ខាងជើង​ទីក្រុង​Aleppo​ និង​នៅ​ក្នុង​ខេត្ត​ Idlib​ បណ្តាល​ឲ្យ​ជន​ស៊ី​វិល​យ៉ាងតិច​៥០​នាក់​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ​ ។​

​លោក​បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​បែប​នេះ​វា​បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​យ៉ាង​ខ្លាំងក្លា​ ។​

​ដូច​គ្នា​ជាមួយ​អង្គការសហប្រជាជាតិ​ផង​ដែរ​ សហរដ្ឋអាមេរិក​ដែល​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ តើ​ភាគី​ណា​ជា​អ្នក​វាយប្រហារ​នោះ​បាន​អះអាង​ថា​ មន្ទីរពេទ្យ​ស៊ី​វិល​២​កន្លែង​បាន​ទទួល​រង​ការ​វាយប្រហារ​ស្ថិត​នៅ​ក្នុង​ជុំវិញ​ទីក្រុង​ Aleppo​ ភាគ​ខាងជើង​ស៊ី​រី​ ។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​អះអាង​ថា​ សកម្មភាព​នេះ​សង្ស័យ​ជា​ទ​ង្វើ​របស់​រុ​ស្ស៊ី​ដែល​ធ្វើ​សកម្មភាព​គាំទ្រ​ដល់​របប​លោក​បា​សា​ អាល់​អាសា​ដ​ ក្នុង​ការ​ប្រឆាំង​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ឯកអគ្គរដ្ឋទូត​ស៊ី​រី​ ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ​ លោក​ Riad​ Haddad​ បាន​ថ្លែង​ថា​ មន្ទីរពេទ្យ​ដែល​រង​ការ​បំផ្លាញ​ខាងលើ​ ជា​លទ្ធផល​នៃ​ការ​វាយឆ្មក់​របស់​កងកម្លាំង​អា​មេ​រិ​ក​ ។​

​លោក​ Haddad​ បាន​ផ្តល់​សម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​រុ​ស្ស៊ី​ Rossiya​ 24​ ថា​ យន្តហោះ​ចម្បាំង​របស់​អា​មេ​រិ​ក​ជា​អ្នក​បំផ្លាញ​ទៅ​លើ​សាលារៀន​ទាំងនេះ​ ។​ យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​មិន​បាន​ធ្វើ​សកម្មភាព​បែប​នោះ​ឡើយ​ ។​

​អំពើ​ហិង្សា​ ក៏​ដូច​ជា​សង្គ្រាមពាក្យសម្តី​រវាង​ទីក្រុង​ Ankara​ នឹង​ទីក្រុង​មូ​ស្គូ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ផុយ​ស្រួយ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ដែល​ទើបតែ​សម្រេច​ព្រមព្រៀង​ឡើង​ក្នុង​ស​ប្តា​ហ៍​នេះ​ទាក់ទង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេល​មួ​យស​ប្តា​ហ៍​ សម្រេច​ធ្វើ​ឡើង​ដោយ​មហាអំណាច​ក្នុង​លោក​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ផ្តល់​ជំនួយ​មនុស្សធម៌​បំពេញភារកិច្ច​ចូល​ទៅ​កាន់​ទីតាំង​ពលរដ្ឋ​រង​គ្រោះ​ចែក​ស្បៀងអាហារ​ និង​ជំនួយ​មនុស្សធម៌​ ។​

​ប្រធានាធិបតី​អាល់​អាសា​ដ​ បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ទាក់ទង​កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​ថា​ «​ពួក​គេ​និយាយ​ថា​ ពួក​គេ​ត្រូវការ​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួ​យស​ប្តា​ហ៍​ ។​ តើ​នរណា​ទៅ​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ដាក់​លក្ខខណ្ឌ​ និង​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​?​ គ្មាន​ទេ​»​ ។​ លោក​បន្ត​ថា​ កិច្ចព្រមព្រៀង​ឈប់​បាញ់​ មាន​ន័យ​ថា​ បញ្ឈប់​ក្រុម​ភេរវកម្ម​មិន​ឲ្យ​ពង្រីក​ទីតាំង​របស់​ពួក​ ។​ ការ​បញ្ជូន​អាវុធ​ បរិក្ខារ​ និង​ការ​ពង្រឹងគោលជំហរ​របស់​ក្រុម​ភេរវកម្ម​ទាំងអស់​ត្រូវ​តែ​បញ្ឈប់​ទាំងស្រុង​ ទើប​ហៅ​ថា​ ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ៕​

Suria-620x330

syria-conflict-1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print