កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ អង្គការសហប្រជាជាតិ និងទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោសចំពោះការវាយប្រហារតាមដែនអាកាសបណ្តាលឲ្យធ្លាក់មីស៊ីលចំលើអគារសុខាភិបាល និងសាលារៀននៅក្នុងប្រទេសស៊ីរីបណ្តាលស្លាប់មនុស្សយ៉ាងតិច៥០នាក់ ភាគច្រើនជាជនស៊ីវិល ។ អាមេរិកបានដាក់ការសង្ស័យថា ការវាយប្រហារនេះជាសកម្មភាពរបស់កងកម្លាំងរុស្ស៊ី ។
ក្រុមអ្នកសង្កេតការណ៍ក៏បានលើកឡើងផងដែរថា នៅមុនកិច្ចព្រមព្រៀងឈប់បាញ់កើតឡើង ក្រុមសកម្មប្រយុទ្ធជនជាតិឃើដ ស្ថិតនៅភាគខាងជើងស៊ីរីបានវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងស៊ីរីដ៏សំខាន់ បើទោះបីកងទ័ពទួរគីបានផ្លោងមីស៊ីលឆ្លងកាត់ព្រំដែនប្រឆាំងទៅលើក្រុមឃើដនោះក៏ដោយ ។ ទីក្រុង Ankara និងទីក្រុងម៉ូស្គូ ចោទប្រកាន់គ្នាទៅវិញទៅមកធ្វើឲ្យប្រទាក់ក្រឡាស្មុគស្មាញ ពិបាកក្នុងការរកដំណោះស្រាយ ។
ប្រធានាធិបតីស៊ីរី លោកបាសា អាលអាសាដ បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ចាប់ផ្តើមជាធរមានក្នុងសប្តាហ៍នេះ លំបាកនៅក្នុងការអនុវត្តខ្លាំងណាស់ ។
អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការវាយប្រហារតាមដែនអាកាកទៅលើទីតាំងសុខាភិបាលយ៉ាងតិច៥កន្លែង និងសាលារៀន២កន្លែងស្ថិតភាគខាងជើងទីក្រុងAleppo និងនៅក្នុងខេត្ត Idlib បណ្តាលឲ្យជនស៊ីវិលយ៉ាងតិច៥០នាក់បាត់បង់ជីវិត ក្នុងនោះមានទាំងកុមារផងដែរ ។
លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ការវាយប្រហារបែបនេះវាបានរំលោភលើច្បាប់អន្តរជាតិយ៉ាងខ្លាំងក្លា ។
ដូចគ្នាជាមួយអង្គការសហប្រជាជាតិផងដែរ សហរដ្ឋអាមេរិកដែលមិនបានបញ្ជាក់ឲ្យដឹងថា តើភាគីណាជាអ្នកវាយប្រហារនោះបានអះអាងថា មន្ទីរពេទ្យស៊ីវិល២កន្លែងបានទទួលរងការវាយប្រហារស្ថិតនៅក្នុងជុំវិញទីក្រុង Aleppo ភាគខាងជើងស៊ីរី ។
ក្រសួងការបរទេសអាមេរិកបានអះអាងថា សកម្មភាពនេះសង្ស័យជាទង្វើរបស់រុស្ស៊ីដែលធ្វើសកម្មភាពគាំទ្រដល់របបលោកបាសា អាល់អាសាដ ក្នុងការប្រឆាំងទៅលើពលរដ្ឋរបស់ខ្លួន ។ ប៉ុន្តែទោះបីយ៉ាងណាឯកអគ្គរដ្ឋទូតស៊ីរី ប្រចាំនៅទីក្រុងមូស្គូ លោក Riad Haddad បានថ្លែងថា មន្ទីរពេទ្យដែលរងការបំផ្លាញខាងលើ ជាលទ្ធផលនៃការវាយឆ្មក់របស់កងកម្លាំងអាមេរិក ។
លោក Haddad បានផ្តល់សម្ភាសន៍ជាមួយបណ្តាញព័ត៌មានរុស្ស៊ី Rossiya 24 ថា យន្តហោះចម្បាំងរបស់អាមេរិកជាអ្នកបំផ្លាញទៅលើសាលារៀនទាំងនេះ ។ យន្តហោះចម្បាំងរុស្ស៊ីមិនបានធ្វើសកម្មភាពបែបនោះឡើយ ។
អំពើហិង្សា ក៏ដូចជាសង្គ្រាមពាក្យសម្តីរវាងទីក្រុង Ankara នឹងទីក្រុងមូស្គូបាននិងកំពុងធ្វើឲ្យផុយស្រួយកិច្ចព្រមព្រៀងឈប់បាញ់ ដែលទើបតែសម្រេចព្រមព្រៀងឡើងក្នុងសប្តាហ៍នេះទាក់ទងសង្គ្រាមនៅក្នុងប្រទេសស៊ីរី ។ កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលមួយសប្តាហ៍ សម្រេចធ្វើឡើងដោយមហាអំណាចក្នុងលោកដើម្បីផ្តល់ឱកាសឲ្យក្រុមផ្តល់ជំនួយមនុស្សធម៌បំពេញភារកិច្ចចូលទៅកាន់ទីតាំងពលរដ្ឋរងគ្រោះចែកស្បៀងអាហារ និងជំនួយមនុស្សធម៌ ។
ប្រធានាធិបតីអាល់អាសាដ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ទាក់ទងកិច្ចព្រមព្រៀងឈប់បាញ់នេះថា «ពួកគេនិយាយថា ពួកគេត្រូវការកិច្ចព្រមព្រៀងឈប់បាញ់មួយសប្តាហ៍ ។ តើនរណាទៅដែលមានសមត្ថភាពនៅក្នុងការដាក់លក្ខខណ្ឌ និងអនុវត្តកិច្ចព្រមព្រៀងនេះ? គ្មានទេ» ។ លោកបន្តថា កិច្ចព្រមព្រៀងឈប់បាញ់ មានន័យថា បញ្ឈប់ក្រុមភេរវកម្មមិនឲ្យពង្រីកទីតាំងរបស់ពួក ។ ការបញ្ជូនអាវុធ បរិក្ខារ និងការពង្រឹងគោលជំហររបស់ក្រុមភេរវកម្មទាំងអស់ត្រូវតែបញ្ឈប់ទាំងស្រុង ទើបហៅថា ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត