ខេត្តកណ្តាល÷ច្រើនឆ្នាំមកហើយដែលឈ្មួញវៀតណាមតែងទទួលទិញសត្វកណ្តុរពីប្រជាពលរដ្ឋខ្មែរ ហើយការទិញមិនដឹងថាគេយកទៅធ្វើអ្វីដែរ ក្រៅពីគេដឹងថា ប្រជាពលរដ្ឋវៀតណាមនិយមហូបសត្វកណ្តុរនោះ ។
ឈ្មួញកណ្តាលដែលមកប្រមូលទិញកណ្តុររស់ពីពលរដ្ឋនៅស្រុកកៀនស្វាយ ខេត្តកណ្តាលបានឲ្យដឹងថា ជំនួញសត្វកណ្តុរនេះគាត់រកស៊ីជាង ១០ឆ្នាំហើយ ដោយដើរប្រមូលទិញដឹកយកទៅបោះលក់បន្តឲ្យឈ្មួញវៀតណាមនៅត្រឹមព្រំដែន។ បន្ទាប់មកគេមក សាងបន្តក្នុង១គីឡូក្រាមចំណេញ បានពី៥០០ទៅ ៦០០រៀលដែរខណ:គាត់ទិញមកតម្លៃតែ៤០០០រៀលទៅ៤៥០០រៀល។ រីបងប្អូនវៀតណាមទិញយកកណ្តុរទៅធ្វើអ្វីនោះរូបគាត់មិនបានដឹងទេ ។
ដោយឡែកបងប្អូនអ្នករកកណ្តុរនៅក្នុងស្រុកកៀនស្វាយវិញ បានប្រាប់ថា ពួកគាត់ខ្លះ ក្រៅពីមុខ របរធ្វើស្រែចម្ការ បានឆ្លៀតងាក មករកចាប់កណ្តុរលក់ឲ្យឈ្មួញវៀតណាមគ្រាន់បានប្រាក់កាស ជួយដោះស្រាយជីវភាពបន្ថែមច្រើនឆ្នាំមកហើយ។ ដោយឡែកក្នុងដំណាក់ កាលនៃវិបត្តិកូវីដ-១៩ ដែលកំពុង រីករាលដាល នាពេលបច្ចុប្បន្ន ពួកគាត់ចាប់របរចាប់កណ្តុរលក់នេះ យកទៅលក់ឲ្យឈ្មួញកណ្តាលបានកម្រៃគួរសម។
ពួកគាត់បន្តថាការចាប់កណ្តុរលក់នេះ មានរយ:ពេលជិត១០ឆ្នាំមកហើយ ។ រីឯបច្ចេកទេស នៃការចាប់កណ្តុរ គឺនៅខែគោក យកផ្លែពោតដាក់ចូលក្នុងអង្គប់ដើរ ដាក់តាមព្រៃនៅពេលយប់ លុះព្រឹកឡើងទើបដើរមើលប្រមូលយកកណ្តុរជាប់អង្គប់ ។ ចំណែកខែទឹកឡើងត្រូវជិះទូក ប្រើឧបករណ៍ឆក់ឲ្យសន្លប់ រួចយកកន្ត្រងដួស កណ្តុរហែលទឹក ចេញពីត្រឹប មួយយប់ៗ បានពីជាង ៣០គីឡូក្រាមទៅជាង ៤០គីឡូក្រាមឯណោះ ។ពួកគាត់យកលក់ឲ្យឈ្មួញ ដែលចុះមកទិញ ដល់ចំណតទូក បានពី៥ម៉ឺនទៅ ៦ម៉ឺនរៀលដែរក្នុងម្នាក់ៗក្នុង១ថ្ងៃ ។
បងប្អូនអ្នករកស៊ីចាប់ កណ្តុរលក់ទាំងនោះនិយាយទៀតថា នៅខែវស្សា ស្រួលរកកណ្តុរជាងខែប្រាំង ប៉ុន្តែសម្រាប់ ឆ្នាំនេះទឹកតូចរកកណ្តុរបាន តិចជាងឆ្នាំមុនៗ ហើយលក់បាន តម្លៃទាបទៀត គឺ១គីឡូក្រាមត្រឹមតែ ៣.០០០ទៅ ជាង៣.០០០រៀលប៉ុណ្ណោះ ។ ចំណែកកាលពីឆ្នាំមុន ឈ្មួញទិញ១គីឡូក្រាម៤.០០០ទៅជាង៤០០០រៀលឯណោះ ។
សូមបញ្ជាក់ថា នៅកម្ពុជាកណ្តុរត្រូវបានគេចាត់ ទុកជាប្រភេទសត្វចង្រៃ ដែលតែងតែ កាត់បំផ្លិច បំផ្លាញផលដំណាំ និងទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ សឹង គ្រប់ទីកន្លែង ។ ប៉ុន្មានឆ្នាំមកនេះកណ្តុរ ក៏បានផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនប្រមាញ់យកទៅលក់ ឲ្យឈ្មួញបានប្រាក់ សម្រាប់ ផ្គត់ផ្គង់ ជីវភាពគ្រួសារ បានមួយកម្រិតដែរ។៕
ដោយ÷ប្រាថ្នា