សម្ពាធការងារបានសង្កត់ធ្ងន់នៅលើស្មាក្រុមចារកិច្ចការពារប្រធានាធិបតីអាមេរិកដោយពួកគេត្រូវធ្វើការយ៉ាងហត់នឿយដើម្បីការពារប្រមុខដឹកនាំឲ្យមានសុវត្ថិភាព១០០ភាគរយ។ ក្រុមការពារប្រធានាធិបតីគឺជារនាំងការពាររស់ ដែលអាចយករាងកាយទៅបាំងលោកត្រាំពេលមានហេតុការណ៍វាយប្រហារកើតឡើង។
សកម្មភាពការពាររបស់ក្រុមចារកិច្ចកាន់តែរងសម្ពាធខ្លាំងក្រោយពីមន្ត្រីជាច្រើនរូបឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក។ សារព័ត៌មាន Washington Post បានផ្សាយថា មានមន្ត្រីក្រុមចារកិច្ចការពារលោកត្រាំ ដល់ទៅ១៣០នាក់បានឆ្លងកូវីដ-១៩ ក្នុងពេលដែលអមការពារលោកពេលឃោសនាបោះឆ្នោត។
ការឆ្លងកូវីដ-១៩ បានធ្វើឲ្យក្រុមការពារប្រធានាធិបតីត្រាំត្រូវបាត់បង់សមាជិកប្រមាណ១០ភាគរយដោយសារតែអ្នកទាំងនោះត្រូវធ្វើចត្តាឡីស័ក ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ។ គិតតាំងពីខែមីនាមកទល់ពេលនេះ មានមន្ត្រីនិងបុគ្គលិកការពារលោកត្រាំដល់ទៅជាង៣០០នាក់ត្រូវធ្វើចត្តាឡីស័ក ដោយឆ្លងកូវីដ-១៩។
កន្លងមកប្រធានាធិបតីត្រាំ បានឆ្លងកូវីដ-១៩ ហើយក្រៅពីនេះនៅមានមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដូចជា ប្រធានការិយាល័យសេតវិមាន លោកMark Meadows ទីប្រឹក្សានយោបាយ លោក Corey Lewandowski និង David Bossie ។
បច្ចុប្បន្ន លោកត្រាំបានទៅខាងក្រៅជួបក្រុមបាតុករគាំទ្រលោកដែលធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីត្រាំ ដឹកនាំអាមេរិក៤ឆ្នាំទៀត។ សកម្មភាពទាំងនោះ នឹងធ្វើឲ្យក្រុមចារកិច្ចការពារកាន់តែរងសម្ពាធធ្ងន់ ដែលត្រូវការពារប្រធានាធិបតីឲ្យបានល្អផុត៕ ដោយ៖ធីរីណា