ក្រុមចារកិច្ចការពារលោកត្រាំ ១៣០នាក់ឆ្លងកូវីដ​-១៩​

ចែករំលែក៖

សម្ពាធ​ការងារបានសង្កត់ធ្ងន់នៅលើស្មាក្រុមចារកិច្ចការពារប្រធានាធិបតីអាមេរិកដោយពួកគេត្រូវធ្វើការយ៉ាងហត់នឿយដើម្បីការពារប្រមុខដឹកនាំឲ្យមានសុវត្ថិភាព​១០០ភាគរយ​។ ក្រុមការពារប្រធានាធិបតីគឺជារនាំងការពាររស់ ដែលអាចយករាងកាយទៅបាំងលោកត្រាំពេលមានហេតុការណ៍វាយប្រហារកើតឡើង​។
សកម្មភាពការពារ​របស់ក្រុមចារកិច្ច​កាន់តែរងសម្ពាធខ្លាំង​ក្រោយពីមន្ត្រីជាច្រើនរូបឆ្លងកូវីដ​-១៩​ជាបន្តបន្ទាប់ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក​។ សារព័ត៌មាន Washington Post បានផ្សាយថា មានមន្ត្រីក្រុមចារកិច្ច​ការពារលោកត្រាំ ដល់ទៅ​១៣០នាក់បានឆ្លងកូវីដ​-១៩​ ក្នុងពេលដែលអមការពារលោកពេលឃោសនាបោះឆ្នោត​។
ការឆ្លងកូវីដ​-១៩ បានធ្វើឲ្យក្រុមការពារប្រធានាធិបតីត្រាំត្រូវបាត់បង់សមាជិកប្រមាណ​១០ភាគរយ​ដោយសារតែអ្នកទាំងនោះត្រូវធ្វើចត្តាឡីស័ក​ ក្រោយរកឃើញវិជ្ជមានកូវីដ​-១៩ ។ គិតតាំងពីខែមីនាមកទល់ពេលនេះ មានមន្ត្រីនិងបុគ្គលិកការពារលោកត្រាំដល់ទៅជាង៣០០នាក់ត្រូវធ្វើចត្តាឡីស័ក ដោយឆ្លងកូវីដ​-១៩​។
កន្លងមកប្រធានាធិបតីត្រាំ បានឆ្លងកូវីដ​-១៩ ហើយក្រៅពីនេះនៅមានមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត​​ដូចជា ប្រធានការិយាល័យសេតវិមាន លោកMark Meadows ទីប្រឹក្សានយោបាយ លោក Corey Lewandowski និង David Bossie ។
បច្ចុប្បន្ន លោកត្រាំ​បានទៅខាងក្រៅជួបក្រុមបាតុករគាំទ្រលោកដែលធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីត្រាំ ដឹកនាំអាមេរិក​៤ឆ្នាំទៀត​។ សកម្មភាពទាំងនោះ នឹងធ្វើឲ្យក្រុមចារកិច្ចការពារកាន់តែ​រងសម្ពាធធ្ងន់ ដែលត្រូវការពារ​ប្រធានាធិបតីឲ្យបានល្អផុត៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print