ក្រសួងពាណិជ្ជកម្ម​ ប្រកាសផ្អាក​ការតាំងពិព័រណ៍​បង្ហាញ​ផលិតផល​ខ្មែរ ​រដូវ​កាល​ទី​៥ នៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូច្នេះក្រសួងត្រូវផ្អាកការពិព័រណ៍​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥ នៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ បណ្ដោះអាសន្នសិន។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម ក៏បានប្រកាស​លើក​ពេល​រៀបចំ​ពិព័រណ៍​ផលិតផល​នេះ ទៅ​ពេល​ក្រោយ​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ថមថយ​សិន មុននឹង​ក្រសួង​ចេញ​ការសម្រេច​រៀបចំ​ការតាំង​បង្ហាញ​ផលិតផល​ជាថ្មី​។​

​ជាក់ស្តែង នៅក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការរៀបចំ​ពិព័រណ៍​នៅ​ខេត្តសៀមរាប នឹងចាប់ពី​ថ្ងៃទី ២១ ដល់​២៤ ខែ​វិច្ចិកា និង​នៅ​ខេត្តព្រះវិហារ ថ្ងៃទី​២៣​ដល់​២៦​ខែ វិច្ចិកា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បន្ត​គំរាមកំហែង​នោះ ទើប​ក្រសួង​សម្រេច​ផ្អាក​ជាបណ្ដោះអាសន្នសិន​។​

​សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុ​ជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣០២​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​២៨៩ ខណៈ​អ្នកជំងឺ​១៣​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​ ចំណែក​មនុស្ស​ជាង​១​ពាន់​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​។ ខណៈពួកគេ​ទាំងនោះ ជា​អ្នក​ប្រាស្រ័យ​នឹង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ វិច្ឆិកា​។​លោក Peter Szijjarto ត្រូវបាន​គេ​រកឃើញ​មាន​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ ក្រោយ​ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​។​

គួរបញ្ជាក់ថា ជុំវិញ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មន្ត្រី ក៏ដូចជា​អ្នកពាក់ព័ន្ធ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក បន្ត​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ត្រឹមត្រូវ ដើម្បី​បង្ការ​ហានិភ័យ និង​ឆ្លង​ចូល​សហគមន៍​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print