អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់បានស្លាប់ និងជាង ១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានករណីអគ្គិភ័យមួយឆាបឆេះនៅអគារជាន់ក្រោមមួយកន្លែង ក្នុងទីក្រុងហុងកុងកាលពីយប់ថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ។ នេះបើតាមការអះអាងពីក្រុមប៉ូលីសជំនាញ ផ្នែកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង។
ករណីគ្រោះអគ្គិភ័យឆាបឆេះខាងលើនេះ បានកើតឡើងប្រហែលម៉ោង ៨យប់ (ម៉ោងនៅហុងកុង) នៅប្លុកអគារមួយកន្លែងតាមបណ្តោយផ្លូវCanton ក្នុងតំបន់ Jordan ។ ប៉ុន្តែភ្លាមៗនោះ បន្ទាប់ពីមានការចុះជួយអន្តរាគមន៍ពីសំណាក់ក្រុមអ្នកពន្លត់អគ្គិភ័យ អស់រយៈពេលពីរម៉ោងក្រោយមក អគ្គិភ័យត្រូវបានរលត់ទៅវិញ ។
ដោយឡែកក្រោយហេតុការណ៍កើតឡើង នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសម្តែងការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយលោកស្រី ក៏បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលអ្នករងរបួស និងបើកការស៊ើបអង្កេតស្វែងរកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើង៕ដោយ៖ស តារា