អា​រ៉ា​ប៊ី​សា​អូឌីត​៖ រិះគន់រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការហាម​លក់​អាវុធ​ឲ្យ​ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ២០២០ អា​រ៉ា​ប៊ី​សា​អូឌីត​ បានរិះគន់រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការហាម​លក់​អាវុធ​ឲ្យ​ខ្លួន​។ ការលើកឡើងបែបនេះ ខណៈរដ្ឋមន្ត្រីការបរទេស​ប្រទេស​មហាអំណាច​តំបន់​មជ្ឈិមបូព៌ា​មួយនេះ បានអះអាងថា​ ការហាមឃាត់​នេះ ជា​រឿង​ខុស និង​មិន​សម​ហេតុផល ហើយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត មិន​ត្រូវការ​សម្ភារៈ​យោធា​របស់​អាល្លឺម៉ង់​ទៀតឡើយ​។

បើតាម​សារព័ត៌មាន Al Jazeera បានចុះផ្សាយថា មន្ត្រីជានខ្ពស់​ទីក្រុង​រី​យ៉ា​ដ បាន​រិះគន់​ចំណាត់ការ​របស់​អាល្លឺម៉ង់​ចំពោះ​ការហាម​លក់​អាវុធ​ជាច្រើន​ឆ្នាំ​មកនេះ​។ ខណៈរដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត លោក Adel al-Jubeir បានលើកឡើងថា​៖« គំនិត​ដែល​គិតថា កា​ឈប់​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយសារ​សង្គ្រាម​នៅ​យេ​ម៉ែន ជា​រឿង​មិន​សម​ហេតុផល​»​។ បន្ថែមពីនេះលោក​បន្តទៀតថា គំនិត​ខាងលើនេះ​គឺ​ខុស​ដោយសារតែ​សង្គ្រាម​នៅ​យេ​ម៉ែន ជា​សង្គ្រាម​ស្របច្បាប់​។​

ជុំវិញបញ្ហានេះដែរ ប្រទេសអាល្លឺម៉ង់ ក៏ដូចជា​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន បាន​ផ្អាក​ការលក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ដោយសារ ប្រតិបត្តិការ​យោធា​របស់​ប្រទេស​នេះ​ក្នុង​សង្គ្រាមស៊ីវិល​នៅ​យេ​ម៉ែន​។ ប្រតិបត្តិការ​យោធា​នេះ ត្រូវបាន​អង្គការសហប្រជាជាតិ ចាត់ទុកថា​ជាដើម​ហេតុ​នៃ​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​។ ព្រោះជាក់ស្តែងបម្រាម​នេះ កើតឡើងក្រោយ​អង្គការសិទ្ធិមនុស្ស​រិះគន់ អា​រ៉ា​ប៊ី​សា​អូឌីត និង​សម្ព័ន្ធមិត្ត​ដែល​បើក​ប្រតិបត្តិ​ការវាយប្រហារ​ផ្លូវអាកាស សម្លាប់​ជន​ស៊ីវិល និង​បាញ់​សំដៅ​មន្ទីរពេទ្យ សាលារៀន និង​ផ្សារ​ជាដើម​។​

​បើនិយាយមែនទែនទៅ បម្រាម​លក់​អាវុធ​របស់​អាល្លឺម៉ង នឹង​ត្រូវអស់​សុពលភាព​នៅ​ថ្ងៃទី​៣១ ខែធ្នូ​ខាងមុខ បន្ទាប់ពី​បាន​ពន្យារពេល​ជាច្រើនលើក​។ ភាគី​ទាំងពីរ រំពឹងថា នឹង​ពិភាក្សា​ពី​រឿងនេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​ខាងមុខ​។ អា​រ៉ា​ប៊ី​សា​អូឌីត​ធ្លាប់​លើកឡើងថា ខ្លួន​អាច​ទិញ​អាវុធ​ពី​ប្រទេស​ជាច្រើន​ផ្សេងទៀត​បើ​អាល្ល​ម៉​ង់​មិន​លក់​ឲ្យ​ទេ​នេះ​។ ត្រង់ចំណុចនេះ លោក al-Jubeir និយាយថា ការមិន​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត នឹងមិន​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អ្វី​ឡើយ​។​

​សូមជម្រាបថា មុននឹង​ដាក់​បម្រាម អាល្លឺម៉ង់​នាំចេញ​អាវុធ​ទៅ​អា​រ៉ា​ប៊ី​សា​អូ​ឌី​ក្នុងតម្លៃ​៥៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ អា​រ៉ា​ប៊ី​សា​អូឌីត លូកដៃ​ចូលក្នុង​សង្គ្រាមស៊ីវិល​នៅ​យេ​ម៉ែន​តាំងតែ​ពី​ឆ្នាំ​២០១៥​មក ដោយ​បើក​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​យេ​ម៉ែន​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ដឹកនាំ​ដោយ​ប្រធានាធិបតី Abd-Rabbu Mansour Hadi​។​

បើយោងតាម​វិទ្យាស្ថាន SIPRI របស់​ស៊ុយអែត អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ប្រទេស​នាំចូល​អាវុធ​ច្រើនជាងគេបង្អស់​ក្នុង​លោក​ពី​ឆ្នាំ​២០១៤ ដល់​២០១៨ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១៦,៩​ពាន់​លាន​ដុល្លារ ក្នុងនោះ​៤,៩​ពាន់​លាន​ដុល្លារ​ជាការ​ចំណាយ​លើ​អាវុធ​នាំចូល​ពី​ប្រទេស​អឺរ៉ុប​។​

​គួរបញ្ជាក់ថា សង្គ្រាមស៊ីវិល​នៅ​យេ​ម៉ែន ដែលមាន​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីរ៉ង់​លូកដៃ នាំ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ទៅក្នុង​វិបត្តិ​មនុស្សធម៌​អាក្រក់​បំផុត​ក្នុង​ពិភពលោក​។ មនុស្ស​ចំនួន​១​សែន​នាក់ បាន​ស្លាប់ និង​ជន​ស៊ីវិល​១២,០០០​នាក់​ផ្សេងទៀត​បាត់បង់​ជីវិត​។ កម្មវិធី​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​(WFP) ព្រមាន​ពី​គ្រោះអាសន្ន​ដែល​ប្រជាជន​យេ​ម៉ែន​២៤​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print