អន្តរជាតិ៖ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ថា អង្គការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវករណីជំងឺ COVID-19 នៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅទ្វីបអឺរ៉ុប និងអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រមុខដឹកនាំអង្គការសុខភាពពិភពលោកលោករូបនេះ មានប្រសាសន៍ថា៖«ឥឡូវនេះយើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងនូវករណី ដែលយើងមើលឃើញនៅក្នុងប្រទេសមួយចំនួន»។ លោកបានបន្ថែមថា ប្រទេសដែលមិនយកចិត្តទុកដាក់ជាមួយជំងឺនេះគឺដូចជាកំពុងប្រលែងជាមួយភ្លើង ព្រោះថាយើងនៅប្រឈមជាមួយការស្លាប់ និងផលប៉ះពាល់រយៈពេលវែងជាច្រើនទៀត។
ជាក់ស្តែង កាលពីថ្ងៃចន្ទទី១៦ វិច្ឆិកាម្សិលមិញ បើយោងតាមស្ថិតិចុងក្រោយរបស់អង្គការសុខភាពពិភពលោកគិតត្រឹមម៉ោង ២ និង ៥៩នាទី(CET) បានឱ្យដឹងថា ការិយាល័យប្រចាំតំបន់របស់អង្គការនៅអឺរ៉ុបនិងអាមេរិក បានកត់ត្រាករណីសរុបចំនួន ១៥ ២៦៦ ៣៩០ នាក់ នៅទ្វីបអឺរ៉ុប និងករណីចំនួង ២៣ ១៩០ ៧៧២ សម្រាប់ទ្វីបអាមេរិក ដែលរួមមានការស្លាប់ចំនួន ៣៤៤ ៤៥៩ នាក់ នៅទ្វីបអឺរ៉ុប និង ៦៧៩ ២០១២នាក់ នៅទ្វីបអាមេរិក។ព្រោះតំបន់ទាំង ២ បានកត់ត្រាច្រើនជាង ៧០ ភាគរយ នៃករណីដែលបានបញ្ជាក់ទូទាំងសកល និងជាង ៧៧ ភាគរយនៃអ្នកស្លាប់ទាំងអស់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក។
ជាមួយគ្នានេះ ប្រមុខWHO បានសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកនិងដៃគូរបស់ខ្លួន កំពុងធ្វើការជាមួយរដ្ឋាភិបាល និងថ្នាក់ដឹកនាំសុខភាព ដើម្បីធានាបាននូវការធានារ៉ាប់រងសម្រាប់បុគ្គលិកសុខាភិបាល និងសម្រាប់សេវាសុខភាពចាំបាច់ ដើម្បីបន្តធ្វើការដោយសុវត្ថិភាពនិងមានម៉ាស់ ស្រោមដៃ និងឧបករណ៍ការពារផ្សេងទៀតគ្រប់គ្រាន់។
មិនតែប៉ុណ្ណោះលោក Tedros បានព្រមានថា ភាពព្រងើយចំពោះវីរុសនេះ ដោយមិនប្រើឧបករណ៍ការពារគ្រប់គ្រាន់ អាចបណ្តាលឱ្យមានការស្លាប់ ការរងទុក្ខ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសេដ្ឋកិច្ច ហើយលោកក៏បានស្នើឱ្យរដ្ឋាភិបាលដាក់ការរឹតបន្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាតត្បាតនេះ៕ដោយ៖ស តារា