អន្តរជាតិ៖ កាពីថ្ងៃទី១៧ វិច្ឆិកាម្សិលមិញនេះ សភាថៃ បានបើកកិច្ចប្រជុំពិភាក្សាដេញដោលលើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាការទាមទារមួយរបស់ក្រុមបាតុករ បាននាំគ្នាធ្វើបាតុកម្មរាប់សប្ដាហ៍មកនេះ ដើម្បីសម្រេចថា សំណើណាមួយនឹងត្រូវយកមកពិចារណានៅដំណាក់កាលបន្ទាប់ ខណៈនាកិច្ចប្រជុំនេះ នឹងពិភាក្សាលើសំណើកែរដ្ឋធម្មនុញ្ញចំនួន៧ ។
សូមជម្រាបដែរថា ស្របពេលដែលសភាកំពុងប្រជុំ បាតុករប្រឆាំងបានប៉ះទង្គិចជាមួយប៉ូលីសនៅខាងក្រៅបរិវេណអាគារ ស្របពេលក្រុមគាំទ្ររដ្ឋាភិបាលក៏ជួបជុំក្បែរនោះដែរ។
តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាថៃ ត្រូវបោះឆ្នោតយល់ព្រមលើសេចក្តីព្រាងច្បាប់ណាមួយក្នុងចំណោមសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៧ ក្រោយកិច្ចប្រជុំពីរថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃទី១៧ ខែវិច្ឆិកា។
ជាក់ស្តែងចំពោះសេចក្តីព្រាងច្បាប់ចំនួន៦ដោយឡែកពីគ្នា ដែលស្នើដោយរដ្ឋាភិបាល និងគណបក្សប្រឆាំងត្រូវបានជជែកគ្នារួចរាល់ហើយតាំងពីខែកញ្ញាមកម្ល៉េះ។ ប៉ុន្តែការបោះឆ្នោតត្រូវបានផ្អាកដោយសារសមាជិកព្រឹទ្ធសភា និងរដ្ឋាភិបាលស្នើបង្កើតគណៈកម្មការ ដើម្បីសិក្សាពីសេចក្តីព្រាងច្បាប់ទាំង៦ខាងលើ។ រីឯសេចក្តីព្រាងច្បាប់ទី៧ ស្នើឡើងដោយក្រុមសង្គមស៊ីវិល iLaw ដែលមានអ្នកគាំទ្រចំនួន១សែននាក់។
បើតាមលោក Wirach Ratanasate តំណាងរាស្ត្របក្សកាន់អំណាច បាននិយាយថា សភា នឹងប្រជុំពិភាក្សា១៤ម៉ោង បន្ទាប់មកនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ណាមួយក្នុងចំណោម៧។ ខណៈសេចក្តីព្រាងច្បាប់ចំនួន៣ រួមទាំងរបស់ក្រុមសង្គមស៊ីវិល(iLaw) ផង ក៏ស្នើឲ្យបង្កើតសភាធម្មនុញ្ញដើម្បីសរសេររដ្ឋធម្មនុញ្ញថ្មី។
បើតាមកាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា គណបក្សប្រឆាំងចំនួន៦ ដែលដឹកនាំដោយបក្ស Pheu Thai បញ្ជាក់ពីការគាំទ្រសេចក្តីព្រាងច្បាប់ទាំង៧។ ចំណែកបក្សឆ្ពោះទៅមុខ យកសេចក្តីព្រាងច្បាប់ iLaw មកធ្វើជាសេចក្តីព្រាងច្បាប់គោលក្នុងការពិភាក្សា។
គួរជម្រាបថា ខណៈសមាជិកសភាកំពុងជជែកពីសំណើកែរដ្ឋធម្មនុញ្ញ អាគារវិមានសភាវិញ មានការការពារយ៉ាងតឹងតែង និងមានការរឹតត្បិតការចេញចូល ដោយបាតុករទាំងប្រឆាំង ទាំងគាំទ្របានជួបជុំគ្នានៅខាងក្រៅ។ ប៉ុន្តែប៉ូលីសទីក្រុងបាងកក បានដាក់កងកម្លាំងចំនួន១,៣៥០នាក់ដើម្បីការពារ។ បន្ថែមពីនេះ ប៉ូលីសថៃ ថែមទាំងបានរៀបចំផែនការក្នុងការជម្លៀសតំណាងរាស្ត្រក្នុងករណីបាតុករអុកឡុកក្នុងសភាផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១៧ វិច្ឆិកាម្សិលមិញនេះ បាតុករមួយក្រុមតូចដែលជាក្រុមរាជានិយម បានបង្ហាញខ្លួននៅមុខសភា ដើម្បីប្រឆាំងនឹងការធ្វើវិសោធនកម្មនេះ។ ក្រុមបាតុករ ក៏មានបំណងសុំឲ្យតុលាការធម្មនុញ្ញផ្អាកដំណើរការវិសោធនកម្មនេះផងដែរ។ ព្រោះនៅរសៀលថ្ងៃដដែល ខណៈសភាកំពុងប្រជុំ ប៉ូលីសបង្ក្រាបបាតុកម្មបានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករដែលប៉ុនប៉ងទម្លុះរនាំងរបស់ប៉ូលីស។
ជុំវិញបញ្ហានេះ ប្រធានសភាថៃ លោក Chuan Leekpai ក៏បានអះអាងថា លោកមិនរំពឹងថា នីតិវិធីក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានរារាំងឡើយដោយបាតុករឡើយ។ ដោយសំដៅបាតុករ លោកនិយាយថា កុំដាក់សម្ពាធលើតំណាងរាស្ត្រក្នុងការបោះឆ្នោត ហើយយល់ល្អគួរឲ្យតំណាងរាស្ត្របោះឆ្នោតដោយឯករាជ្យ៕ដោយ៖ស តារា