សភា​ថៃ៖ ​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​លើ​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយការទាមទារ​​បាតុករ

ចែករំលែក៖

អន្តរជាតិ៖ កាពីថ្ងៃទី​១៧ វិច្ឆិកា​ម្សិលមិញនេះ សភា​ថៃ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​លើ​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែលជា​ការទាមទារ​មួយ​របស់​ក្រុមបាតុករ បាននាំគ្នាធ្វើបាតុកម្ម​រាប់​សប្ដាហ៍​មក​នេះ ដើម្បី​សម្រេច​ថា សំណើ​ណាមួយ​នឹងត្រូវ​យកមក​ពិចារណា​នៅ​ដំណាក់កាល​បន្ទាប់​ ខណៈនាកិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​លើ​សំណើ​កែ​រដ្ឋធម្មនុញ្ញ​ចំនួន​៧ ។

សូមជម្រាបដែរថា ស្របពេល​ដែល​សភា​កំពុង​ប្រជុំ បាតុករ​ប្រឆាំង​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅ​ខាងក្រៅ​បរិវេណ​អាគារ ស្របពេល​ក្រុមគាំទ្រ​រដ្ឋាភិបាល​ក៏​ជួបជុំ​ក្បែរ​នោះដែរ​។

​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ថៃ ត្រូវ​បោះឆ្នោត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ណាមួយ​ក្នុងចំណោម​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន​៧ ក្រោយ​កិច្ចប្រជុំ​ពីរ​ថ្ងៃ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​។

​ជាក់ស្តែងចំពោះសេចក្តីព្រាងច្បាប់​ចំនួន​៦​ដោយឡែក​ពីគ្នា ដែល​ស្នើ​ដោយ​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​ត្រូវបាន​ជជែក​គ្នា​រួចរាល់​ហើយ​តាំងពី​ខែកញ្ញា​មកម្ល៉េះ។ ប៉ុន្តែ​ការបោះឆ្នោត​ត្រូវបាន​ផ្អាក​ដោយសារ​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋាភិបាល​ស្នើ​បង្កើត​គណៈកម្មការ​ ដើម្បី​សិក្សា​ពី​សេចក្តីព្រាងច្បាប់​ទាំង​៦​ខាងលើ​។ រីឯសេចក្តីព្រាងច្បាប់​ទី​៧ ស្នើឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល iLaw ដែលមាន​អ្នកគាំទ្រ​ចំនួន​១​សែន​នាក់​។

​បើតាមលោក Wirach Ratanasate តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ បាននិយាយថា សភា នឹង​ប្រជុំពិភាក្សា​១៤​ម៉ោង បន្ទាប់មក​នឹង​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ណាមួយ​ក្នុងចំណោម​៧​។ ខណៈសេចក្តីព្រាងច្បាប់​ចំនួន​៣ រួមទាំង​របស់​ក្រុម​សង្គម​ស៊ីវិល​(iLaw) ផង ក៏​ស្នើ​ឲ្យ​បង្កើត​សភាធម្មនុញ្ញ​ដើម្បី​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​។

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ បានចុះផ្សាយថា គណបក្សប្រឆាំង​ចំនួន​៦ ដែល​ដឹកនាំ​ដោយ​បក្ស Pheu Thai បញ្ជាក់​ពី​ការគាំទ្រ​សេចក្តីព្រាងច្បាប់​ទាំង​៧​។ ចំណែក​បក្ស​ឆ្ពោះទៅមុខ   យក​សេចក្តីព្រាងច្បាប់ iLaw មក​ធ្វើជា​សេចក្តីព្រាងច្បាប់​គោល​ក្នុងការ​ពិភាក្សា​។​

​គួរជម្រាបថា ខណៈ​សមាជិកសភា​កំពុង​ជជែក​ពី​សំណើ​កែ​រដ្ឋធម្មនុញ្ញ អាគារ​វិមាន​សភា​វិញ មានការ​ការពារ​យ៉ាង​តឹងតែង និង​មានការ​រឹតត្បិត​ការចេញចូល ដោយ​បាតុករ​ទាំង​ប្រឆាំង ទាំង​គាំទ្រ​បាន​ជួបជុំគ្នា​នៅ​ខាងក្រៅ​។ ប៉ុន្តែប៉ូលីស​ទីក្រុង​បាងកក បានដាក់​កងកម្លាំង​ចំនួន​១,៣៥០​នាក់​ដើម្បី​ការពារ​។ បន្ថែម​ពីនេះ ប៉ូលីស​ថៃ​ ថែមទាំង​បានរៀបចំ​ផែនការ​ក្នុងការ​ជម្លៀស​តំណាងរាស្ត្រ​ក្នុងករណី​បាតុករ​អុកឡុក​ក្នុង​សភា​ផងដែរ​។

​ជាក់ស្តែងនា​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកាម្សិលមិញនេះ បាតុករ​មួយក្រុម​តូច​ដែលជា​ក្រុម​រាជានិយម បានបង្ហាញ​ខ្លួន​នៅមុខ​សភា ដើម្បីប្រឆាំងនឹង​ការធ្វើ​វិសោធន​កម្មនេះ​។ ក្រុមបាតុករ ក៏មាន​បំណង​សុំ​ឲ្យ​តុលាការ​ធម្មនុញ្ញ​ផ្អាក​ដំណើរការ​វិសោធនកម្ម​នេះ​ផងដែរ​។ ព្រោះនៅ​រសៀល​ថ្ងៃដដែល ខណៈ​សភា​កំពុង​ប្រជុំ ប៉ូលីស​បង្ក្រាប​បាតុកម្ម​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក ​ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​ប៉ុនប៉ង​ទម្លុះ​រនាំង​របស់​ប៉ូលីស​។​

​ជុំវិញបញ្ហានេះ ប្រធានសភា​ថៃ លោក Chuan Leekpai ក៏បានអះអាងថា លោក​មិន​រំពឹងថា នីតិវិធី​ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវបាន​រារាំង​ឡើយ​ដោយ​បាតុករ​ឡើយ​។ ដោយ​សំដៅ​បាតុករ លោក​និយាយថា កុំ​ដាក់​សម្ពាធ​លើ​តំណាងរាស្ត្រ​ក្នុងការ​បោះឆ្នោត ហើយ​យល់​ល្អ​គួរ​ឲ្យ​តំណាងរាស្ត្រ​បោះឆ្នោត​ដោយ​ឯករាជ្យ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print