ចិន ប្រកាស​ព្រមានគម្រោង​ប្រមុខ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អាមេរិក ​មក​ទស្សនកិច្ចនៅតៃវ៉ាន់​

ចែករំលែក៖

អន្តរជាតិ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​មន្ត្រីជាន់ខ្ពស់របស់​អាមេរិក​ បានធ្វើដំណើរ​មក​ដែន​កោះ​តៃវ៉ាន់ ​រាប់​ចាប់តាំងពី​ខែសីហា​មក​ម្ល៉េះ បើទោះជារដ្ឋាភិបាលចិន​ បានចេញមក​ព្រមាន​យ៉ាងណាក៏ដោយ។ ស្រាប់តែនៅ​ថ្ងៃទី​២០ វិច្ឆិកា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បានប្រកាសដូចផ្គើនទៅនិងចិនថា លោក Andrew Wheeler ប្រមុខ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អាមេរិក (EPA)​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​។

ជាក់ស្តែងតៃវ៉ាន់ បានប្រកាស​ពី​គម្រោង​ប្រមុខ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អាមេរិក​មក​តៃវ៉ាន់ ស្រប​ពេលដែល​ទំនាក់ទំនង​អាមេរិក និង​ចិន​កំពុង​អាប់អួរ​ដោយសារ​បញ្ហា​ជាច្រើន និង​ក្រោយពេល​ចិន​ទើបនឹង​តវ៉ា​ក្រោយ​រឿង​អាមេរិក​លក់​អាវុធ​ទៅ​តៃវ៉ាន់​។​

បើតាមលោក Su Tseng-chang នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បានលើកឡើងថា៖«​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​លោ​ក​Joseph Wu ប្រមុខ​ភ្នាក់ងារ​បរិស្ថាន​អាមេរិក​នឹងធ្វើ​ដំណើរ​មក​តៃវ៉ាន់ ដើម្បី​ពិភាក្សា​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​បញ្ហា​ការពារ​បរិស្ថាន​»​។នាយករដ្ឋមន្ត្រី​តៃវ៉ាន់ ដោយ​បានអះអាងទៀតថា ​ទស្សនៈកិច្ច​ខាងមុខនេះ នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​ទំនាក់ទំនង​នៃ​ភាគី​ទាំង​២​។​

​បើ​យោងតាម​កាសែត The New York Times ដំណើរ​ទស្សនកិច្ច​រប​ស់លោក​Wheeler នឹងមាន​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​៥ធ្នូ​។ ប៉ុន្តែទោះជា​យ៉ាង លោក Su ពុំទាន់​ប្រាប់​ពី​ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​នេះឡើយ ដោយ​គ្រាន់តែ​អះអាងថា​នឹង​កើតឡើង​ក្នុង​ពេលវេលា​មួយ​ដ៏​សក្តិសម​។

ដោយឡែកលោក​Jame Hewitt អ្នកនាំពាក្យ ​លោក Wheeler ក៏បានអះអាងថា EPA កំពុង​រៀបចំ​សម្រាប់​ការធ្វើដំណើរ ហើយ​ទស្សនកិច្ច​របស់​ប្រមុខ​EPA គឺ​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​លើ​សំណុំរឿង​ដូចជា​ការបំពុល​ក្នុង​សមុទ្រ គុណភាព​ខ្យល់ សុខភាព​កុមារ និង​គំនិត​ផ្តួចផ្តើម Save our Sea​។​

​សូមជម្រាបថា ក្រោយ​តៃវ៉ាន់​ប្រកាស​ដំណឹង​នេះភ្លាមៗ ចិន​ក៏​ប្រកាស​ប្រឆាំងតបវិញ​។ ដោយអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកZhao Lijian បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែវិច្ឆិកាដដែលនេះថា​៖«​ចិន នឹងធ្វើ​ការឆ្លើយតប​ដោយ​ស្របច្បាប់ នឹង​ចាំបាច់​អាស្រ័យ​លើ​ការវិវត្ត​ទៅ​នៃ​ស្ថានការណ៍​»​។​

​លើសពីនេះទៅទៀត រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ម្តង​ហើយ​ម្តងទៀត​លើកឡើងថា បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​គាំទ្រ​តៃវ៉ាន់​។ចំណែក​កាលពី​សប្តាហ៍​កន្លងទៅ លោកស្រី Bi-khim Hsiao​តំណាង​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់ បាន​ជួប​ជជែក​គ្នា​ជាមួយ​លោកAntony Blinken ដែលជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ឌិន​។ អាមេរិក ពុំមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទៀតឡើយ ប៉ុន្តែ​បន្ត​ជា​ផ្គត់ផ្គង់​អាវុធ​ដ៏​ចម្បង​ឲ្យ​តៃវ៉ាន់​។​

​គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​មក​តៃវ៉ាន់ តែងតែ​នាំ​ឲ្យ​ចិន​ប្រតិកម្ម​ក្តៅក្រហាយ ដ្បិតអី​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន​។ បន្ទាប់ពីអាមេរិក កាលពី​ខែសីហា​កន្លងមក ​បាន​បញ្ជូន រដ្ឋមន្ត្រី​សុខ​ភិ​បាល​លោក Alex Azar ​មក​តៃវ៉ាន់ ។ ចំណែក​ក្នុង​ខែកញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​លោក Keith Krach ក៏​បានមក​ធ្វើ​ទស្សនកិច្ច​លើ​កោះ​នេះដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទាំង​២​លើក ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​មក​ហោះ​កៀក​នឹង​ដែន​កោះ​តៃវ៉ាន់​៕ដោយ៖ស តារា

Su Tseng-chang នាយករដ្ឋមន្ត្រី​តៃវ៉ាន់


អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian

លោក Andrew Wheeler ប្រមុខ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អាមេរិក (EPA)​

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print