ភ្នំពេញ ៖ នារីម្នាក់បានបេីករថយន្តម៉ាក Toyota Prius ក្នុងល្បឿនលឿននិងសង្ស័យស្រវឹងស្រាផងនោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៣ និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរផ្សារអូឡាំព្យា តាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បេីតាមសម្ដីសន្តិសុខដែលប្រចាំការនៅក្នុងតំបន់នៃកន្លែងកេីតហេតុខាងលេីបានឲ្យដឹងថា មុនកេីតហេតុគាត់ឃេីញរថយន្តម៉ាក Toyota Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB-7881 បើកតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពី
កេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្ម(ក្បាលនាគ)ពុះចែកទ្រូងផ្លូវបាក់អស់១កង់ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ។ ប្រភពដដែលបានបន្តថា ក្រោយកេីតហេតុនារីដែលជាអ្នកបើកបរបានបេីកទ្វាររថយន្តចេញមកទាំងអាការស្រវឹងស្រា ហេីយបានហៅឡំប្រឺតាជិះចេញពីកន្លែងកេីតហេតុបាត់ ទៅដោយបន្សល់រថយន្តបង្កទុកនៅកន្លែងកេីតហេតុ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌ៧មករាឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ