រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ អនុសញ្ញាស្ដីពីសិទ្ធិជនពិការត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់មន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីមកពីអង្គភាពចំណុះនានានៃទីស្តីការគណៈរដ្ឋមន្ត្រី ប្រមាណជាង ៥០រូបត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ រៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានសហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

«សិក្ខាសាលានេះគឺជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនមានពិការភាពដែលរាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខុមាលភាពរបស់ជនមានពិការភាព»។ នេះគឺជាការថ្លែងរបស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជន ពិការជូនមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី។

តាមរយៈសិក្ខាសាលានេះ លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានស្នើឲ្យមានការយកចិត្តទុកដាក់ និងគិតគូរអំពីការផ្ដល់មុខតំណែង និងលើកទឹកចិត្តដល់មន្ត្រីរាជការដែលមានពិការភាពកំពុងបំរើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានលើកឡើងអំពីតួនាទីនិងភារកិច្ចដ៏សំខាន់របស់សមាជិកក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីថា ក្រុមការងារនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងធ្វើឲ្យការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការព្រមទាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ឱ្យមានសក្កិសិទ្ធភាព ដើម្បីផលប្រយោជន៍សម្រាប់មន្ត្រីរាជការដែលជនមានពិការភាពនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកបន្ថែមថា «នៅកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សង្គមមានការផ្លាស់ប្ដូរបែបវិជ្ជមានជាច្រើនពីការលើកកម្ពស់សិទ្ធិជនមានពិការភាព។ជនពិការត្រូវបានទទួលស្គាល់ថាគឺជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ហើយត្រូវបានផ្ដល់ឱកាសឲ្យចូលរួមក្នុងសកម្មភាពផ្សេងៗស្មើគ្នាក្នុងសង្គម»។

នៅចំពោះមុខសិក្ខាកាមដែលជាមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានសំណូមពរដល់ក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីសូមជួយបញ្ជ្រាបផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ និងអនុសញ្ញាស្ដីពីសិទ្ធិជនពិការទៅក្នុងផែនការសកម្មភាពរបស់នាយកដ្ឋានពាក់ពន្ធ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណាឱ្យកូនមានពិការភាពនិងក្រុមគ្រួសារមានគុណភាពជីវិតល្អនឹងចូលរួមយ៉ាងសំខាន់ពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ។

ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ ជនមានពិការភាពបានគេរកឃើញថាមានចំនួន ២ ៨៦០នាក់ ក្នុងនោះមានស្ត្រីមានពិការភាពចំនួនប្រាំ ៧៨៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ១ ៥៥៧ នាក់បើគិតជាភាគរយស្មើនឹងមួយក៏ដកសញ្ញា ១.៩៥ភាគរយ កំពុងតែបម្រើការនៅក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៤០។ រីឯវិស័យឯកជនរួមមានធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសណ្ឋាគាររោងចក្រ ក្នុងចំណោម ១០២ អង្គភាព
ត្រូវបានគេរកឃើញថាមានជនមានពិការភាពកំពុងបម្រើការចំនួន ៣ ៧៩២នាក់។ បើបូកសរុបទាំងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានជនពិការភាព ៦ ៦៥២នាក់កំពុងតែបម្រើការងារ។

លោក សយ សុខា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា បើពិនិត្យទៅលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបានចែងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាពក្នុងសេចក្តីថ្លៃថ្នូរ និងសិទ្ធិ។ មានន័យថា ជនពិការក៏ដូចជាមនុស្សជាតិទាំងអស់ដែរ គឺត្រូវទទួលបានសិទ្ធិមនុស្សដូចគ្នា ដោយគ្មានការបែងចែកណាមួយឡើយ និងទទួលបានយ៉ាងពេញលេញនូវសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាថា ជនពិការអាចទទួលបានសិទ្ធិរបស់ខ្លួនដោយពុំមានការរើសអើងនោះ មិនមែនជាការងាយស្រួលឡើយ ទោះបីជាមានការការពារដោយសន្ធិសញ្ញាដែលមានជាធរមានក្តី ក៏ជនពិការនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការចូលរួមដោយស្មើភាពគ្នានៅក្នុងសង្គម ដូច្នេះតម្រូវឱ្យយើងអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនេះកាន់តែខ្លាំងក្លាថែមទៀត ស្របតាមគោលការណ៍ទូទៅ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print