អាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ ​ពាក់ព័ន្ធនឹង​អំពើពុករលួយ​

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ លោក Edhy Prabowo រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ និង​នេសាទឥណ្ឌូណេស៊ីត្រូវបាន​ចាប់ខ្លួន​ពីបទ​ទាក់ទិន​នឹង​អំពើពុករលួយ​ ។ នេះបើតាមការអះអាងពីទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី ។

​លោក Nawawi Pomolango អនុប្រធាន​ទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ បាន​បញ្ជាក់ថា មនុស្ស​មួយចំនួន ត្រូវបាន​ឃុំ​ខ្លួប​ណ្តោះ​អាសន្ននៅ​យប់​ថ្ងៃទី ២៤ និង​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ ចំណែក​រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ និង​នេសាទ លោក​Edhy Prabowo ត្រូវបាន​ចាប់ខ្លួននៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា បន្ទាប់ពី​ទើប​មកពី​បរទេស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ហ្សា​ការ​តា​។

​បើតាម​ការចុះផ្សាយ​របស់​កាសែត Jakarta Globe លោក​រដ្ឋមន្ត្រី Edhy ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការនាំចេញ​កូន​បង្កង​ខុសច្បាប់​។​ ប៉ុន្តែយ៉ាងណាក៏ដោយ អនុប្រធាន​ទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ​រូបនេះ បាន​បដិសេធ​បញ្ចេញ​ព័ត៌មាន​លម្អិត​ផ្សេងៗ ដោយ​សំអាងថា ត្រូវ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​បឋម​សិន​។

​លោក Edhy ជា​អ្នកនយោបាយ​របស់​បក្ស​ចលនា​ឥណ្ឌូណេស៊ី និង​បាន​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ និង​នេសាទនៅក្នុង​ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ​។ ប្រសិនបើ​លោក ត្រូវបាន​តុលាការ​រកឃើញថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​មែន​នោះ លោក នឹង​ក្លាយជា​រដ្ឋមន្ត្រី​ទី​៣ ក្នុងគណៈ​រដ្ឋមន្ត្រី​លោក ចូ​កូ វី​ដូ​ដូ ដែល​ត្រូវ​ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។

​គួររម្លឹកដែរថា អតីតរដ្ឋមន្ត្រី​កីឡា​ឥណ្ឌូណេស៊ី លោក Imam Nahrawi នៅក្នុង​ខែមិថុនា​កន្លងមក ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ ពិន័យ​ជា​ប្រាក់ ១,៣​លាន​ដុល្លារ និង​ហាម​ឈរឈ្មោះ​ជាម​ន្ត្រី​សាធារណៈ​រយៈពេល ៤​ឆ្នាំ ពីបទ​លួច​លុយ​សាធារណៈ​ប្រមាណ ៨០​ម៉ឺន​ដុល្លារ​។ នៅក្នុង​ឆ្នាំ​២០១៩ អតីតរដ្ឋមន្ត្រី​សង្គម លោក Idrus Marham ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣​ឆ្នាំពីបទ​ទទួល​សំណូក​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print