ចិន​ ខឹង​សម្បារ​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ការហាម​ប្រាម​ប្រើប្រាស់​កម្មវិធី​ទូរ​ស័ព្ទ (apps)​ចិនចំនួន​៤៣ផ្សេងទៀត

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបង្ហាញពីការខឹងសម្បារទៅនឹងរដ្ឋាភិបាលឥណ្ឌា ចំពោះការហាមប្រាមប្រើប្រាស់កម្មវិធីទូរស័ព្ទ (apps)​ដែលគ្រប់គ្រង និងអភិវឌ្ឍដោយក្រុមហ៊ុនចិនក្រោមហេតុផលសន្តិសុខជាតិ ការហាមនេះ ក្រោយការប៉ះទង្គិចគ្នាតាមព្រំដែនកាលពីខែមិថុនាកន្លងទៅដែលជាសញ្ញានៃការបន្តរចុះដានដាបនៃទំនាក់ទំនងរវាងប្រទេសទាំង២។

ចំពោះការហាមរបស់ឥណ្ឌា មិនមែនជាលើកទីឡើយ ដែលមិនឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ចិនក្រោយការប៉ះទង្គិចគ្នាតាមព្រំដែនឥណ្ឌាបានហាមកម្មវិធីទូរស័ព្ទចំនួន៥៩នៅខែមិថុនា និង១១៨បន្ថែមទៀតក្នុងខែកញ្ញា ចំណែកការហាមលើកទីនេះវិញ ឥណ្ឌាហាមមិនឲ្យប្រើកម្មវិធីចំនួន៤៣ផ្សេងទៀត ដែលក្នុងនោះក៏មានផងដែរកម្មវិធីរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ក្រោមហេតុផលការគំរាមទៅដល់អធិបត្យេភាព និងបូរណភាពឥណ្ឌា

​​ក្រសួងបច្ចេកវិទ្យាអេឡិត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា ការហាមនេះផ្អែកលើទិន្ន័យដែលកម្មវិធីទាំងនោះ ប៉ះពាល់ដល់អធិបត្យេភាព បូរណភាព ការការពារជាតិ និងសន្តិសុខរបស់រដ្ឋ ក៏ដូចសណ្តាប់ធ្នាប់សាធារណៈ

ជាការឆ្លើយតបទៅនឹងការហាមនេះ រដ្ឋាភិបាលចិនបានអះអាងថា ខ្លួនមានសេចក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ ចំពោះការប្រើលេសហេតុផលសន្តិសុខជាតិរបស់ឥណ្ឌា លោក​Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនាសន្និសីទសារព័ត៌មានថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ថា« វិធីសាស្ត្រខាងលើ ច្បាស់ណាស់ បំពាននឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មអន្តរជាតិ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងប្រយោជន៍របស់ក្រុមហ៊ុនចិន​»​ លោក​Zhao បានទាមទារឲ្យឥណ្ឌាពិចារណាសកម្មភាពរើសអើនេះឡើងវិញ ដើម្បីបញ្ចៀសការខូចខាតកាន់តែធ្ងន់ធ្ងរក្នុងទំនាក់ទំនងទ្វេរភាគី

សូមជម្រាបថា ការបិទកម្មវិធីទូរស័ព្ទបន្ថែមនេះ រួមមានកម្មវិធីដឹកជញ្ជូន AliExpress Lalamove ក៏ដូចជាកម្មវិធីណាត់ជួប និងផ្សាយផ្ទាល់ផងដែរ កន្លងទៅឥណ្ឌា បានហាមឃាត់កម្មវិធីដូចជា TikTok, WeChat, Weibo, Bingo Live, Baidu map, UC Browser និងហ្គេមអនឡាញ Mobile Legends​ កម្មវិធីខាងលើនេះ មានអ្នកប្រើប្រាស់ជាច្រើនលាននាក់នៅក្នុងប្រទេសឥណ្ឌា ក្រៅពីនោះ ហ្គេម PUGB Mobile, កម្មវិធីទូទាត់ប្រាក់ Alipay, ហ្គេម MARVEL Super War, កម្មវិធី Taobao ក៏ត្រូវហាម

ក្រោយការប៉ះទង្គិចនៅតាមព្រំដែនកាលពីខែមិថុនាកន្លងទៅ ដែលបណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់បានធ្វើឲ្យទំនាក់ទំនងឥណ្ឌានឹងចិន នៅបន្តមានភាពតានតឹងនឹងគ្នា ចំណែកចិនមិនបានបញ្ជាក់ពីចំនួនទាហានរបស់ខ្លួនដែលស្លាប់នោះទេ ក្រោយការប៉ះទង្គិចនេះ ប្រជាជនឥណ្ឌាបានបញ្ចេញអារម្មណ៍ប្រឆាំងនឹងចិន ដោយអំពាវនាវឈប់ទិញផលិតផលដែលនាំចូលពីចិន

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ឥណ្ឌានាំចូលផលិតផលដូចជារបស់ក្មេងលេង សម្ភារៈក្នុងផ្ទះ សម្ភារៈគ្រឿងយន្ត និងដែកថែបពីចិនដែលមានតម្លៃរហូតដល់ទៅ៧៤,ពាន់លានដុល្លារ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print