ចិន​ ខឹង​សម្បារ​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ការហាម​ប្រាម​ប្រើប្រាស់​កម្មវិធី​ទូរ​ស័ព្ទ (apps)​ចិនចំនួន​៤៣ផ្សេងទៀត

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាល​ចិន​ បានបង្ហាញ​ពី​ការខឹង​សម្បារ​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ការហាម​ប្រាម​ប្រើប្រាស់​កម្មវិធី​ទូរ​ស័ព្ទ (apps)​ដែល​គ្រប់គ្រង និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​។ ការហាម​នេះ ក្រោយ​ការប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កាលពី​ខែមិថុនា​កន្លងទៅ​ ដែលជា​សញ្ញា​នៃ​ការបន្តរ​ចុះ​ដាន​ដាប​នៃ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​២។​

​ចំពោះការហាម​របស់​ឥណ្ឌា មិនមែនជា​លើក​ទី​១​ឡើយ ដែលមិន​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​ ក្រោយ​ការប៉ះទង្គិច​គ្នា​តាម​ព្រំដែនឥណ្ឌា​បាន​ហាម​កម្មវិធី​ទូរស័ព្ទ​ចំនួន​៥៩​នៅ​ខែមិថុនា និង​១១៨​បន្ថែមទៀត​ក្នុង​ខែកញ្ញា​។ ចំណែកការហាម​លើក​ទី​៣​នេះ​វិញ ឥណ្ឌា​ហាម​មិន​ឲ្យ​ប្រើ​កម្មវិធី​ចំនួន​៤៣​ផ្សេងទៀត ដែល​ក្នុងនោះ​ក៏មាន​ផងដែរ​កម្មវិធី​របស់​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ Alibaba ក្រោម​ហេតុផល​ការ​គំរាម​ទៅដល់​អធិប​ត្យេ​ភាព និង​បូរណភាព​ឥណ្ឌា​។​

​​ក្រសួង​បច្ចេកវិទ្យា​អេ​ឡិ​ក​ត្រូ​និក និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​ថា ការហាម​នេះ​ផ្អែកលើ​ទិន្ន័យ​ដែល​កម្មវិធី​ទាំងនោះ ប៉ះពាល់​ដល់​អធិប​ត្យេ​ភាព បូរណភាព ការការពារ​ជាតិ និង​សន្តិសុខ​របស់​រដ្ឋ ក៏​ដូច​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ជាការឆ្លើយតប​ទៅនឹង​ការហាម​នេះ រដ្ឋាភិបាលចិន​ បានអះអាងថា ខ្លួន​មាន​សេចក្តី​បារម្ភ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ការប្រើ​លេស​ហេតុផល​សន្តិសុខ​ជាតិ​របស់​ឥណ្ឌា​។ លោក​Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើកឡើងនា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៥ ខែវិច្ឆិកាឆ្នាំ២០២០ថា​៖« វិធីសាស្ត្រ​ខាងលើ ច្បាស់​ណាស់ បំពាន​នឹង​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិនិង​ប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន​»​។ លោក​Zhao បានទាមទារ​ឲ្យ​ឥណ្ឌា​ពិចារណា​សកម្មភាព​រើស​អើ​ង​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ទំនាក់ទំនង​ទ្វេរ​ភាគី​។​

​សូមជម្រាបថា ការបិទ​កម្មវិធី​ទូរស័ព្ទ​បន្ថែម​នេះ រួមមាន​កម្មវិធី​ដឹកជញ្ជូន AliExpress Lalamove ក៏ដូចជា​កម្មវិធី​ណាត់ជួប និង​ផ្សាយ​ផ្ទាល់​ផងដែរ​។ កន្លងទៅ​ឥណ្ឌា បាន​ហាមឃាត់​កម្មវិធី​ដូចជា TikTok, WeChat, Weibo, Bingo Live, Baidu map, UC Browser និង​ហ្គេម​អន​ឡាញ Mobile Legends​។ កម្មវិធី​ខាងលើនេះ មាន​អ្នកប្រើប្រាស់​ជាច្រើន​លាន​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​។ ក្រៅពីនោះ ហ្គេម PUGB Mobile, កម្មវិធី​ទូទាត់​ប្រាក់ Alipay, ហ្គេម MARVEL Super War, កម្មវិធី Taobao ក៏ត្រូវ​ហាម​។​

ក្រោយ​ការប៉ះទង្គិច​នៅតាម​ព្រំដែន​កាលពី​ខែមិថុនា​កន្លងទៅ ដែល​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​២០​នាក់​ស្លាប់ ​បានធ្វើឲ្យទំនាក់ទំនង​ឥណ្ឌា​នឹង​ចិន នៅ​បន្ត​មាន​ភាព​តានតឹង​នឹង​គ្នា ចំណែក​ចិន​មិនបាន​បញ្ជាក់​ពី​ចំនួន​ទាហាន​របស់ខ្លួន​ដែល​ស្លាប់​នោះទេ​។ ក្រោយ​ការប៉ះទង្គិច​នេះ ប្រជាជន​ឥណ្ឌា​បាន​បញ្ចេញ​អារម្មណ៍​ប្រឆាំងនឹង​ចិន ដោយ​អំពាវនាវ​ឈប់​ទិញ​ផលិតផល​ដែល​នាំចូល​ពី​ចិន​។​

​គួរបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ ឥណ្ឌា​នាំចូល​ផលិតផល​ដូចជា​របស់​ក្មេង​លេង សម្ភារៈ​ក្នុងផ្ទះ សម្ភារៈ​គ្រឿងយន្ត និង​ដែកថែប​ពី​ចិន​ដែលមាន​តម្លៃ​រហូតដល់​ទៅ​៧៤,៩​ពាន់​លាន​ដុល្លារ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print