ការព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយនៅតែមិនអាចជួយបានដល់អ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់ លោក Mohsen Fakhrizadeh ក្រោយការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តរបស់លោក និងការបាញ់ប្រហារដោយកាំភ្លើងទៀតផង។
តាមសារព័ត៌មាន Fars បានផ្សាយថា លោកMohsen Fakhrizadeh អ្នកវិទ្យាសាស្ត្របរមាណូកំពូលរបស់អុីរ៉ង់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាការពារជាតិបានរងការធ្វើឃាតកាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមហាវិថី Mostafa Khomeini ក្នុងតំបន់Absard ។
ក្រសួងការពារជាតិអុីរ៉ង់បានប្រកាសថា រថយន្តនីស្សាន់មួយគ្រឿង ផ្ទុកគ្រាប់រំសេវបានផ្ទុះនៅមុខ រថយន្តដឹកអ្នកវិទ្យាសាស្ត្របរមាណូ។ ក្រោយមក ក្រុមប្រដាប់អាវុធមួយក្រុមបានបាញ់ប្រហារដោយកាំភ្លើងទៅលើអ្នកវិទ្យាសាស្ត្រ បណ្តាលឲ្យរបួសធ្ងន់មិនអាចសង្គ្រោះបាន។ ក្រុមអង្គរក្សការពារក៏បានផ្ទុះអាវុធតបតជាមួយខ្មាន់កាំភ្លើង បណ្តាលឲ្យស្លាប់ពីរនាក់ផងដែរ។
ប៉ុន្មានម៉ោងក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្របរមាណូ កម្លាំងទាហានពិសេសរបស់អុីស្រាអែលបានប្រកាសដោយបើកចំហថា ពួកគេបាន«កម្ចាត់»អ្នកវិទ្យាសាស្ត្របរមាណូជាន់ខ្ពស់របស់អុីរ៉ង់
នៅលើទឹកដីអុីរ៉ង់ ។ អ្នកវិទ្យាសាស្ត្រនោះបានជួយដល់អុីរ៉ង់ក្នុងការបង្កើតកម្មវិធីបរមាណូនិងអាវុធទំនើបៗជាច្រើន។
នៅពេលនេះ អុីរ៉ង់បានប្រកាសថា កម្លាំងកាំជ្រួចមីស៊ីលបានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអុីស្រាអែល ។ ក្រុមអ្នកជំនាញបានលើកឡើងថា អុីរ៉ង់ នឹងវាយប្រហារអុីស្រាអែល ក្នុងរយៈពេល៧២ម៉ោង ក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួន។
អ្នកឯកទេសវិភាគបានលើកឡើងថា ទាំងនោះជាអន្ទាក់របស់អាមេរិក ដើម្បីឲ្យអុីរ៉ង់វាយប្រហារទៅលើអុីស្រាអែល ពេលនោះអាមេរិកនឹងវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសអុីរ៉ង់តែម្តង។ ទាំងនោះជាយុទ្ធសាស្ត្ររបស់លោកត្រាំ មុនពេលបញ្ចប់តំណែងប្រធានាធិបតីអាមេរិក ៕ដោយ៖ធី រីណា