បន្ទាប់ពីរងទណ្ឌកម្មអាមេរិក ប្រមុខដឹកនាំហុងកុងលោកស្រី ការី ឡាំ ថា គ្មានគណនីធនាគារឡើយ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមកិច្ចសម្ភាសរបស់ប្រមុខដឹកនាំហុងកុងជាមួយទូរទស្សន៍អង់គ្លេសមួយ ដែលបានចាក់ផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកាថ្មីៗនេះ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង បានអះអាងថា បន្ទាប់ពីរងទណ្ឌកម្មរបស់អាមេរិក លោកស្រីគ្មានគណនីធនាគាឡើយនិងចាយប្រាក់សុទ្ធតែប៉ុណ្ណោះ។

ជាក់ស្តែងតាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍អង់គ្លេស HKIBC លោកស្រីការី ឡាំ បានអះអាងយ៉ាងដូច្នេះថា៖ « លោកស្រីបានប្រើប្រាស់ប្រាក់សុទ្ធជារៀងរាល់ថ្ងៃ លើសម្ភារទាំងអស់» បើតាមការអះអាងរបស់ប្រធានប្រតិបត្តិហុងកុងរូបនេះ បន្ទាប់ពីរងទណ្ឌកម្មអាមេរិក គ្មានធនាគារណា ផ្តល់សេវាដល់លោកស្រីឡើយ ហើយពេលនេះ ផ្ទះលោកស្រី មានសុទ្ធតែគំនរក្រដាសប្រាក់។ ចំណែកប្រាក់ខែវិញ ក៏លោកស្រីបើកជាប្រាក់សុទ្ធពីរដ្ឋាភិបាលផងដែរ។

បើតាមការចុះផ្សាយរបស់កាសែត The Straits Times បាននិយាយថា លោកស្រីការី ឡាំ មានប្រាក់បៀវត្សក្នុងមួយឆ្នាំ ប្រមាណ ៦៧ម៉ឺនដុល្លារ ដែលជាប្រាក់បៀវត្សដ៏ខ្ពស់មួយ ក្នុងចំណោមមេដឹកនាំប្រទេសដទៃទៀត។

សូមរម្លឹកថា កាលពីខែសីហាកន្លងទៅ អាមេរិក បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើលោកស្រីការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង និងមន្រ្តីចិន ក៏ដូចជាមន្រ្តីហុងកុងផ្សេងទៀត ដើម្បីឆ្លើយតបនឹងច្បាប់សន្តិសុខជាតិហុងកុង ដែលត្រូវបានចូលជាធរមាននៅដើមខែកក្កដា។ ជុំវិញនឹងបញ្ហានេះ លោកស្រីការី ឡាំ មិនមានគណនីធនាគាឡើង បន្ទាប់ពីទណ្ឌកម្មនោះ។

មិនតែប៉ុណ្ណោះ ប្រមុខដឹកនាំហុងកុង បានឌឺដងដាក់អាមេរិកថា វាពិតជាមានកិត្តិយសណាស់ ដែលបានទទួលរងទណ្ឌកម្មដ៏អយុត្តិធម៌ពីអាមេរិក។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រីការី ឡាំ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុងមួយចំនួន។ អ្នកលេងបណ្តាញសង្គមខ្លះ បានបង្ហោះរូបភាពកាក់នៅក្នុងកូនជ្រូករបស់គេ ដើម្បីធៀបទៅនឹងការលើកឡើងរបស់ប្រមុខហុងកុង ដែលថាផ្ទះលោកស្រីពោរពេញដោយគំនរក្រដាសប្រាក់។ ខណៈមនុស្សចំនួន ចោទជាសំណួរថាតើប្រាក់ ដែលមានចំនួនច្រើនបែបនោះ ត្រូវដឹកជញ្ជូនទៅផ្ទះបែបណា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print