មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៥​នាក់ បាន​ចូលខ្លួន​ទៅ​ស្នងការ​ប៉ូលីស ដើម្បី​ស្តាប់​ពីបទ​ចោទ​លើ​ការប្រមាថ​មហាក្សត្រ​ថៃ

ចែករំលែក៖

អន្តរជាតិ៖ មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៥​នាក់ កាលពីថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បាន​ចូលខ្លួន​ទៅ​ស្នងការ​ប៉ូលីសដើម្បី​ស្តាប់​ពីបទ​ចោទ​លើ​ការប្រមាថ​មហាក្សត្រ​ថៃ ដែល​កើតឡើង​នៅក្នុង​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទីលាន Sanam Luang កាលពី​ថ្ងៃទី​១៩ និង​២០ វិច្ឆិកា​។ ហើយប្រសិនបើ​រកឃើញថា​ពួកគេមានទោស​ក្នុង​ការប្រមាថ​មហាក្សត្រ​មែន បុគ្គល​ទាំងនោះ​អាច​ត្រូវ​ផ្តន្ទាទោស​រហូតដល់​ទៅ​១៥​ឆ្នាំ​។​

​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ ទាំង៥​នាក់ខាងលើនេះរួមមាន៖ លោក Arnon Nampha ,លោក Parit Chiwarak ,កញ្ញា​Panusaya Sithijirawattanakul ,លោក​Panupong Chadnok និង​លោក Patiwat Saraiyaem បាន​ចូលខ្លួន​ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ស្តាប់​ពីបទ​ចោទ​ប្រឆាំងនឹង​ពួកគេ​។ ពួកគេ ត្រូវបាន​អមដំណើរ​ដោយ​មេធាវី​២​នាក់​ផងដែរ​។​

​បើតាមការបញ្ជាក់ពីមេដឹកនាំបាតុកម្ម និង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម លោក​Arnon Nampha បាននិយាយថា​លោក​មិន​បារម្ភ​នឹង​បទ​ចោទ​នេះ​ទេ និង​បាន​ត្រៀមខ្លួន​តទល់​ក្នុង​តុលាការ​រួចហើយ​។ បន្ថែមពីនេះលោក​Arnon អះអាងបន្តថា​៖« ឥឡូវនេះ គឺជា​ពេលដែល​មនុស្ស​គ្រប់រូប គួរ​និយាយ​ដោយ​ត្រង់​ពី​ស្ថាន​ប័ន​មហាក្សត្រ និង​បើទោះបី​អ្វីដែល​ត្រូវបាន​និយាយ​គ្មាន​អ្នក​ស្តាប់ និង​ត្រូវ​អាជ្ញាធរ​ប្រើប្រាស់​ច្បាប់​មក​បំបិទមាត់​ក្តី​»​។ លោក​អះអាងថា​បាតុកម្ម នឹងមាន​សន្ទុះ​កាន់តែខ្លាំង​ឡើង​ក្នុង​ឆ្នាំ​២០២១​។​

​បើ​យោងតាម​កាសែត​ថៃ Bangkok Post​ បានចុះផ្សាយថា​លោក Parit Chiwarak បាន​អះអាងថា បទ​ចោទ​ស្តីពី​ការប្រមាថ​មហាក្សត្រ​នេះនឹង​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ចូលរួម​បាតុកម្ម ព្រោះ​ករណីនេះ​បង្ហាញ​ពី​ភាពអយុត្តិធម៌​ក្នុងសង្គម​ថៃ​។ កញ្ញា Panusaya វិញ​បន្តថា សំណើ​របស់​ចលនា​ប្រជាជន គឺ​ការធ្វើកំណែទម្រង់​របប​រាជានិយម​ពិតប្រាកដ​មួយ មិនមែន​លុបបំបាត់​របប​នេះឡើយ​។ ចំណែកឯកញ្ញា Panusaya ក៏បានអះអាងថា ចលនា​បាតុកម្ម ​នឹងមិន​រាថយ​ឡើយ​។​

​សូមជម្រាបថា មាត្រា​១១២ ក្នុង​ក្រមព្រហ្មទណ្ឌ​ថៃ ចែង​ពី​ការការពារ​ព្រះមហាក្សត្រ នឹង​ផ្តន្ទាទោស​ជា​ប្រាក់ និង ជាប់​ព​ន្ធា​គារ​រហូតដល់​១៥​ឆ្នាំ​លើ​បុគ្គល​រូប​ណា​ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​មហាក្សត្រ ក៏ដូចជា​ក្រុមគ្រួសារ​រាជវង្ស​។ មាត្រា​នេះ ក៏ត្រូវ​បាន​កែប្រែ​សម្រាប់​អនុវត្ត​នៅពេល​បាតុកម្ម​ផងដែរ ។

​ដោយឡែកទាក់ទិននឹងបញ្ហានេះ ​ឧ​ត្ត​ម​សេនីយ៍ Piya Tawichai ស្នងការរង​ប៉ូលីស​ទីក្រុង​បាងកក​ បានបញ្ជាក់ថា ​ដោយសារតែ​មេដឹកនាំ​បាតុកម្ម​ចូលខ្លួន​មក​ឆ្លើយតប​ចំពោះ​បទ​ចោទ​តាម​បញ្ជា​របស់​ប៉ូលីស ពួកគេ​ត្រូវបាន​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​។ ប៉ុន្តែទោះជា​យ៉ាងក៏ដោយ បុគ្គល​៥​រូប​ខាងលើ និង​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ផ្សេងទៀត ដែល​ធ្វើបាតុកម្ម​នៅមុខ​បន្ទាយ​យោធា​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា អាច​នឹងត្រូវ​ចោទប្រកាន់​បន្ថែមទៀត​ពី​ការបំពានច្បាប់​ស្តីពី​ការជួបជុំ​សាធារណៈ ដូចជា​ការកម្ទេច​ទ្រព្យសម្បត្តិ​សាធារណៈ ឡាន​ប៉ូលីស និង​របង​សួន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សាលាក្រុង​។

​ឧ​ត្ត​ម​សេនីយ៍រូបនេះ ​បានបន្ថែម​​ថា ប៉ូលីសអាច​នឹង​ពិនិត្យ​អត្ថន័យ​នៃ​ពាក្យសម្តី ដែល​បាន​និយាយ​អំឡុងពេល​បាតុកម្ម​ដើម្បី​កំណត់ថា បាតុករ​បាន​បំពាន​ច្បាប់​អ្វីខ្លះ​។​

គួរបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ ធ្លាប់បាន​អះអាងថា រដ្ឋាភិបាល នឹង​ប្រើ​គ្រប់​ច្បាប់​ទាំងអស់​ដើម្បី​គ្រប់គ្រង​បាតុករ​។ ចាប់​តាំងតែ​ពី​មាន​បាតុកម្ម​ក្នុង​ខែកក្កដា​មក នេះ​ជា​លើក​ទី​១​ហើយ​ដែល​មេដឹកនាំ​បាតុកម្ម​រង​បទ​ចោទ​ពី​ការប្រមាថ​មហាក្សត្រ​។ លើសពីនេះ ច្បាប់​នេះ មិន​ត្រូវបាន​រដ្ឋាភិបាល​ថៃ​យកមកប្រើ​ប្រាស់​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៨ យោងតាម​សំណើ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print