អន្តរជាតិ៖ ប្រជាកសិកររាប់ពាន់នាក់ មកពីភាគខាងជើងប្រទេសឥណ្ឌា បាននាំគ្នាហែក្បួនធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ថ្មីនានា ដែលរដ្ឋាភិបាលថានឹងធ្វើឲ្យមានបដិវត្តន៍នៅក្នុងវិស័យកសិកម្ម ក៏បានប៉ះទង្គិចជាមួយក្រុមប៉ូលីស ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកាណុងបាញ់ទឹក កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ ដើម្បីបំបែកហ្វួងបាតុកម្មផងដែរ។ ព្រោះតែក្រុមកសិករខ្លាចថា វានឹងធ្វើឲ្យពួកគេងាយ នឹងរងការកេងប្រវ័ញ្ចពីសហគ្រាសធំៗ។
ក្នុងការប៉ះទង្គិចគ្នានោះ បានផ្ទុះឡើងនៅជាយក្រុងញូវដែលី ខណៈដែលកសិករដែលពោរពេញទៅដោយកំហឹងរុញច្រានរបាំងបេតុងការពារដែលដាក់នៅព្រំដែនទីក្រុងដើម្បីរារាំងអ្នកហែក្បួន។ ចំណែកកសិករខ្លះព្យាយាមយករបាំងចេញនៅពេលកំពុងបក់ទង់ជ័យនិងស្រែកពាក្យស្លោកនានា។ រីឯប៉ូលីសវិញ នៅក្នុងបាតុកម្មដែលកើតមានឡើងអស់រយៈពេលជាច្រើនថ្ងៃមកនេះ ស្រាប់តែនៅថ្ងៃទីមួយ ក្រុមសន្តិសុខបានប្រើកាណុងបាញ់ទឹកទៅកាន់ក្រុមកសិករនៅពេលដែលពួកគេបានធ្វើដំណើរឆ្លងកាត់រដ្ឋជិតខាងគឺរដ្ឋ Haryana ដើម្បីទៅដល់ទីក្រុងញូវដែលី។
ជាក់ស្តែងអស់រយៈពេលជាច្រើនម៉ោងក្រោយពីកសិករបានទាមទាររកហេតុផលដែលហាមមិនឲ្យពួកគេធ្វើបាតុកម្ម ប៉ូលីស បានប្រកាសថា នឹងអនុញ្ញាតឲ្យពួកគេចូលទៅក្នុងទីក្រុងវិញ។
សូមជម្រាបថា កសិករជាច្រើន បានធ្វើដំណើរលើត្រាក់ទ័រនិងម៉ូតូរបស់ពួកគេពីភាគខាងជើងរដ្ឋPunjab ដែលជារដ្ឋកសិកម្ម ដោយសន្យាថានឹងបោះជំរំនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌារហូតទាល់តែរដ្ឋាភិបាលកែប្រែច្បាប់ថ្មីនេះ។
ទាក់ទិននឹងបញ្ហាខាងលើ ប្រធានក្រុមប្រឹក្សារដ្ឋ Punjab លោក Amarinder Singh ដែលបានរិះគន់ការប្រើប្រាស់អ្វីដែលលោកហៅថា«កងកម្លាំងដ៏សាហាវ» បាននិយាយថា រដ្ឋាភិបាលគួរតែផ្តួចផ្តើម«កិច្ចពិភាក្សាភ្លាមៗដើម្បីដោះស្រាយកង្វល់របស់កសិករទាក់ទិននឹងច្បាប់កសិកម្មថ្មី និងដោះស្រាយបញ្ហាដែលកំពុងលេចឡើង»។ បន្ទាប់ពីច្បាប់ ដែលមានលក្ខណៈចម្រូងចម្រាស ហើយត្រូវបានអនុម័តកាលពីខែកញ្ញានេះកន្លងទៅ មានគោលបំណងកែប្រែច្បាប់ចាស់ៗរាប់ទសវត្សរ៍ ដែលអនុញ្ញាតឲ្យកសិករភាគច្រើនលក់ផលិតផលរបស់ពួកគេតាមរយៈផ្សារបោះដុំរបស់រដ្ឋនៅក្នុងតម្លៃដែលបានកំណត់ដោយរដ្ឋាភិបាល ហើយនឹងត្រួសត្រាយផ្លូវសម្រាប់ពួកគេដើម្បីលក់ផលិតផលទៅឲ្យក្រុមហ៊ុនឯកជន។
ដោយឡែកនាយករដ្ឋមន្ត្រី លោក Narendra Modi បានពណ៌នាច្បាប់នេះថាជា«ប្រវត្តិសាស្ត្រ» ហើយលោកនិយាយថាច្បាប់នេះនឹងបង្កើនចំណូលរបស់កសិករ ជំរុញផលិតភាពនិងរំដោះកសិករចេញពីការពឹងផ្អែកលើឈ្មួញកណ្តាល។ អ្នកគាំទ្រច្បាប់នេះនិយាយថាវាអាចនឹងទាក់ទាញការវិនិយោគឯកជននិងជួយឲ្យវិស័យកសិកម្មឥណ្ឌាកាន់តែទំនើប។
ចំណែកលោក Devinder Sharma អ្នកវិភាគចំណីអាហារ និងគោលនយោបាយកសិកម្ម បាននិយាយថា ទំហំនៃការតវ៉ាបង្ហាញថា កសិករ«មិនយល់ស្រប»ជាមួយផែនការរបស់រដ្ឋាភិបាល។ លោក បន្ថែមថា៖«កសិករនៃប្រទេសឥណ្ឌាមិនត្រូវបានពិគ្រោះយោបល់អំពីច្បាប់នេះឡើយ»។
លើសពីនេះអ្នកវិភាគចំណីអាហាររូបនេះ បន្តទៀតថា៖ «ជាលទ្ធផល អ្នកដែលសប្បាយរីករាយគឺវិស័យឧស្សាហកម្មនិងទីផ្សារ ខណៈដែលកសិករជឿថា ច្បាប់នេះនឹងមានផលប៉ះពាល់អាក្រក់ដល់ពួកគេ»។
ទោះយ៉ាងណាកសិករឥណ្ឌាដែលត្រូវបានការពារពីទីផ្សារសេរីជាយូរមកហើយ ភ័យខ្លាចថាការដកចេញនូវការគ្រប់គ្រងរបស់រដ្ឋាភិបាលនឹងផ្តល់អំណាចចរចាតិចតួចដល់ពួកគេជាមួយនឹងសហគ្រាសធំៗហើយបង្ខំឲ្យពួកគេលក់ផលិតផលក្នុងតម្លៃទាប។ នៅពេលដែលពួកគេកំពុងទាមទារឲ្យតម្លៃខ្ពស់ជាងមុនសម្រាប់ផលដំណាំរបស់ពួកគេ ពួកគេបារម្ភថាច្បាប់ថ្មីនេះនឹងបន្ទាបចំណូលរបស់អ្នកនៅជនបទបន្ថែមទៀត។
បើតាមការអះអាងពីក្រុមកសិករ ក៏បាននិយាយថា ពួកគេនឹងបន្តធ្វើបាតុកម្មរហូតដល់រដ្ឋាភិបាលដកចេញកំណែទម្រង់នេះ។ កសិករជាច្រើនបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណើរវែងឆ្ងាយក្នុងយានជំនិះរបស់ពួកគេដែលមានទៅដោយស្បៀងអាហារនិងសូម្បីតែធុងហ្គាសសម្រាប់ចម្អិនម្ហូប។ដោយសារតែចំនួនប្រជាជនឥណ្ឌា ជិតពាក់កណ្តាលប្រទេសហើយ ពឹងផ្អែកលើកសិកម្ម ប៉ុន្តែវារួមចំណែកតែ១៧ភាគរយប៉ុណ្ណោះក្នុងផលិតផលក្នុងស្រុកសរុបឥណ្ឌា។ កសិករភាគច្រើនមានដីតូច ហើយមានចំណូលតិចតួច ហើយជាញឹកញាប់ធ្លាក់ក្នុងបំណុល៕ដោយ៖ស តារា