ប៉ូលីសឥណ្ឌា ប៉ះទង្គិចគ្នាជាមួយប្រជាកសិកររាប់ពាន់នាក់ ហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​ក្នុង​វិស័យ​កសិកម្ម

ចែករំលែក៖

អន្តរជាតិ៖ ប្រជាកសិកររាប់ពាន់នាក់មកពីភាគខាងជើងប្រទេសឥណ្ឌាបាននាំគ្នាហែក្បួនធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ថ្មីនានាដែលរដ្ឋាភិបាលថានឹងធ្វើឲ្យមានបដិវត្តន៍នៅក្នុងវិស័យកសិកម្មក៏បានប៉ះទង្គិចជាមួយក្រុមប៉ូលីសដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកាណុងបាញ់ទឹកកាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ ដើម្បីបំបែកហ្វួងបាតុកម្មផងដែរ។ ព្រោះតែក្រុមកសិករខ្លាចថា វានឹងធ្វើឲ្យពួកគេងាយនឹងរងការកេងប្រវ័ញ្ចពីសហគ្រាសធំៗ

ក្នុងការប៉ះទង្គិចគ្នានោះ បានផ្ទុះឡើងនៅជាយក្រុងញូវដែលី ខណៈដែលកសិករដែលពោរពេញទៅដោយកំហឹងរុញច្រានរបាំងបេតុងការពារដែលដាក់នៅព្រំដែនទីក្រុងដើម្បីរារាំងអ្នកហែក្បួន ចំណែកកសិករខ្លះព្យាយាមយករបាំងចេញនៅពេលកំពុងបក់ទង់ជ័យនិងស្រែកពាក្យស្លោកនានារីឯប៉ូលីសវិញនៅក្នុងបាតុកម្មដែលកើតមានឡើងអស់រយៈពេលជាច្រើនថ្ងៃមកនេះស្រាប់តែនៅថ្ងៃទីមួយ ក្រុមសន្តិសុខបានប្រើកាណុងបាញ់ទឹកទៅកាន់ក្រុមកសិករនៅពេលដែលពួកគេបានធ្វើដំណើរឆ្លងកាត់រដ្ឋជិតខាងគឺរដ្ឋ Haryana ដើម្បីទៅដល់ទីក្រុងញូវដែលី

ជាក់ស្តែងអស់រយៈពេលជាច្រើនម៉ោងក្រោយពីកសិករបានទាមទារហេតុផលដែលហាមមិនឲ្យពួកគេធ្វើបាតុកម្ម ប៉ូលីស បានប្រកាសថានឹងអនុញ្ញាតឲ្យពួកគេចូលទៅក្នុងទីក្រុងវិញ។

សូមជម្រាបថា កសិករជាច្រើនបានធ្វើដំណើរលើត្រាក់ទ័រនិងម៉ូតូរបស់ពួកគេពីភាគខាងជើងរដ្ឋ​Punjab ដែលជារដ្ឋកសិកម្ម ដោយសន្យាថានឹងបោះជំរំនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌារហូតទាល់តែរដ្ឋាភិបាលកែប្រែច្បាប់ថ្មីនេះ

ទាក់ទិននឹងបញ្ហាខាងលើ ប្រធានក្រុមប្រឹក្សារដ្ឋ Punjab​ លោក Amarinder Singh ដែលបានរិះគន់ការប្រើប្រាស់អ្វីដែលលោកហៅថា​«​កងកម្លាំងដ៏សាហាវ​» បាននិយាយថា រដ្ឋាភិបាលគួរតែផ្តួចផ្តើម​«​កិច្ចពិភាក្សាភ្លាមៗដើម្បីដោះស្រាយកង្វល់របស់កសិកទាក់ទិននឹងច្បាប់កសិកម្មថ្មី និងដោះស្រាយបញ្ហាដែលកំពុងលេចឡើង​»​បន្ទាប់ពីច្បាប់ដែលមានលក្ខណៈចម្រូងចម្រាស ហើយត្រូវបានអនុម័តកាលពីខែកញ្ញានេះកន្លងទៅ មានគោលបំណងកែប្រែច្បាប់ចាស់ៗរាប់ទសវត្សរ៍ ដែលអនុញ្ញាតឲ្យកសិករភាគច្រើនលក់ផលិតផលរបស់ពួកគេតាមរយៈផ្សារបោះដុំរបស់រដ្ឋនៅក្នុងតម្លៃដែលបានកំណត់ដោយរដ្ឋាភិបាល ហើយនឹងត្រួសត្រាយផ្លូវសម្រាប់ពួកគេដើម្បីលក់ផលិតផលទៅឲ្យក្រុមហ៊ុនឯកជន

ដោយឡែកនាយករដ្ឋមន្ត្រី លោក Narendra Modi បានពណ៌នាច្បាប់នេះថាជា​«​ប្រវត្តិសាស្ត្រ​» ហើយលោកនិយាយថាច្បាប់នេះនឹងបង្កើនចំណូលរបស់កសិករ ជំរុញផលិតភាពនិងរំដោះកសិករចេញពីការពឹងផ្អែកលើឈ្មួញកណ្តាល អ្នកគាំទ្រច្បាប់នេះនិយាយថាវាអាចនឹងទាក់ទាញការវិនិយោគឯកជននិងជួយឲ្យវិស័យកសិកម្មឥណ្ឌាកាន់តែទំនើប

ចំណែកលោក Devinder Sharma អ្នកវិភាគចំណីអាហារនិងគោលនយោបាយកសិកម្ម បាននិយាយថាទំហំនៃការតវ៉ាបង្ហាញថា កសិករ​«​មិនយល់ស្រប​»​ជាមួយផែនការរបស់រដ្ឋាភិបាលលោក បន្ថែមថា«​កសិករនៃប្រទេសឥណ្ឌាមិនត្រូវបានពិគ្រោះយោបល់អំពីច្បាប់នេះឡើយ​»​

លើសពីនេះអ្នកវិភាគចំណីអាហាររូបនេះ បន្តទៀតថា «​ជាលទ្ធផល អ្នកដែលសប្បាយរីករាយគឺវិស័យឧស្សាហកម្មនិងទីផ្សារ ខណៈដែលកសិករជឿថា ច្បាប់នេះនឹងមានផលប៉ះពាល់អាក្រក់ដល់ពួកគេ​»​

ទោះយ៉ាងណាកសិករឥណ្ឌាដែលត្រូវបានការពារពីទីផ្សារសេរីជាយូរមកហើយ ភ័យខ្លាចថាការដកចេញនូវការគ្រប់គ្រងរបស់រដ្ឋាភិបាលនឹងផ្តល់អំណាចចរចាតិចតួចដល់ពួកគេជាមួយនឹងសហគ្រាសធំៗហើយបង្ខំឲ្យពួកគេលក់ផលិតផលក្នុងតម្លៃទាប នៅពេលដែលពួកគេកំពុងទាមទារឲ្យតម្លៃខ្ពស់ជាងមុនសម្រាប់ផលដំណាំរបស់ពួកគេ ពួកគេបារម្ភថាច្បាប់ថ្មីនេះនឹងបន្ទាបចំណូលរបស់អ្នកនៅជនបទបន្ថែមទៀត

បើតាមការអះអាងពីក្រុមកសិករក៏បាននិយាយថាពួកគេនឹងបន្តធ្វើបាតុកម្មរហូតដល់រដ្ឋាភិបាលដកចេញកំណែទម្រង់នេះ កសិករជាច្រើនបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណើរវែងឆ្ងាយក្នុងយានជំនិះរបស់ពួកគេដែលមានទៅដោយស្បៀងអាហារនិងសូម្បីតែធុងហ្គាសសម្រាប់ចម្អិនម្ហូប។ដោយសារតែចំនួនប្រជាជនឥណ្ឌា ជិតពាក់កណ្តាលប្រទេសហើយ ពឹងផ្អែកលើកសិកម្ម ប៉ុន្តែវារួមចំណែកតែ១៧ភាគរយប៉ុណ្ណោះក្នុងផលិតផលក្នុងស្រុកសរុបឥណ្ឌា កសិករភាគច្រើនមានដីតូច ហើយមានចំណូលតិចតួច ហើយជាញឹកញាប់ធ្លាក់ក្នុងបំណុល៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print