ភ្នំពេញ៖ នៅព្រលប់ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរ (Cambodia Airways Co., Ltd.)។
ក្នុងសម្តេចថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះក្រុមហ៊ុន អាកាសចរណ៍ ខេមបូឌា អ៊ែរ ដែលបានជួយឧបត្ថម្ភការហោះហើរជាមនុស្សធម៌ជាលើកទី ២ ដឹកជញ្ជូនម៉ាស ចំនួន ១លាន៥ម៉ឺន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្ត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះ។ សូមជូនពរ ថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការីទាំងអស់នៃក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ខេមរា