អន្តរជាតិ៖ ដោយសារអ៉ីនធើណេតយឺត ក្មេងស្រីហ្វីលីពីនម្នាក់ ដែលរស់នៅក្រុង Cebu បានចុចកុម្ម៉ង់ទិញម្ហូបអាហារតាម App ម្តងហើយម្តងទៀត ហើយទីបំផុតអ្នកជញ្ជូនដល់ទៅ៤២នាក់ បានយកអាហារទៅដល់ផ្ទះរបស់នាង ដើម្បីញ៉ាំជាអាហារថ្ងៃត្រង់ជាមួយជីដូនរបស់ខ្លួនទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ខណៈអ្នកស្រុកនៅតំបន់ Mabolo ក្រុង Cebu ដោយអ្នកដឹកជញ្ជូនម្ហូបដល់ទៅជាង៤០នាក់បានទៅដល់បន្តបន្ទាប់គ្នានៅមុខផ្ទះរបស់គ្រួសារមួយ។
ជាក់ស្តែង ក្នុងហេតុការណ៍នេះក្រោយសាកសួរ ម៉ូតូនីមួយៗសុទ្ធតែដឹកសាច់មាន់បំពងពីរប្រអប់ដូចៗគ្នា ដោយអ្នកបញ្ជាទិញគឺជាក្មេងស្រីម្នាក់។ គណនីហ្វេសប៊ុកឈ្មោះ Dann Kayne Suarez ដែលជាអ្នកជិតខាងបានរៀបរាប់ថា តាមពិតក្មេងស្រីនោះ ចង់ទិញតែសាច់មាន់បំពងពីរប្រអប់ប៉ុណ្ណោះ ដើម្បីញ៉ាំអាហារថ្ងៃត្រង់ជាមួយជីដូន ប៉ុន្តែអ៊ីនធ័រណិតយឺត ដោយនាងស្មានតែមានបញ្ហា ទើបបន្តចុចកុម្ម៉ង់សារជាថ្មីម្តងហើយម្តងទៀត។
បើយោងតាមទីភ្នាក់ងារសារព័ត៍មាន The Sun Star Cebu បានចុះផ្សាយថា កុមារី បានស្រែកយំ ដោយអះអាងថា នាងគ្មានបំណងធ្វើបែបនេះនោះឡើយ ព្រោះនាងកុម្ម៉ង់ទិញមាន់បំពងតែក្នុងថវិកាប្រមាណ៤ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដោយសារបច្ចេកទេស នាងត្រូវចំណាយរហូតដល់ទៅជាង១៦៥ដុល្លារ ជាចំនួនមួយដែលនាងមិនអាចដោះស្រាយទេព្រោះឪពុកម្តាយនាងទុកលុយឲ្យតែបន្តិចបន្តួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើទោះបីជាយ៉ាងណាក៏ដោយ លោក Suarez បានអះអាងថា អ្នកជិតខាង រួមទាំងលោកបាននាំគ្នាជួយទិញអាហារទាំងនោះខណៈអ្នកដឹកជញ្ជូនមួយចំនួនសុខចិត្តមិនយកលុយ ហើយចេញទៅដឹកម្ហូបឲ្យអ្នកផ្សេងទៀត៕ដោយ៖ស តារា