ជនជាតិ​វៀតណាម​ម្នាក់ អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ ១២​ឆ្នាំ​ ពីបទ​ចោទ ចម្លងជំងឺ​កូវីដ១៩ឆ្លងទៅ​អ្នកដទៃ​

ចែករំលែក៖

អន្តរជាតិ៖ ជនជាតិ​វៀតណាម​ម្នាក់ ដែលជា​បុគ្គលិក​បម្រើការ​លើ​យន្តហោះ អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ ១២​ឆ្នាំ បន្ទាប់ពី​មិនបាន​គោរព​វិធាន​ច​ត្តា​ឡី​ស័ក​របស់​ក្រសួងសុខាភិបាល​វៀតណាម​ មកចម្លងជំងឺ​ឆ្លងទៅ​អ្នកដទៃ​។

​បើតាម​​កាសែត Vietnam Express​ បានចុះផ្សាយថា ប៉ូលីស​វៀតណាម នៅ​ថ្ងៃទី​៣ ខែធ្នូថ្មីៗនេះ កំពុង​ស៊ើបអង្កេត​លើ​ករណី​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ម្នាក់ ដែលជា​ជនជាតិ​វៀតណាម​ពាក់ព័ន្ធ​បំពាន​បម្រាម​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​។ ខណៈដែលបុរស​រូបនេះ បាន​ចម្លង​កូ​វីដ​-១៩ ទៅ​មនុស្ស​ចំនួន ៣​នាក់​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ហូជីមិញ ហើយ​អាច​នឹងរង​បទ​ចោទ «​ចម្លង​ជំងឺឆ្លង​គ្រោះថ្នាក់​ទៅ​មនុស្ស​ផ្សេងទៀត​» ដែលមាន​ស្ថាន​ទម្ងន់ទោស​ជាប់ពន្ធនាគារ​រហូតដល់ ១២ ឆ្នាំ​។

​សូមជម្រាបថា ហើយនេះ​ជា​លើកទីមួយ ដែល​អ្នក​បំពាន​បទ​បញ្ញា​ត្តិ​ទប់ស្កាត់​កូ​វីដ​-១៩ មាន​លក្ខណៈ​បទឧក្រិដ្ឋ ខណៈពេល​កន្លងមក មាន​ត្រឹមតែ​បង់ប្រាក់​ពិន័យ​ប៉ុណ្ណោះ​។

ជាក់ស្តែង​ដំបូង​ឡើយ​អ្នក​ផ្ទុក​កូ​វីដ​-១៩ វ័យ ២៨ ឆ្នាំ​រូបនេះ បាន​ត្រលប់​មកពី​ជប៉ុន និង​ដា​ក់ច​ត្តា​ឡី​ស័ក​រយៈពេល ៤​ថ្ងៃ​។ ក្រោយពី​ធ្វើតេស្ត​រកឃើញ​អវិជ្ជមាន​ចំនួន ពីរដង​មក បុរស​រូបនេះ បាន​សុំ​មក​ដាក់​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​វិញ​។ ស្រាប់តែ១៥​ថ្ងៃ​បន្ទាប់ពី​ត្រលប់​មកពី​ជប៉ុន​វិញ បុរស​រូបនេះ បាន​តេស្ត​រកឃើញ​វិជ្ជមាន និង​ចម្លងជំងឺ​នេះ ទៅ​គ្រូ​ភាសា​អង់គ្លេស​ម្នាក់​នៅក្នុង​ទីក្រុង​ហូជីមិញ ក្រោយ​ជួបគ្នា​។ ក្រោយមកអាជ្ញាធរ បាន​រកឃើញថា ក្មួយ និង​សិស្ស​របស់​គ្រូ​ភាសា​អង់គ្លេស ក៏​ឆ្លង​កូ​វីដ​-១៩ ផងដែរ​។ ទន្ទឹមនេះ អ្នកបម្រើ​ការ​លើ​យន្តហោះ​នេះ បាន​ទៅខាង​ក្រៅ និង​មាន​ទំនាក់ទំនង​ជាមួយ​ម្តាយ និង​មិត្តភក្តិ​របស់ខ្លួន​ថែមទៀត​។

​គួរបញ្ជាក់ថា ក្រោម​វិធាន​ទប់ស្កាត់​កូ​វីដ​-១៩ របស់​វៀតណាម បុគ្គលិក​ធ្វើការ​លើ​យន្តហោះ ត្រូវតែ​ដាក់​ច​ត្តា​ឡី​ស័ក​។ ប៉ុន្តែ​អ្នកបម្រើ​ការ​លើ​យន្តហោះ បានដាក់​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​មួយ និង​បាន​ឆ្លង​កូ​វីដ​-១៩ ពី​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ម្នាក់ទៀត​ដែល​ត្រលប់​ពី​រូ​ម៉ា​នី​។ក្រុមហ៊ុន​យន្តហោះ​របស់​បុរស​ខាងលើ ចេញមុខ​សុំទោស​ជា​សាធារណៈ​។

​បន្ទាប់ពី​មាន​ករណី​ឆ្លង​នៅក្នុង​ស្រុក​លើកដំបូង ក្នុង​រយៈពេល ៨៩​ថ្ងៃ​ចុងក្រោយ វៀតណាម បាន​បញ្ជា​ឲ្យ​ផ្អាក​ជើងហោះហើរ​ចូលមកក្នុង​ស្រុក​ទាំងអស់ លើកលែងតែ​ជម្លៀស​ប្រជាជន​របស់ខ្លួន​ចូលមកក្នុង​ស្រុក​វិញ ក្រោម​ហេតុផល​ថា ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ស្រុក និង​ងាយស្រួល​គ្រប់គ្រង​អ្នក​ដាក់​ច​ត្តា​ឡី​ស័ក​។ ចំណែក​ក្រសួង​ដឹកជញ្ជូន ក៏​បានចេញ​ចំណាត់ការ​ថ្មី​ផងដែរ ដោយ​បញ្ជា​ថា រាល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែលមាន​បុគ្គលិក​បម្រើការ​លើ​យន្តហោះ មិន​គោរព​តាម​វិធាន​ទប់ស្កាត់​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល និង​ចម្លង​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ហោះហើរ​ជា​អន្តរជាតិ​តទៅទៀត​ឡើយ​។

​បច្ចុប្បន្ន បើគិត​ត្រឹម​ថ្ងៃទី​៣ ខែធ្នូ អាជ្ញាធរវៀតណាម មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ១៣៦១​ករណី អ្នកស្លាប់​មាន​ចំនួន ៣៥​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១២០៩​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print