អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក ផូឡូគ្វេដេស (Paulo Guedes) រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៊ីល អះអាងថា៖ ការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ក្នុងទ្រង់ទ្រាយធំ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសធំជាងគេ ប្រចាំតំបន់អាមេរិកឡាទីនមួយនេះ ស្ទុះងើបឡើងវិញ។
ជាក់ស្តែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោករដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៊ីលរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចាក់វ៉ាក់សាំងពិតជាការបើកទំព័រថ្មីមួយ ដែលមិនអាចប្រកែកបាន ប្រឆាំងនឹងជំងឺរាតត្បាតសកល ដែលនឹងស្តារសេដ្ឋកិច្ចប្រេស៊ីល ឲ្យប្រសើរឡើងវិញ ដោយយោងទៅលើការវិនិយោគ និងការបញ្ជាទិញ។ ការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងការវិលទៅបម្រើការងារជាធម្មតាវិញ ប្រកបដោយសុវត្ថិភាព ប្រាកដណាស់ថានឹងធ្វើឲ្យសេដ្ឋកិច្ចប្រេស៊ីល ស្ទុះងើបឡើងវិញជាក់ជាមិនខាន»។
សូមជម្រាបថា ប្រទេសប្រេស៊ីល ក៏គ្រោងបញ្ចេញផែនការមួយចំនួន ដើម្បីជំរុញសេដ្ឋកិច្ចខ្លួន ឲ្យស្ទុះងើបឡើងវិញបានឆាប់រហ័សផងដែរ ។ក្នុងនោះមានដូចជា ការធ្វើឯកជនភាវូបនីយកម្ម ទៅលើក្រុមហ៊ុនធំៗមួយចំនួនរបស់រដ្ឋដូចជា៖ ក្រុមហ៊ុនអគ្គិសនី អេឡិចត្រូប្រាស(Electrobras), ក្រុមហ៊ុនសេវាកម្មប៉ូស្តាល់ ខូរីអូស៍ (Correos), កំពង់ផែសាន់តូស (Santos) និងក្រុមហ៊ុនប្រេង ព្រីសាល ផេត្រូលីអូ(Presal Petroleo S.A.) ផងដែរ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលរំពឹងថា ខ្លួននឹងទទួលបានវ៉ាក់សាំង COVID-19 ចំនួន ២៤លានដូសនៅត្រឹមខែមករា ឆ្នាំ២០២១ ដើម្បីចាក់ជូនក្រុមមនុស្ស ដែលប្រឈមមុខខ្លាំងជាងគេចំពោះ COVID-19 ក្នុងនោះមានដូចជា បុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សវ័យចំណាស់ជាដើម។ ចំណែកវ៉ាក់សាំងទាំងនោះមានចំនួន កន្លះលានដូសពីក្រុមហ៊ុន Pfizer-BioNTech, ០៩លានដូសពីក្រុមហ៊ុន Sinovac និង ១៥លានដូសពីក្រុមហ៊ុន AstraZeneca៕ដោយ៖ស តារា