បើទោះបីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនៅតែអះអាងថាលោកជាអ្នកឈ្នះក្នុងការបោះឆ្នោតក្តី ប៉ុន្តែបុគ្កលិកនៅសេតវិមានទទួលបានបទបញ្ជាឲ្យរៀបចំឲ្យលោកត្រាំចាកចេញពីសេតវិមានដើម្បីឲ្យប្រធានាធិបតីថ្មីចូលកាន់តំណែងវិញ។
បុគ្គលិកសេតវិមានទទួលបានអុីម៉ែលពីការិយាល័យប្រធានាធិបតីថ្មី លោក បៃឌិន ឲ្យរៀបចំសម្ភាររបស់លោកត្រាំចាកចេញនៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០២១ ។ តាមបណ្តាញព័ត៌មាន CBS News បានផ្សាយថា នៅក្នុងអុីម៉ែល បានស្នើឱ្យរៀបចំយកសម្ភារទាំងអស់របស់លោកត្រាំចេញ ដើម្បីត្រៀមទទូលប្រធានាធិបតីថ្មី។
ប៉ុន្តែនៅក្នុងអុីម៉ែលផ្សេងទៀត ពីក្រុមការងាររបស់លោកត្រាំ ក៏បានផ្ញើចូលទៅកាន់សេតវិមានដែរដោយ ស្នើឲ្យរក្សាដូចដើម ហើយព័ត៌មានថ្មីនឹងផ្តល់ជូននៅប៉ុន្មានថ្ងៃខាងមុខ។
នៅពេលនេះ លោកត្រាំបន្តស្នើដល់សមាជិកគណបក្ស សាធារណរដ្ឋក្នុងសភា ច្រានចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៦ខែមករាឆ្នាំ២០២១ដែលជាថ្ងៃចុងក្រោយ នៃការបោះឆ្នោតរបស់សភា។
គ្រួសារលោកត្រាំគឺត្រូវតែរៀបចំចាកចេញពីសេតវិមាន មុនពេលប្រធានាធិបតីថ្មីចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២១។ ប៉ុន្តែមកទល់ពេលនេះ លោកត្រាំនៅមិនទាន់រៀបចំសម្ភារចាកចេញនៅឡើយទេ។ ក្រុមការងាររបស់លោកត្រាំ បន្តអូសបន្លាយពេលវេលា ដោយមិនព្រមចាកចេញពីសេតវិមានឡើយ។
ភរិយាលោកត្រាំគឺលោកស្រីMelania Trump បានរៀបចំសម្ភាររួចរាល់ដើម្បីបញ្ជូនទៅកាន់ Mar-a-Lago នៅក្នុងរដ្ឋFlorida៕
រូបភាព៖ AP