ទីក្រុងស៊ីដនី គឺជាទីក្រុងធំដំបូងគេដែលទទួលស្វាគមន៍ឆ្នាំថ្មីមុនគេបង្អស់លើពិភពលោក ។ នៅក្នុងឆ្នាំនេះ និឹងមានពិធីបាញ់កាំជ្រួចដូចរាល់ឆ្នាំ ប៉ុន្តែមិនអនុញ្ញាតឲ្យពលរដ្ឋទៅជួបជុំគ្នាមើលផ្ទាល់ច្រើននោះឡើយ។
តាមសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៨ ខែធ្នូបានផ្សាយថា ដោយសារតែផ្ទុះការឆ្លងកូវីដ-១៩ថ្មីនៅពាក់កណ្តាលខែធ្នូនៅជាយក្រុងភាគខាងជើងស៊ីដនី ហើយរកឃើញអ្នកឆ្លងថ្មី១២៥នាក់ដែលឆ្លងចេញពីមនុស្ស៥នាក់ពេលដំបូង។ ការឆ្លងនោះធ្វើឲ្យពលរដ្ឋនៅក្នុងទីក្រុង ប្រមាណ១/៤ ស្ថិតនៅក្នុងតំបន់ត្រូវបិទរហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។
ដោយសារការឆ្លងថ្មីកើនឡើង អូស្ត្រាលី បានសម្រេចកាត់បន្ថយគម្រោងទទួលឆ្នាំថ្មី។ អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានហាមប្រាមពលរដ្ឋទៅកាន់ទីក្រុងស៊ីដនីនៅយប់ឆ្លងឆ្នាំ ហើយពលរដ្ឋអាចជួបជុំគ្នាមិនលើសពី៥០នាក់នោះឡើយ ដោយត្រូវមានគម្លាតសុវត្ថិភាព។
លោកស្រីGladys Berejiklian បន្តទៀតថា«យើងមិនចង់ឲ្យមានករណីឆ្លងថ្មីណាមួយនៅយប់ឆ្លងឆ្នាំនោះឡើយ ។ លោកស្រីបានស្នើដល់ពលរដ្ឋឲ្យទស្សនាការបាញ់កាំជ្រួចដោយសុវត្ថិភាព គឺទស្សនាតាមកញ្ចក់ទូរទស្សន៍នៅផ្ទះ។
ពលរដ្ឋដែលមានលិខិតអនុញ្ញាតទើបឲ្យចូលទៅកាន់ទីតាំងរៀបចំពិធីបាញ់កាំជ្រួចនៅកណ្តាលទីក្រុងស៊ីដនី។ មន្ត្រីក្នុងទីក្រុងក៏ទទួលបានការអនុញ្ញាតឲ្យនាំសាច់ញាតិតែ១០នាក់ប៉ុណ្ណោះចូលទៅទស្សនាការបាញ់កាំជ្រួច។
ក្រសួងសុខាភិបាលអូស្ត្រាលីបានគាំទ្រដល់សកម្មភាពហាមប្រាមខាងលើ។ អូស្ត្រាលីបានបិទប្រទេស តាំងពីដំបូង ក្រោយពីមានករណីឆ្លងកូវីដ-១៩ ទើបជួយឲ្យប្រទេសនេះទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងល្អបំផុត។ មកទល់ពេលនេះអូស្ត្រាលី មានអ្នកឆ្លងកូវីដ-១៩សរុប តែ២៨.៣០០នាក់ប៉ុណ្ណោះ និងស្លាប់ ៩០៨នាក់៕
រូបភាព៖ Reuters