ភ្នំពេញ៖ ក្រោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចមក លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជួបប្រជុំជាមួយកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យប្រចាំការនៅតាមកន្លែងធ្វើចត្តាឡីស័កទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យការងារអនុវត្តជាក់ស្តែង ក្នុងន័យបន្តពង្រឹងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឱ្យកាន់តែល្អប្រសើរថែមទៀត នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា៖ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការងារសាងសង់មណ្ឌលចត្តាឡីស័កមួយកន្លែងមានចំនួន២អគារនៅខណ្ឌប្ញស្សីកែវដែលទទួលអ្នកដំណើរស្នាក់នៅបានជាង៥០០នាក់ នាប៉ុន្មានសប្ដាហ៍ក្រោយនេះដើម្បីធានាបាននូវការអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកថា៖ មណ្ឌលចត្តាឡីស័កមួយកន្លែងនេះមានទីតាំងនៅក្នុងខណ្ឌប្ញស្សីកែវហើយមណ្ឌលចត្តាឡីស័កខាងលើនឹងដំណើរការក្រោយសាងសង់រួចនៅពេលខាងមុខដោយធ្វើឱ្យកាន់តែមានប្រសិទ្ធភាពបន្ទាប់ពីប្រគល់កន្លែងចត្តាឡីស័កកន្លងមកឱ្យទៅសាលារៀនជូនសិស្សានុសិស្សចូលរៀនវិញនាពេលខាងមុខនេះ ។
សូមបញ្ជាក់ថា៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានយកវិទ្យាល័យជម្ពូវ័ននិងអនុវិទ្យាល័យពោធិ៍ចិនតុងនៅខណ្ឌពោធិ៍សែនជ័យនិងសាលាមួយកន្លែងទៀតនៅខណ្ឌប្ញស្សីកែវធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ៕
សំរិត