ប្រធានអង្គការសុខភាពពិភពលោកWHO បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយមកទល់ពេលនេះ ចិននៅតែមិនទាន់អនុញ្ញាតឲ្យក្រុមជំនាញទៅស្រាវជ្រាវពីប្រភពកូវីដ-១៩ ដែលផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ការបញ្ជូនអ្នកជំនាញរបស់WHO មកកាន់ប្រទេសចិនដើម្បីស្រាវជ្រាវពីប្រភពកូវីដ នៅតែពន្យារពេលបើទោះបីបានឡើងផែនការជាយូរមកហើយក្តី ។ រយៈពេលជាង១ឆ្នាំកន្លងមក ចាប់តាំងពីការផ្ទុះកូវីដ-១៩ ក្រុមជំនាញរបស់WHO គ្រោងទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះដើម្បីស្រាវជ្រាវពីប្រភព។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់នៅថ្ងៃទី៦ខែមករាថា ភាគីទាំងពីរកំពុងតែពិភាក្សាគ្នាស្តីពីពេលវេលាឱ្យច្បាស់លាស់ និងការរៀបចំឲ្យដំណើរការស្រាវជ្រាវ បានល្អ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីHua Chunying បានបញ្ជាក់ថា «បញ្ហាស្រាវជ្រាវពីប្រភពកូវីដ-១៩ គឺពិតជាស្មុគស្មាញយ៉ាងខ្លាំង។ ដើម្បីធានាដល់ក្រុមស្រាវជ្រាវនៅក្នុងប្រទេសចិនបានរលូន យើងចាំបាច់ត្រូវតែរៀបចំឲ្យបានល្អបំផុត»។ លោកស្រីបន្តទៀតថា រដ្ឋាភិបាលចិននឹងខិតខំអស់ពីសមត្ថភាព ផ្តល់លក្ខណៈងាយស្រួលដល់ក្រុមជំនាញមកប្រទេសចិន។
ការលើកឡើងខាងលើរបស់ចិនក្រោយពេលប្រធានWHOលោកAdhanom Ghebreyesus និយាយទៅកាន់អ្នកសារព័ត៌មានថា លោកពិតជាខកចិត្តដែលចិនមិនទាន់អនុញ្ញាតឲ្យក្រុមអ្នកជំនាញទៅកាន់ប្រទេសរបស់ខ្លួនធ្វើការស្រាវជ្រាវ។
តាមគម្រោងWHO និឹងបញ្ជូនក្រុមអ្នកជំនាញចំនួន១០នាក់ទៅស្រាវជ្រាវពីប្រភពកូវីដ-១៩ក្នុងប្រទេសចិន៕
រូបភាព៖ AFP