បេក្ខភាពសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យលោក Jon Ossoff បានយកឈ្នះទៅលើបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោកDavid Perdue ដោយមានសំឡេងនាំមុខដល់ទៅជាង១២ពាន់សន្លឹក ក្នុងការបោះឆ្នោតប្រជែងកៅអីព្រឹទ្ធសភានៅក្នុងរដ្ឋ Georgia។
នៅរសៀលថ្ងៃទី៦ខែមករា បណ្តាញផ្សព្វផ្សាយនានារបស់អាមេរិកបានផ្សាយថា បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកJon Ossoff បានយកឈ្នះ ក្នុងការបោះឆ្នោតដ៏សំខាន់នេះ។ ដូច្នេះនេះជាជ័យជម្នះទីពីររបស់គណបក្សប្រជាធិបតេយ្យ ទៅលើគណបក្សសាធារណរដ្ឋ ។ កន្លងមក បេក្ខភាព Raphael Warnock ក៏បានយកឈ្នះទៅលើបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោកKelly Loefflerផងដែរ។ លោក Raphael Warnock ក្លាយជាសមាជិកព្រឹទ្ធសភាដំបូងបង្អស់នៅក្នុងរដ្ឋ Georgia ហើយលោកOssoff ក្លាយជាសមាជិកព្រឹទ្ធសភាវ័យក្មេងបំផុត ដោយលោកទើបតែមានអាយុ ៣៣ឆ្នាំប៉ុណ្ណោះ។
ជ័យជម្នះខាងលើ គឺជារឿងសំខាន់បំផុត ដោយគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា។ ទាំងនោះជារឿងដ៏ល្អបំផុត ដើម្បីជួយឲ្យនយោបាយរបស់លោកបៃឌិន ដំណើរការយ៉ាងរលូនទៅមុខ។
ពេលនេះគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ មានកៅអីក្នុងព្រឹទ្ធសភាស្មើគ្នាគឺ៥០ទល់និឹង៥០ ។ ប៉ុន្តែលោកស្រី Kamala Harris ដែលទើបតែជាប់ឆ្នោតអនុប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ មានសិទ្ធិក្នុងការបោះឆ្នោត ដូច្នេះគណបក្សប្រជាធិបតេយ្យ មានប្រៀបក្នុងព្រឹទ្ធសភា៕
រូបភាព៖ AP