សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូងនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង ដែលបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានសន្យាអនុវត្តទៅតាមកិច្ចព្រមព្រៀង ឧបទ្វីបកូរ៉េ ។
ការប្រកាសខាងលើរបស់កូរ៉េខាងត្បូង កើតឡើងក្រោយពេលដែលមេដឹកនាំ គីម ជុងអ៊ុនបានលើកឡើងថា កូរ៉េខាងត្បូងដើរផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគីនាពេលកន្លងមក។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងឯកភាពជាតិ លោកYoh Sang-key បានលើកឡើងថា គោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺរកឱកាសដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងដើម្បីនាំមកនូវសន្តិភាព និងការមិនរីកសាយភាយអាវុធបរមាណូ។
លោកYoh Sang-key បញ្ជាក់ទៀតថា «ដូចអ្វីដែលយើងបានប្រកាសនាពេលកន្លងមក យើងនឹងប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀង ដោយសង្ឃឹមថា នៅពេលអនាគត កូរ៉េទាំងពីរនឹងបញ្ឈប់រាល់ការប្រឈមមុខ រួមគ្នាកសាងសន្តិភាព ស្ថិរភាព និងការរីកចម្រើន ពឹងផ្អែកទៅលើទំនុកចិត្តគ្នា»។
លោកYoh Sang-key បង្ហាញក្តីសង្ឃឹមថាកិច្ចពិភាក្សាទ្វេភាគី នឹងតភ្ជាប់ឡើងវិញក្នុងពេលឆាប់ៗ ហើយជឿជាក់ថា រដ្ឋាភិបាលថ្មីអាមេរិកនឹងខិតខំដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីល្អប្រសើរ។
កន្លងមកសារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សេចក្តីប្រកាសរបស់មេដឹកនាំ គីម ជុងអ៊ុនបញ្ជាក់នៅក្នុងមហាសន្និបាតបក្ស លើកទី៨ ដោយអំពាវនាវដល់ទីក្រុងសេអ៊ូលគោរពតាមកិច្ចព្រមព្រៀងកសាងសន្តិភាព បញ្ចប់ភាពតានតឹងក្នុងតំបន់ ៕ ដោយ៖ធីរីណា
ប្រធានាធិបតីកូរ៉េខាងត្បូងមូនជេអ៊ីន (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៨ ។ រូបថតឯកសារ៖ AFP / TTXVN