សុខភាព៖ បេីយោងតាមវេបសាយសុខភាព Health.com.kh បានបង្ហាញឱ្យដឹងពីគន្លឹះងាយៗ សម្រាប់លោកអ្នកដែលចង់កម្ចាត់កោសិកាស្បែកងាប់ៗ មិនពិបាកឡើយ! គួរធ្វើបែបណាខ្លះទៅ? កុំបារម្ភ! មិនតែប៉ុណ្ណោះវាមានប្រសិទ្ធភាពក្នុងការកម្ចាត់កោសិកាស្បែកងាប់ៗបានឆាប់រហ័ស។
តោះបេីចង់ដឹងច្បាស់សូមអានព័ត៍មានលម្អិតមានដូចខាងក្រោម៖
១. រូបមន្តគ្រាប់ផ្លែបឺរ
សាច់ផ្លែបឺរ គឺល្អណាស់សម្រាប់សុខភាពស្បែក ប៉ុន្តែអ្នកក៏អាចប្រើប្រាស់គ្រាប់នៃផ្លែឈើនេះដើម្បីកម្ចាត់រាល់កោសិកាស្បែកងាប់ៗបានយ៉ាងប្រសើរផងដែរ។ រូបមន្តនេះក៏ជួយកម្ចាត់ភាពកខ្វក់ និងជាតិខ្លាញ់ដែលលើសចេញពីស្បែកគួរឱ្យកត់សម្គាល់។ គ្រាប់ផ្លែបឺរជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបំប៉ន និងជួសជុលស្បែកដែលមានបញ្ហាស្ងួត មិនទន់រលោង និងខូចខាតឡើងវិញតាមរយៈការម្ចាត់កោសិកាស្បែកដែលងាប់ៗចេញ។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតគ្រាប់ផ្លែបឺរឱ្យស្អាត រួចបកសំបកពណ៌ត្នោតនៃគ្រាប់ចេញ។ បន្ទាប់មកកិនគ្រាប់ផ្លែបឺរឱ្យម៉ដ្ឋក្លាយជាម្សៅ។ លាយម្សៅនៃគ្រាន់ផ្លែបឺរ ១ ស្លាបព្រាបាយ ជាមួយប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងចានគោមមួយ។ កូរលាយឱ្យសព្វ សឹមប្រើប្រាស់ល្បាយនេះលាបម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់លើ-ក ស្បែកមុខ កែងដៃ និងផ្នែកផ្សេងទៀតនៃរាងកាយកន្លែងដែលអ្នកចង់កម្ចាត់កោសិកាស្បែកងាប់ៗចេញ។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី សឹមងូតទឹកសម្អាតចេញ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។
២. រូបមន្តកាកកាហ្វេ
កាកកាហ្វេដែលឆុងរួចមានអត្ថប្រយោជន៍ជួយកម្ចាត់កោសិកាស្បែកងាប់ៗនិងគាំទ្រដល់ការផលិតកោសិកាស្បែកថ្មីនៃរាងកាយ។ សារធាតុflavonols ក្នុងកាកកាហ្វេជួយជួសជុលស្បែកដែលខូចខាត បង្កើនភាពទន់រលោងនៃស្បែក និងរក្សាភាពភ្លឺថ្លា។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ១ ស្លាបព្រាបាយជាមួយកាកកាហ្វេ ៣ ស្លាបព្រាបាយ ស្ករស ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយថ្នមៗក្នុងចលនាបែបរង្វង់លើ-ល កែងដៃ និងជង្គង់។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៥ ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។
៣. ស្ករសនិងប្រេងអូលីវ
ស្ករសល្អណាស់សម្រាប់កម្ចាត់កោសិកាស្បែកងាប់ៗ ខណៈដែលប្រេងអូលីវជួយផ្ដល់សំណើមដល់ស្បែក។
អ្វីដែលអ្នកត្រូវធ្វើ គឺលាយស្ករសកន្លះពែង ជាមួយប្រេងអូលីវពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់បន្តិច។ កូរលាយល្បាយឱ្យសព្វចូលគ្នា និងលាបម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់លើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។ អ្នកអាចប្រើប្រាស់រូបមន្តនេះលើគ្រប់ផ្នែកនៃរាងកាយ រួមបញ្ចូលទាំងបបូរមាត់៕ប្រភព៖ Health.com.kh