អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលចិន បន្ទាប់ពីធ្វើតេស្តការ៉េមជិត ៥ ពាន់ប្រអប់ ស្រាប់តែរកឃើញថាមានដានវីរុសកូវីដ១៩ ខណៈដែរសំណាកចំនួន ៣ប្រអប់ដែលបង្ហាញថា ការ៉េមមានផ្ទុកនូវវីរុសនេះ នៅក្នុងទីក្រុងធានជីន ភាគខាងជើងនៃប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail នាពេលថ្មីៗនេះ។
អាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់បន្ថែមថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង ៤,៨៣៦ ប្រអប់ ហើយនៅក្នុងនោះមាន៖ ការ៉េម ចំនួន ២,០៨៩ ត្រូវបានគេរក្សាទុកនៅក្នុងស្តុក ការ៉េមចំនួន ១,៨១២ ប្រអប់ត្រូវបានចែកចាយទៅកាន់ផ្សារចំនួន៩៣៥ កន្លែងនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសចិន និងការ៉េមចំនួន ៦៥ ប្រអប់ទៀតត្រូវបានលក់ឲ្យទៅកាន់អតិថិជនរួចរាល់ហើយ។
សូមជម្រាបថា អាជ្ញាធរចិន បន្ទាប់ពីការកឃើញភ្លាមៗ បានសម្រេចឲ្យបុគ្គលិកដែលបានធ្វើការងារពាក់ព័ន្ធជាមួយនឹងការផលិតផល និងចែកចាយការ៉េមចំនួន ១,៦៦២នាក់ ត្រូវផ្អាកពីការងារជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័កនិងទៅធ្វើតេស្តរកមេរោគ។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានអំពាវនាវឲ្យពលរដ្ឋដែលបានទិញ ឬប៉ះពាល់ការ៉េមទាំងនេះត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការចម្លងមេរោគបន្តទៅក្នុងសហគមន៍ក្នុងករណីដែលពួកគេបានឆ្លងជំងឺកូវីដ ១៩តាមរយៈការ៉េមទាំងនោះ៕ដោយ៖ស តារា