ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ អង្គការយូណេស្កូ (UNESCO) បានសម្ពោធសៀវភៅជាភាសាខ្មែរចំនួន ពីរក្បាលស្តីពី «កូវីដ-១៩៖ តួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ» និងសៀវភៅណែនាំ «សុវត្ថិភាពអ្នកសារព័ត៌មាន»។ ជាក់ស្តែងសៀវភៅទាំងពីរក្បាលនេះ នឹងជាជំនួយសម្រាប់អ្នកសារព័ត៌មានក្នុងពេលបំពេញភារកិច្ច ការការពារខ្លួនលើប្រព័ន្ធឌីជីថល និងការធ្វើផែនការជីវិតជាដើម។
បេីតាមអ្នកជំនាញលើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅយូណេស្កូ លោក Mikel Aguirre Idiaquez បានលើកឡើងថា សៀវភៅ «កូវីដ-១៩៖ តួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ» គឺវានឹងផ្ដល់សារប្រយោជន៍សម្រាប់បរិបទកម្ពុជា។
អ្នកជំនាញរូបនេះ បន្តថា សៀវភៅ ដែលមានកម្រស់២៨ទំព័រ បានលើកឡើងពីគោលការណ៍ណែនាំជាច្រើនសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ទាក់ទិននឹងសិទ្ធិសេរីភាពបញ្ចេញមតិ, ការការពារទិន្នន័យឯកជន, ការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការការពារអ្នកសារព័ត៌មាននៅក្នុងវិបត្តិកូវីដ-១៩ និងជំរុញឲ្យរដ្ឋគោរពតាមលក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនានាជាដើម។
លោក Idiaquez គូសបញ្ជាក់ទៀតថា សៀវភៅស្តីពី«សុវត្ថិភាពអ្នកសារព័ត៌មាន» ដែលមានកម្រាស់ ២៥២ទំព័រនេះ ផ្ដល់ការណែនាំទាក់ទិននឹងសុវត្ថិភាពរូបរាងកាយរបស់អ្នកសារព័ត៌មាន ក្នុងពេលចុះទៅបំពេញភារកិច្ច ក្នុងអំឡុងពេលសង្គ្រាម ជំងឺរាតត្បាត បាតុកម្ម និងការការពារខ្លួនលើប្រព័ន្ធឌីជីថលជាដើម។ សៀវភៅដដែលនេះ ក៏បានណែនាំអ្នកសារព័ត៌មានឱ្យចេះថែទាំងសុខភាព, ការដាក់សម្ភារវេជ្ជសាស្ត្រ ឬសម្ភារសម្រាប់សម្រាក ដើម្បីការពារខ្លួនពីជំងឺផ្សេងទៀត, ការរៀបចំហិរញ្ញវត្ថុ និងវិធានការជាច្រើនទៀត ក្នុងអំឡុងពេលចុះបំពេញភារកិច្ច។
គួរបញ្ជាក់ថា សៀវភៅណែនាំកូវីដ-១៩៖ តួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ» ត្រូវបានបោះពុម្ភជាភាសាអង់គ្លេសនៅក្នុងខែកញ្ញា ឆ្នាំ២០២០ និងសៀវភៅណែនាំ « សុវត្ថិភាពអ្នកសារព័ត៌មាន» បានបោះពុម្ភជាភាសាអង់គ្លេសនៅក្នុងឆ្នាំ២០១៥ កន្លងមក៕ដោយ៖សហការី