ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍លើកឡើងពីប្រវត្តិផ្សារធំថ្មីនៅរាជធានីភ្នំពេញថាៈ ផ្សារធំថ្មី សាងសង់នៅក្នុងឆ្នាំ១៩៣៧ ក្នុងអំឡុងពេលអាណានិគមន៌បារាំង។ នៅក្នងសម័យសង្គ្រោម ផ្សារនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ ក្រោយពីប្រទេសត្រូវបានរំដោះពីរបបខ្មែរក្រហមប៉ុលពត និងក្រោយពីយើងបានទទួលនូវសុខសន្តិភាពពេញលេញ ផ្សារធំថ្មី ក៏ត្រូវបានរៀបចំកសាងអោយមានភាពទូលាយ ប្រកបដោយសោភ័ណភាពស្អាតតែនៅរក្សាទ្រង់ទ្រាយដើម។ ផ្សារធំថ្មី ពេលនេះបានក្លាយទៅកន្លែងទាក់ទាញទេសចរណ៌ដ៏សំខាន់បំផុតមួយនៅក្នុងរាជធានីភ្នំពេញ។
ភ្ញៀវទេសចរណ៍ជាតិ ជាពិសេសភ្ញៀវអន្តរជាតិ ពេលមកកំសាន្តនៅរាជធានីភ្នំពេញ ជាទូទៅគឺទៅទស្សនាផ្សារធំថ្មីដែលមានមនុស្សណែនណាន់តាន់តាប់ និងសកម្មភាពលក់ដូរជាច្រើនដូចជា តូបលក់ម្ហូបអាហារ តូបលក់បន្លែ តូបត្រីសាច់ គ្រឿងអលង្ការ និងនាឡិកា តូបទ្រនាប់ជើង កន្លែងលក់សម្ភារៈការិយាល័យ ផ្កាស្រស់ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ល។ ក្រៅពីការទស្សនាសោភ័ណភាពស្ថាបត្យកម្មសំណង់នាសម័យអាណានិគមបុរាណមួយនេះ ភ្ញៀវទេសចរក៏អាចទិញទំនិញគ្រប់ប្រភេទ និងវត្ថុអនុស្សាវរីយ៍ជាច្រើននៅទីនេះផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានយកចិត្តទុកដាក់ខិតខំថែរក្សាការពារសន្តិភាព និងស្ថេរភាពនយោបាយដែលបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករក្នុងការប្រកបអាជីវកម្មតូចធំនៅក្នុងប្រទេសជាតិយើង៕
ដោយ៖ សុខ ខេមរា