រថយន្ត​ដឹក​អង្ករ​ទម្ងន់​៧០​តោន​ ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត​ជា​ច្រើន​កន្លែង​បាន​ទៅ​ដល់​គោលដៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ គេ​រាយការណ៍​ថា​ រថយន្ត​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​ ដែល​ខូច​កាលពី​ពាក់កណ្តាល​អ​ធា​ត្រ​ ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ អូស​បន្លាយ​រហូត​ដល់​ថ្ងៃត្រង់​នៅ​លើ​ស្ពាន​អ្នក​លឿង​ ឬ​ស្ពាន​ត្សឹ​បា​សា​ បាន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន​ហើយ​។​ ជាមួយ​នោះ​ ម្ចាស់​រថយន្ត​ក៏​បាន​គេចខ្លួន​ទៅ​ប្រទេស​ថៃ​ដែរ​ ។​

​លោក​អ៊ុ​ន​ សុ​ផា​ណ្ណា​រិ​ទ្ធ​ អធិការរង​ស្រុក​ពាមរ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​នោះ​បាន​ដាច់​កាឡេ​ ហើយ​បាន​យក​កំណល់​មក​កល់​ ដោយសារ​រថយន្ត​ធ្ងន់​ ក៏​ធ្វើ​ឲ្យ​ស្រុត​កៅស៊ូ​អ៊ុត​លើ​ស្ពាន​ ។​ លោក​បន្ត​ថា​ យ៉ាងណា​ក៏​ដោយ​មន្ត្រី​ជំនាញ​ជនជាតិ​ជប៉ុន​ និង​ផ្នែក​សាធារណការ​បាន​ដោះស្រាយ​បញ្ហា​រួចរាល់​អស់ហើយ​ ។​

​លោក​នួន​ ចំ​រ៉ុ​ង​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ គ្មាន​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ទេ​ ហើយ​ក៏​មិនដឹង​ថា​ រថយន្ត​ដឹក​អង្ករ​នោះ​ចេញពី​ទីណា​មក​ដែរ​ ។​ លោក​ថា​ នៅ​ខេត្តព្រៃវែង​មាន​តែ​ផ្លូវជាតិ​លេខ​៨​ប៉ុណ្ណោះ​ ដែល​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ ។​ យ៉ាងណា​ក៏​ដោយ​ ម្ចាស់​រថយន្ត​បាន​ដោះស្រាយ​បញ្ចប់​ជាមួយ​អ្នក​មើល​ការ​ខុស​ត្រូវ​ស្ពាន​នោះ​ហើយ​ ។​

​ប្រភព​បាន​រាយការណ៍​ថា​ ម្ចាស់​រថយន្ត​ដឹក​អង្ករ​ឈ្មោះ​ ម៉ែ​ន​ ចាន់​បុប្ផា​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ពាម​កោះ​ ស្រុក​ពាមរ​ ខេត្តព្រៃវែង​ ។​ សេចក្តីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​នេះ​បាន​ចាកចេញ​ទៅ​ប្រទេស​ថៃ​បាត់​ហើយ​ ។​ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​នេះ​មិនមែន​រត់​ទេ​ គឺ​គេ​ទៅ​តាម​រថយន្ត​ដើម្បី​ទូទាត់​ប្រាក់​ថ្លៃ​អង្ករ​ជាមួយ​ភាគី​អ្នកទិញ​ ។​

​លោក​ ផែង​ សុវិជ្ជា​នោ​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ បាន​ថ្លែង​ថា​ ពី​ព្រំប្រទល់​ខេត្តស្វាយរៀង​ជាប់​ប្រទេស​វៀតណាម​ដល់​រាជធានី​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ មាន​ជញ្ជីង​ថ្លឹង​រថយន្ត​៣​កន្លែង​ ប៉ុន្តែ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង​ មិន​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទេ​ ។​ ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តស្វាយរៀង​មួយ​កន្លែង​ ខេត្តកណ្តាល​១​កន្លែង​ និង​ជាយ​រាជធានី​ភ្នំពេញ​មួយ​កន្លែង​ ។​

​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដែល​នឹង​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ​ទៀត​ចំពោះ​បញ្ហា​រថយន្ត​ដឹក​លើស​ទម្ងន់​នោះ​ ក្រសួង​សាធារណការ​នឹង​ចាត់វិធានការ​ភ្លាមៗ​បញ្ចុះ​ជញ្ជីង​២​ថែម​ទៀត​នៅ​ចុង​ទាំង​សងខាង​ស្ពាន​ត្សឹ​បា​សា​ ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ផែង​ សុវិជ្ជា​នោ​ ។​ លោក​បន្ថែម​ថា​ ក្រសួង​នឹង​ចាត់វិធានការ​ភ្លាមៗ​ដាក់​ជញ្ជីង​នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល​១​ និង​ខេត្តព្រៃវែង​មួយ​ ពោល​គឺ​ចុងស្ពាន​ទាំង​សងខាង​ សុទ្ធតែ​មាន​ជញ្ជីង​ ។​

​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តែ​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​រថយន្ត​ដឹក​លើស​ទម្ងន់​អាច​ធ្វើ​ដំណើរ​ដោយ​រលូន​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​ពី​ភាគ​ខាងកើត​ប្រទេស​ រហូត​ដល់​ចុង​ខាងលិច​ប្រទេស​ ដែល​ឆ្លងកាត់​កន្លែង​ថ្លឹង​រថយន្ត​រាប់​សិប​ ប៉ុន្តែ​នៅ​តែ​អាច​ធ្វើ​ដំណើរ​បាន​ដល់​គោលដៅ​ ។​ ចំណុច​នេះ​មិនដឹង​ថា​ តើ​រថយន្ត​ដឹក​អង្ករ​នោះ​បាន​ចូល​ថ្លឹង​ទម្ងន់​ដែរ​ ឬ​យ៉ាងណា​នោះ​ទេ​?​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ ក្នុង​មហាសន្និបាត​បូក​សរុប​ការងារ​ក្រសួងមហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ បាន​ជម្រុញ​ ឲ្យ​សមត្ថកិច្ច​តាម​ចាប់​រថយន្ត​ ដែល​ដឹក​លើស​ទម្ងន់​ ធ្វើ​ឲ្យ​ខូចខាត​ផ្ទៃ​ក្រាល​កៅស៊ូ​របស់​ស្ពាន​អ្នក​លឿង​ ឬ​ ស្ពាន​ ត្សឹ​បា​សា​ ដែល​ជា​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ ដែល​ចម្ងាយ​វែង​ និង​ល្អ​ផ្ដាច់​គេ​នៅ​កម្ពុជា​។​

​វិធានការ​នេះ​ បាន​ទាក់ទាញ​ឲ្យ​មានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ ពី​សាធារណៈជន​ ដែល​ជា​ការ​ព្រមាន​ដល់​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទាំងឡាយ​ កុំ​ឲ្យ​ដឹក​លើស​ទម្ងន់​ ជា​ហេតុ​បង្ករ​ឲ្យ​ខូច​ស្ពាន​ ឬ​ផ្លូវ​។​ ប៉ុន្តែ​ជាមួយ​គ្នា​ក៍​មានការ​ទាមទារ​យ៉ាង​ទទូច​ផង​ដែរ​ ឲ្យ​មានការ​ចាត់វិធានការ​យ៉ាង​ហ្មឺ​ង​ម៉ាត់​ ចំពោះ​ភ្នាក់ងារ​ថ្លឹង​រថយន្ត​ ដែល​មាន​តាំងទី​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​នោះ​ផង​ ចំពោះ​ភាព​ខ្វះ​ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ​ ។​

​នៅ​លើ​បណ្ដាញ​សង្គម​ (face​ book)​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ពលរដ្ឋ​ជា​ច្រើន​ បាន​បញ្ចេញយោបល់​ចំពោះ​ករណី​នេះ​ ដោយ​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ក្រុម​មន្ត្រី​គ្រប់គ្រង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ ដែល​មាន​តួនាទី​ត្រួតពិនិត្យ​លើ​ទម្ងន់​ដឹក​របស់​រថយន្ត​។​ ពួក​គេ​បាន​លើក​ឡើង​ថា​ ស្ថានីយ៍​ជញ្ជីង​ភាគច្រើន​ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សាធារណៈការ​ ឬ​ខេត្ត​ ជា​ជញ្ជីង​ថ្លឹង​លុយ​ ជា​ជាង​ការ​ត្រួតពិនិត្យ​រក​ឲ្យ​ឃើញ​បទល្មើស​ នៃ​ការ​ដឹក​លើស​ទម្ងន់​ ដោយសារ​តែ​អំពើ​ពុក​រលួយ​នេះ​ហើយ​ ដែល​ជាដើម​ចម​ បណ្ដាល​ឲ្យ​ស្ពាន​ ឬ​ផ្លូវ​ ទទួល​រង​ការ​ខូចខាត​នោះ​។​

​គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​រថយន្ត​ដឹក​អង្ក​ ធុន​ធំ​មួយ​គ្រឿង​ កាលពី​យប់​ថ្ងៃ​ទី​២២​ កុម្ភៈ​ បាន​ដាច់​កាឡេ​ នៅ​លើ​ស្ពាន​អ្នក​លឿង​ ដ៍​ស្រស់​ស្អាត​ ដោយសារ​តែ​រថយន្ត​នោះ​ដឹក​លើស​ទម្ងន់​បណ្តាល​ ឲ្យ​ស្រុត​ខូច​ផ្នែក​ក្រាល​កៅស៊ូ​ ។​ ករណី​នេះ​ ក្រុម​ប្រជាពលរដ្ឋ​បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ ដាក់​ទណ្ឌ​ទោស​ឲ្យ​បាន​ខ្លាំង​ចំពោះ​អ្នក​ប្រព្រឹត្ត​ និង​ អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ប្រឆាំង​ នឹង​ បទល្មើស​នេះ​ ។​

​លើ​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​លើស​ទំងន់​ គេ​តែងតែ​ឃើញ​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​យក​វេទិកា​នានា​ ដើម្បី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ចាត់វិធានការ​ទៅ​លើ​រថយន្ត​ដឹក​ទំនិញ​ដែល​លើស​ទំងន់​ និង​រថយន្ត​ធំៗ​ដែល​ចូល​ទៅ​ក្រុង​ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ទៅ​ដល់​ផ្លូវថ្នល់​ ស្ពាន​ និង​ស្ទះចរាចរណ៍​ ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​ផង​។​

​ជាក់ស្តែង​ករណី​រថយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​មួយ​គ្រឿង​ ដែល​បើកបរ​ឆ្លងកាត់​ត្សឹ​បា​សា​ ឬ​ស្ពាន​អ្នក​លឿង​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ខកខាន​ ឬ​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ក្នុង​ការ​ទប់ស្កាត់​ ឬ​រារាំង​ កុំ​ឲ្យ​រថយន្ត​ធន់​ធ្ងន់​ដឹក​អង្ករ​ដល់​ទៅ​ជាង​៧០​តោន​បែប​នេះ​ ឆ្លងកាត់​នោះ​ទេ​។​ តែ​ផ្ទុយ​ទៅ​វិញ​ រថយន្ត​យី​ឌុ​ប​ដឹក​អង្ករ​ដែល​មាន​ទំងន់​ដល់​ទៅ​ជាង​៧០​តោន​មួយ​គ្រឿង​នេះ​ បែរជា​អាច​បើកបរ​ឆ្លងកាត់​ស្ពាន​មួយ​នេះ​បាន​ ដោយ​មិន​ទើសភ្នែក​សមត្ថកិច្ច​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ពី​ខេត្តស្វាយរៀង​មក​ភ្នំពេញ​នេះ​ មិន​មាន​ជញ្ជីង​ថ្លឹង​ទម្ងន់​ទេ​ឬ​?​ ហើយ​ថា​តើ​ អាជ្ញាធរ​នៅ​ទីនោះ​ធ្វើ​អ្វី​ បានជា​ មើល​មិនឃើញ​រថយន្ត​ធន់​យក្ស​មួយ​គ្រឿង​នេះ​បើកបរ​ឆ្លងកាត់​ភូមិសាស្ត្រ​របស់​ខ្លួន​បែប​នេះ​?​ តើ​នេះ​ មក​ពី​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ ឬ​ក៏​មក​ពី​រថយន្ត​ដឹក​ទំនិញ​ទាំងនោះ​ មាន​សិទ្ធិ​អ​ទិ​ភាព​ណាមួយ​ ដែល​ពិបាក​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​?

​តាម​ពិត​ទៅ​ ករណី​បែប​នេះ​ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​សម្រាប់​កម្ពុជា​។​ ជា​រឿយៗ​ គេ​តែងតែ​បានឮ​ពី​សេចក្តីរាយការណ៍​នានា​ ពី​ការ​បាក់​ស្ពាន​ ឬ​ការ​ខូចខាត​ផ្លូវថ្នល់​ជាដើម​ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយសារ​ការ​ផ្ទុក​លើស​ទំងន់​របស់​រថយន្ត​ដឹក​ទំនិញ​របស់​ឈ្មួញ​។​ ហើយ​ករណី​ទាំង​អស់នោះ​ ក៏​បញ្ចប់​ទៅ​វិញ​ ត្រឹមតែ​សំណង​ជួសជុល​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ គួរ​បញ្ជាក់​ថា​ កាលពី​អំឡុង​ឆ្នាំ​២០១៤​ នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ស្ថិត​នៅ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិន​ត្រឹមតែ​បាន​អំពាវនាវ​ទេ​ តែ​ថែម​ទាំង​បាន​ព្រមាន​ទៀត​ផង​ ទៅ​ដល់​មន្ត្រី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ និង​ត្រួតពិនិត្យ​ ទៅ​លើ​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ប្រភេទ​ធុន​ធំៗ​ ដែល​បាន​ដឹក​ទំនិញ​លើស​ចំណុះ​ផ្ទុយ​ពី​ការ​កំណត់​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​។​ ប៉ុន្តែ​សកម្មភាព​ល្មើស​នេះ​ នៅ​តែ​មាន​ដដែល​។​ តួយ៉ាង​នៅ​ក្នុង​ករណី​រថយន្ត​យ៉ី​ឌុ​ប​ដែល​ផ្ទុក​អង្ករ​លើស​ទំងន់​ជាង​៧០​តោន​នេះ​ ប្រសិនបើ​រថយន្ត​នេះ​មិន​ខូច​នៅ​ពាក់កណ្តាល​ស្ពាន​ទេ​នោះ​ ក៏​ប្រហែលជា​មិន​មាន​ន​ណា​ដឹង​នោះ​ឡើយ​ ហើយ​បើ​ក្នុង​ករណី​ដែល​រថយន្ត​នេះ​បង្ក​ឲ្យ​ស្ពាន​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​នេះ​បាក់​ទៅ​វិញ​នោះ​ តើន​ណា​ជា​អ្នក​ទទួលខុសត្រូវ​? ៕

​​1

2

3

1

...

2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print