ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់ និងសន្តិសុខបារបារាំងយីហោ «ជីផាប» ម្តុំផ្សារសូរិយាម៉ល បានផ្ទុះកំហឹងដាក់គ្នាវាយមួយប្រាវបណ្ដាលឲ្យជនរបទេសរងរបួសបែកមុខបែកមាត់ ខណៈដែលគាត់ស្រវឹងស្រា រួចក៏ដើរចាប់គូទស្រីៗពេញក្នុងក្លឹប ពេលសន្តិសុខឃាត់មិនព្រមស្តាប់ ក៏បង្កហិង្សាតែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៥១ នៅក្នុងបារបារាំងយីហោ «ជីផាប» ម្តុំផ្សារសូរិយាម៉ល ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនជាតិបរទេសមិនស្គាល់អត្តសញ្ញាណ ហើយក៏មិនដឹងថាគាត់ស្នាក់នៅសណ្ឋាគារម្តុំណានោះដែរ បានមកអង្គុយផឹកស៊ីនៅក្នុងបារបារាំងខាងលេីនេះ លុះពេលដែលស្រវឹងស្រា ស្រាប់តែដើរចាប់គូទស្រីៗនៅក្នុងបារតែម្តង។
ប្រភពដដែលបន្តថា ភ្លាមនោះសន្តិសុខដែលមើលការខុសត្រូវក្នុងហាង ឃើញបែបនេះក៏បានដើរទៅប្រាប់មិនឲ្យធ្វើបែបនេះ ស្រាប់តែត្រូវជនជាតិបរទេសរូបនោះវាយទៅលើសន្តិសុខ បណ្តាលឱ្យរងរបួសស្រាល ធ្វើឲ្យសន្តិសុខខឹងក៏បានវាយតបទៅវិញចំនួន៧ដៃ ធ្វើឱ្យជនជាតិបរទេសរូបនេះរងរបួសបែកមុខបែកមាត់ បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ហើយក៏ត្រូវបានឃាត់ខ្លួនជនជាតិបរទេសរូបនោះយកទៅការិយាល័យសន្តិសុខផ្សារសូរិយាម៉ល ដើម្បីសួរនាំ ។ ចំណែកស្ត្រីៗដែលត្រូវបុរសជនជាតិបរទេសបំពាននោះ មិនបានទៅដាក់ពាក្យបណ្តឹងទេ។
ក្រោយកើតហេតុខាងលើនេះ សន្តិសុខបានដាក់ពាក្យបណ្តឹងប្តឹងជនបរទេសរូបនេះ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕ដោយ៖សហការី