កងរាជអាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនបានហើយជនសង្សយ័សម្លាប់ប្លន់យកទូរស័ព្ទនិងម៉ូតូនៅផ្ទះសំណាក់៣៦២ ក្រោយពីរត់គេចខ្លួនបាន១៤ថ្ងៃ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យពីរនាក់ដែលប្លន់សម្លាប់ក្មេងប្រុសនៅផ្ទះសំណាក់”៣៦២” យកទូរស័ព្ឌនិងម៉ូតូ បានត្រូវកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនបានហើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល​ ព្រមទាំងមានការចុះដឹកនាំអនុវត្តផ្ទាល់ដោយលោក វរសេនីយ៍ឯក ទូច អ៉ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាលទទួលការងារស្រាវជ្រាវ​និងបង្ក្រាបបទល្មើស រួមជាមួយមន្ទីរជំនាញ ក្រុងស្រុកពាក់ព័ន្ធ។

ហេតុការណ៍ប្លន់សម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីហោ ៣៦២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី​ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្ទះសំណាក់ (ផ្ទះកើតហេតុ) ស្នាក់នៅបន្ទប់ជួលក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទី១ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២ ឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពីមន្ត្រីជាន់ខ្ពស់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជនសង្សយ័ទាំងពីរនាក់បានទៅជួលបន្ទប់ផ្ទះសំណាក់ខាងលើដេក ដោយជនរងគ្រោះជាអ្នករៀបចំបន្ទប់។ លុះដល់ម៉ោង៥និង៣០នាទីព្រឹកម្ចាស់ផ្ទះសំណាក់ចេញទៅខាងក្រៅពុំឃើញម៉ូតូរបស់ខ្លួននិងមិនឃើញជនរងគ្រោះ ក៏ទៅឆែកកាមេរ៉ា​សុវត្ថិភាពមើលឃើញជនសង្ស័យម្នាក់នៅបន្ទប់លេខ៧ ជាអ្នកលួចម៉ូតូ។ ក្រោយមកម្ចាស់ផ្ទះសំណាក់ទៅបើកទ្វារបន្ទប់លេខ៧ ជាប់សោបើកមិនរួចក៏យកសោទៅចាក់ទ្វារបន្ទប់នោះ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែមានគ្របកន្សែងពោះគោ និងយកខ្នើយដាក់ពីលើមុខ។ ឃើញដូច្នេះម្ចាស់ផ្ទះសំណាក់ក៏រាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងក្រុងតាខ្មៅ បានចុះទៅពិនិត្យកន្លែងកើតហេតុ បើកការស៊ើបអង្កេតនិងស្រាវជ្រាវតាមនីតិវិធី ដោយបានសហការជាមួយជំនាញស្នងការដ្ឋានធ្វើការស្រាវជ្រាវនិងបង្រ្កាបបទល្មើសទៅតាមបទពិសោធន៍ និងបច្ចេកទេសវិទ្យាសាស្រ្តស្រាវជ្រាវទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ រហូតឈានដល់ការកំណត់មុខសញ្ញាក្រុមជនសង្ស័យបាន។ ក្នុងនោះ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានកិច្ចសហការរវាងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងនោះ កម្លាំងយើងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ដូចខាងក្រោម ៖
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខេត្ត ក្រុងតាខ្មៅ និងស្រុកកៀនស្វាយ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលនាំមកអង្គភាពធ្វើការសាកសួរ និងដកហូតវត្ថុតាងទូរស័ព្ទ ០១គ្រឿងម៉ាក វីវ៉ូ ពណ៌ខៀវ​ របស់ជនរងគ្រោះ (សព) និងសម្ភារធ្វើសកម្មភាពមួយចំនួន។ បន្ទាប់មក នៅថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្ត បានពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដកហូតវត្ថុតាង ឡំប្រឺតា១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GR-2680នៅចំណុចមុខស្ថានីយអយស្ម័យយាន ស្ថិតក្នុងភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ជនសង្សយ័ឈ្មោះ ថា ធុល បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរសព្ទ័ហៅឈ្មោះ ខឹម សំណាង ឲ្យយកឡំប្រឺតាដឹកខ្លួនពីកៀនស្វាយទៅកំពង់ចាម លុះជិះមកដល់ក្រុងតាខ្មៅឡំប្រឺតាខូចក៏យកទៅផ្ញើនៅមន្ទីរពេទ្យជយ័ជំនះ រួចក៏ហៅឡំប្រឺតាមួយគ្រឿងទៀតជិះទៅដេកផ្ទះសំណាក់កើតហេតុហើយនាំគ្នាជក់គ្រឿងញៀនបណ្តើររៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួចយកម៉ូតូនៅផ្ទះសំណាក់។ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ពួកខ្លួនក៏ហៅជនរងគ្រោះឲ្យយកស្រាបៀរពីរកំប៉ុងបន្ថែមទៀតចូលក្នុងបន្ទប់ ពេលនោះខ្លួនក៏ច្រានជនរងគ្រោះដួលផ្កាប់មុខលើពូកហើយទាញកន្សែងពោះគោរិឹត.ក ជនរងគ្រោះ ថែមទាំងបានស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចឲ្យឈ្មោះ ខឹម​ សំណាង នៅយាមជនរងគ្រោះ ខ្លួនជាអ្នកទៅកាច់សោលួចម៉ូតូ។ ក្រោយពីកាច់សោលួចម៉ូតូបានហើយ ទើបចូលទៅហៅឈ្មោះ ខឹម សំណាង ចេញក្រៅរួចជិះឌុបគ្នាទៅកៀនស្វាយ ខ្លួនបានទូរសព្ទ័ទៅឈ្មោះជាង ម៉ាប់ ហៅចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃបួនរយដុល្លារ ចែកគ្នាពីរនាក់ឈ្មោះខឹម សំណាង បានម្នាក់ពីររយដុល្លារ។ ចំណែកជនសង្សយ័ឈ្មោះ ខឹម សំណាង បានសារភាពថា ខ្លួនជាអ្នកទិញថ្នាំញៀននិងជក់ជាមួយឈ្មោះ ថា ធុល ហើយពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាងលើរបស់ឈ្មោះ ថា ធុល ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត៕

...

ដោយ, ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print