សេវាកម្មអុីនធើណេតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ហើយកម្លាំងទាហានបានដាក់ពង្រាយនៅគ្រប់ទិសទីទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្ម ។ ទាំងនោះជាសកម្មភាពរបស់យោធា ដើម្បីកាត់បន្ថយការប្រមូលផ្តុំធ្វើបាតុកម្មកាន់តែកើនឡើងនៅក្នុងប្រទេសនេះ។
ពលរដ្ឋមីយ៉ាន់ម៉ា មិនអាចចូលទៅកាន់ប្រព័ន្ធអុិីនធើណេតបានឡើយ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការប្រើអំពើហិង្សា ហើយពលរដ្ឋមិនអាចទំនាក់ទំនងគ្នាតាមបណ្តាញទំនាក់ទំនងនានាក្នុងប្រទេសនេះបានទេ។ ជាមួយគ្នានេះកម្លាំងសន្តិសុខនៅទីក្រុង Myitkyina ភាគខាងជើងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានផ្ទុះអាវុធ បំបែកហ្វូងបាតុករប្រឆាំងការធ្វើរដ្ឋប្រហារ ។ ការផ្ទុះអាវុធនោះ មិនទាន់ដឹងថា ជាគ្រាប់ពិតឬគ្រាប់ជ័រនោះឡើយ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាគ្រប់គ្រងដោយកម្លាំងទាហាន បានខិតខំបញ្ចប់ការធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈ។ រូបភាពស្តីពីសកម្មភាពរបស់កម្លាំងយោធាត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម។ អង្គការសហប្រជាជាតិ បានស្នើបញ្ជូនក្រុមអ្នកអង្កេតការណ៍ ទៅកាន់ប្រទេសតំបន់អាស៊ានមួយនេះ ដើម្បីតាមដានស្ថានភាព គ្រប់គ្រងដោយយោធា ។
មកទល់ពេលនេះ មានអ្នកសារព័ត៌មានយ៉ាងតិច៥នាក់ហើយត្រូវបានកម្លាំងទាហានមីយ៉ាន់ម៉ាចាប់ខ្លួន និងពលរដ្ឋជាង ៤០០នាក់ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារមក។ ក្រៅពីនេះក៏មានពលរដ្ឋជាច្រើនបានរងរបួសក្នុងការប្រើហិង្សាពីកម្លាំងសន្តិសុខ ដើម្បីបំបែកហ្វូងបាតុករ។
នៅក្នុងសេចក្តីប្រកាសរួម របស់ ឯកអគ្គរដ្ឋទូត អាមេរិក អង់គ្លេស និងសហគមន៍អឺរ៉ុប ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវដល់យោធាមិនត្រូវធ្វើឲ្យពលរដ្ឋរងរបួសឬស្លាប់នោះឡើយ។ នៅក្នុងសេចក្តីប្រកាសបានអំពាវនាវដល់ យោធាឱ្យរក្សាការអត់ធ្មត់ បញ្ចៀសការប្រើអាវុធទៅលើក្រុមអ្នកប្រឆាំង រដ្ឋាភិបាល។
ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្លាក់នៅក្នុងភាពចលាចលទាំងស្រុង ក្រោយពេលកម្លាំងយោធាធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនលោកស្រីអោង សាន ស៊ូជី និងប្រធានាធិបតី នៅថ្ងៃទី ១ខែកុម្ភៈ៕
ដោយ, ធី រីណា