កាលពីថ្ងៃទី១៥ខែកុម្ភៈ អ្នកនាំពាក្យ ប្រធានាធិបតីហ្វីុលីពីន បានប្រកាសថា លោក Rodrigo Duterte បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយបើកចំហ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
នៅក្នុងសេចក្តីប្រកាសបានឱ្យដឹងថាពេលកន្លងមក ប្រធានាធិបតី Rodrigo Duterte មានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅទីកន្លែងឯកជនមួយ ។ ប៉ុន្តែគម្រោងទាំងនោះត្រូវបានផ្លាស់ប្តូរ ហើយប្រធានាធិបតីសម្រេចទៅចាក់វ៉ាក់សាំងជាសាធារណៈដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋហ្វុីលីពីននាំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩។
លោកHarry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ថា នៅពេលនេះហ្វុីលីពីនមិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយទេ ។ ប៉ុន្តែប្រទេសនេះបានរៀបចំគម្រោងចាក់វ៉ាក់សាំង រួចរាល់ក្នុងពេលទទួលបានវ៉ាក់សាំង នឹងដំណើរការចាក់ភ្លាមៗ។ រដ្ឋាភិបាលហ្វុីលីពីនបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពី៥០ ដល់៧០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ។
ប៉ុន្តែពលរដ្ឋហ្វុីលីពីនមិនគាំទ្រការចាក់វ៉ាក់សាំងទាំងស្រុងនោះឡើយ ។ តាមការស្ទង់មតិ មានពលរដ្ឋហ្វីុលីពីនតែ៤៧ភាគរយប៉ុណ្ណោះ បដិសេធចាក់វ៉ាក់សាំង ។ មូលហេតុ ដែលពលរដ្ឋមិនចង់ចាក់វ៉ាក់សាំង គឺកម្រិតសុវត្ថិភាពរបស់វ៉ាក់សាំង ។
នៅរដ្ឋធានី ម៉ានីល មានពលរដ្ឋតែ ២៥ភាគរយប៉ុណ្ណោះប្រកាសថានឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាមួយគ្នានោះមានពលរដ្ឋ ២៨ភាគរយប្រកាសថាមិនចាក់វ៉ាក់សាំងឡើយ។
គិតមកដល់ថ្ងៃទី១៥ខែកុម្ភៈ ហ្វុីលីពីន មានករណីឆ្លងកូវីដ-១៩សរុប 550.860 នាក់ និងស្លាប់ 11.517 ៕ ដោយ សាធី
រូបភាព៖ AP