អន្តរជាតិ៖ បន្ទាប់ពីក្រុមរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា បញ្ជូនទាហានបន្ថែមទៀត មកក្នុងទីក្រុងធំៗនៅមីយ៉ាន់ម៉ា ទោះចំនួនប្រជាជនចូលរួមបាតុកម្ម មានការថយចុះនៅថ្ងៃទី១៥ ខែកុម្ភៈ បើធៀបនឹងថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅជាងពីរសប្តាហ៍មកនេះ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានមេដឹកនាំយោធាដោយផ្ទាល់ថា អាចនឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានសកម្មភាពឆ្លើយតបយ៉ាងចាស់ដៃបែបណាមួយលើប្រជាជនមីយ៉ាន់ម៉ាដែលកំពុងធ្វើបាតុកម្មតវ៉ា។
ជាក់ស្តែងការបញ្ជូនកម្លាំងទាហានចូលមកក្នុងទីក្រុងធំៗរបស់មីយ៉ាន់ម៉ាបែបនេះ វាគឺជាសញ្ញាមួយ ដែលបង្ហាញថា របបសឹក អាចនឹងចាត់វិធានការបង្ក្រាបហិង្សាលើក្រុមអ្នកតវ៉ា។
សូមជម្រាបថា ស្របពេលនឹងការបញ្ជូនកម្លាំងយោធាចូលក្រុងបែបនេះ ប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់បញ្ហាមីយ៉ាន់ម៉ា បានព្រមានរបបយោធាដោយផ្ទាល់ថា អាចនឹងរងផលវិបាក។ «លោកស្រី Schraner Burgener ប្រាប់មេដឹកនាំយោធាថា រាល់ការឆ្លើយតបយ៉ាងខ្លាំងណាមួយលើប្រជាជន ទំនងជាត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ»។
ចំណែកអ្នកនាំពាក្យ UN លោក Farhan Haq ស្រង់សម្តីរបស់លោកស្រី Schraner Burgener មកអះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា ពិភពលោក កំពុងតាមដានយ៉ាងដិតដល់ លើស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ការព្រមាននេះធ្វើឡើងនៅក្នុងកិច្ចសន្ទនារវាងលោកឧត្តមសេនីយ៍ Soe Win អគ្គមេបញ្ជាការរងកងទ័ពមីយ៉ាន់ម៉ា និងលោកស្រីប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិតែម្ដង។ ប្រេសិតរូបនេះ ក៏បានជំរុញឱ្យក្រុមយោធា គោរពសិទ្ធិក្រុមអ្នកតវ៉ា និងការជួបជុំដោយសន្តិភាពផងដែរ។
ក្រៅពីបញ្ហាខាងលើ លោកស្រី Schraner Burgener បានលើកឡើងពីផលវិបាកមួយចំនួនជុំវិញការកាត់ផ្តាច់អ៊ីនធឺណិតនៅមីយ៉ាន់ម៉ា ដែលអាចមានបញ្ហាជាច្រើនដូចជា ប៉ះពាល់វិស័យធនាគារ, ភាពតានតឹងនៅក្នុងស្រុក និងវិស័យផ្សេងទៀត។ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ អ៊ីនធឺណិត ត្រូវបានតភ្ជាប់មកកម្រិតធម្មតាវិញក្តី ប៉ុន្តែនៅយប់ថ្ងៃដដែលនោះ អ៊ីនធឺណិត ត្រូវបានកាត់ផ្តាច់ជាលើកទីពីរ។
គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនទាន់ចាត់វិធានការធ្ងន់ធ្ងរណាមួយ លើប្រជាជនតវ៉ានៅឡើយទេ ពោលគឺមានត្រឹមតែសកម្មភាពបំបែកក្រុមបាតុករ តាមរយៈការបាញ់ចំពាមកៅស៊ូ បាញ់ទឹក និងគ្រាប់កាំភ្លើងជ័រជាដើម។ ចំណែកក្រុមបាតុករ បានបានចោលដុំឥដ្ឋ និងវត្ថុផ្សេងទៀត ដាក់ក្រុមប៉ូលិសបង្ក្រាបបាតុកម្មវិញដែរ៕ដោយ៖ស តារា