អន្តរជាតិ៖ ថ្លែងក្រោយជំនួបមេដឹកនាំប្រទេស G7 នៅថ្ងៃទី១៩ ខែកុម្ភៈ អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល និយាយថា អាល្លឺម៉ង់ និងប្រទេសអ្នកមានឯទៀត ទំនងត្រូវបញ្ចេញវ៉ាក់សាំងរបស់ខ្លួនឱ្យប្រទេសក្រីក្រដើម្បីរួមចំណែកក្នុងការបញ្ចប់វិបត្តិកូវីដ-១៩ ។ លោកស្រី មឺហ្គែល បានបញ្ជាក់បន្ថែមថា វិបត្តិកូវីដ-១៩ នឹងមិនចប់ឡើយ បើប្រទេសក្រីក្រមិនមានវ៉ាក់សាំងចាក់លើប្រជាជននោះ។ ជាការរួមចំណែករបស់ខ្លួន អាល្លឺម៉ង់ក៏ប្រកាសផ្ដល់លុយបន្ថែមទៀតដើម្បីជួយប្រទេសក្រីក្រ។
លោកស្រី អែនជែឡា មឺហ្គែល នៅថ្ងៃដដែលនេះ បានលើកឡើងពីសារសំខាន់ដែលប្រទេសទាំងអស់ត្រូវមានវ៉ាក់សាំងដើម្បីទប់ទល់នឹងជំងឺរាលដាលមួយនេះ។ លោកស្រី មឺហ្គែល ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ប្រាប់អ្នកសារព័ត៌មានថា ទាំងអាល្លឺម៉ង់ ទាំងប្រទេសអ្នកមាននានា គួរចែកវ៉ាក់សាំងដែលខ្លួនមានក្នុងឃ្លាំងទៅឱ្យប្រទេសក្រីក្រីខ្លះ។
ប៉ុន្តែទោះជាយ៉ាងណា អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ទៀតថា មេដឹកនាំG7 មិនបានជជែកពីចំនួនវ៉ាក់សាំងជាក់លាក់ដែលអាចផ្ដល់ឱ្យប្រទេសផ្សេងឡើយ។ ដោយលោកស្រី គ្រាន់តែសង្កត់ធ្ងន់ថា៖ «ក្នុងបទអន្តរាគមន៍របស់ខ្ញុំ វិបត្តិនឹងមិនចប់ឡើយរហូតដល់មនុស្សទាំងអស់លើពិភពលោកទទួលបានវ៉ាក់សាំង»។
ដោយឡែកចំពោះប្រធានបទទទួលវ៉ាក់សាំង នៅតែជាបញ្ហាប្រឈមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈប្រទេសអ្នកមានមានវ៉ាក់សាំងដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួន បណ្ដាប្រទេសអ្នកក្រជាច្រើន នៅមិនទាន់មានវ៉ាក់សាំងនៅឡើយ។ ខណៈវិសមភាពនេះ ក្លាយជាក្ដីបារម្ភខ្លាំងព្រោះបើប្រទេសភាគច្រើននៅតែគ្មានវ៉ាក់សាំង ឬមានមិនគ្រប់នោះ វិបត្តិកូវីដ-១៩ នឹងមិនបញ្ចប់ទៅរហ័សឡើយ។
ចំណែករដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃដដែលនេះ ក៏ប្រកាសផ្ដល់លុយចំនួន១,៥ពាន់លានអឺរ៉ូ (១,៨ពាន់លានដុល្លារ) ដើម្បីជំរុញការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅតាមប្រទេសក្រីក្របំផុត។ នេះជាការផ្ដល់ជំនួយលើកទីពីរហើយសម្រាប់អាល្លឺម៉ង់ បន្ថែមពីទំហំលើកមុន៦០០លានអឺរ៉ូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz លើកឡើងថា វ៉ាក់សាំងជាផ្លូវតែមួយគត់ដើម្បីបញ្ចប់វិបត្តិជំងឺនេះ។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែរ ខាងអឺរ៉ុបវិញ ក៏ប្រកាសបង្កើនការផ្ដល់លុយសម្រាប់យន្តការ COVAX ឱ្យដល់មួយពាន់លានអឺរ៉ូបដែរ។ ខណៈCOVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដើម្បីធានាវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រដែរ។ តាមរយៈយន្តការនេះ ប្រទេសក្រីក្រ អាចទទួលបានវ៉ាក់សាំងសម្រាប់ប្រជាជន២០ភាគរយ៕ដោយ៖ស តារា
រូបភាព៖ អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល