ក្រុមបាតុករមីយ៉ាន់ម៉ា មានគម្រោងធ្វើមហាបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសប្រឆាំងការដឹកនាំដោយយោធា។ ក្រុមបាតុករបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចូលរួមធ្វើបដិវត្តន៍និទាឃរដូវ» ប្រឆាំងរបបយោធា។
សារព័ត៌មាន Bloomberg នៅថ្ងៃទី២២ ខែកុម្ភៈបានផ្សាយថា ក្រុមហ៊ុន សហគ្រាស ហាងលក់ទំនិញនានា ផ្សារទំនើបនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបិទទ្វារដោយខ្លាចអំពើហិង្សាជាទ្រង់ទ្រាយធំកើតឡើង។
នៅពេលនេះដែរ ថ្នាក់ដឹកនាំកម្លាំងទាហានមីយ៉ាន់ម៉ា បានព្រមានថា នឹងប្រើប្រាស់កម្លាំងដើម្បីបង្គ្រាប
ក្រុមបាតុករ ។ ការព្រមាននោះបង្កក្តីបារម្ភយ៉ាងខ្លាំងពីអំពើហិង្សា ទ្រង់ទ្រាយធំកើតឡើង។
បណ្តាញទូរទស្សន៍យោធាមីយ៉ាន់ម៉ា MRTV នៅថ្ងៃទី២១ខែកុម្ភៈ បានព្រមានថា យោធានឹងប្រើកម្លាំងដើម្បីបង្គ្រាបបាតុកម្មប្រសិនបើមានបាតុកម្មទ្រង់ទ្រាយធំកើតឡើង ។ កម្លាំងយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ក្រុមជ្រុលនិយមបានចូលរួមធ្វើបាតុកម្មបង្កអំពើហិង្សា ទាំងនោះហើយទើបកម្លាំងយោធាបាញ់តបតវិញ។
បាតុកម្មនៅទូទាំងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមផ្ទុះឡើងក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ដោយក្រុមបាតុករមិនខ្វល់ពីការព្រមានពីយោធាឡើយដោយបន្តធ្វើបាតុកម្មដដែល ហើយកាន់តែខ្លាំងជាងមុនទៅទៀត៕
ដោយ សាធី