អធិការបតី​អាល្លឺម៉ង់​ អះអាងថា​៖ «​ វិបត្តិ​កូវីដ១៩​ នឹងមិន​ចប់​ឡើយ​រហូតដល់​មនុស្ស​ទាំង​អស់​លើ​ពិភពលោក​ទទួលបាន​វ៉ាក់សាំង​​»

ចែករំលែក៖

អន្តរជាតិ​៖​ ថ្លែង​ក្រោយ​ជំនួប​មេដឹកនាំ​ប្រទេស G7 នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល និយាយថា អាល្លឺម៉ង់ និង​ប្រទេស​អ្នកមាន​ឯទៀត ទំនង​ត្រូវ​បញ្ចេញ​វ៉ាក់សាំង​របស់ខ្លួន​ឱ្យ​ប្រទេស​ក្រីក្រ​ដើម្បី​រួមចំណែក​ក្នុងការ​បញ្ចប់​វិបត្តិ​កូ​វីដ​-១៩ ។ លោកស្រី មឺ​ហ្គែ​ល បានបញ្ជាក់បន្ថែមថា វិបត្តិ​កូ​វីដ​-១៩ នឹងមិន​ចប់​ឡើយ បើ​ប្រទេស​ក្រីក្រ​មិនមាន​វ៉ាក់សាំង​ចាក់​លើ​ប្រជាជន​នោះ​។ ជាការ​រួមចំណែក​រប​ស់​ខ្លួន អាល្លឺម៉ង់​ក៏​ប្រកាស​ផ្ដល់​លុយ​បន្ថែមទៀត​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​។​

លោកស្រី​ អែន​ជែ​ឡា មឺ​ហ្គែ​ល នៅ​ថ្ងៃដដែលនេះ បានលើកឡើង​ពី​សារសំខាន់​ដែល​ប្រទេស​ទាំងអស់​ត្រូវមាន​វ៉ាក់សាំង​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាលដាល​មួយ​នេះ​។ លោកស្រី មឺ​ហ្គែ​ល ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​មេដឹកនាំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) ប្រាប់​អ្នកសារព័ត៌មាន​ថា ទាំង​អាល្លឺម៉ង់ ទាំង​ប្រទេស​អ្នកមាន​នានា គួរ​ចែក​វ៉ាក់សាំង​ដែល​ខ្លួន​មាន​ក្នុង​ឃ្លាំង​ទៅឱ្យ​ប្រទេស​ក្រី​ក្រី​ខ្លះ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា អធិការបតី​អាល្លឺម៉ង់​ បានបញ្ជាក់ទៀតថា មេដឹកនាំ​G7 មិនបាន​ជជែក​ពី​ចំនួន​វ៉ាក់សាំង​ជាក់លាក់​ដែល​អាច​ផ្ដល់ឱ្យ​ប្រទេស​ផ្សេង​ឡើយ​។ ដោយ​លោកស្រី​ គ្រាន់តែ​សង្កត់ធ្ងន់ថា​៖ «​ក្នុង​បទ​អន្តរាគមន៍​របស់ខ្ញុំ វិបត្តិ​នឹងមិន​ចប់​ឡើយ​រហូតដល់​មនុស្ស​ទាំង​អស់​លើ​ពិភពលោក​ទទួលបាន​វ៉ាក់សាំង​»។

ដោយឡែក​ចំពោះប្រធានបទ​ទទួល​វ៉ាក់សាំង នៅតែ​ជា​បញ្ហា​ប្រឈម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ខណៈ​ប្រទេស​អ្នកមាន​មាន​វ៉ាក់សាំង​ដើម្បី​ចាក់ឱ្យ​ប្រជាជន​របស់ខ្លួន បណ្ដា​ប្រទេស​អ្នកក្រ​ជាច្រើន នៅ​មិនទាន់មាន​វ៉ាក់សាំង​នៅឡើយ​។ ខណៈវិសមភាព​នេះ ក្លាយជា​ក្ដីបារម្ភ​ខ្លាំង​ព្រោះ​បើ​ប្រទេស​ភាគច្រើន​នៅតែ​គ្មាន​វ៉ាក់សាំង ឬ​មាន​មិន​គ្រប់​នោះ វិបត្តិ​កូ​វីដ​-១៩ នឹងមិន​បញ្ចប់ទៅ​រហ័ស​ឡើយ​។​

ចំណែក​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ថ្ងៃ​ដដែល​នេះ ក៏​ប្រកាស​ផ្ដល់​លុយ​ចំនួន​១,៥​ពាន់​លាន​អឺរ៉ូ (១,៨​ពាន់​លាន​ដុល្លារ​) ដើម្បី​ជំរុញ​ការអនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅតាម​ប្រទេស​ក្រីក្រ​បំផុត​។ នេះ​ជាការ​ផ្ដល់ជំនួយ​លើក​ទី​ពីរ​ហើយ​សម្រាប់​អាល្លឺម៉ង់ បន្ថែម​ពី​ទំហំ​លើក​មុន​៦០០​លាន​អឺរ៉ូ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ Olaf Scholz លើកឡើងថា វ៉ាក់សាំង​ជា​ផ្លូវ​តែមួយគត់​ដើម្បី​បញ្ចប់​វិបត្តិ​ជំងឺ​នេះ​។

​គួរបញ្ជាក់ថា​ ជុំវិញបញ្ហានេះដែរ​ ខាង​អឺរ៉ុប​វិញ ក៏​ប្រកាស​បង្កើន​ការផ្ដល់​លុយ​សម្រាប់​យន្តការ COVAX ឱ្យដល់​មួយ​ពាន់​លាន​អឺរ៉ូប​ដែរ​។ ខណៈCOVAX ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក ជួប​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ធានា​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ​ដែរ​។ តាមរយៈ​យន្តការ​នេះ ប្រទេស​ក្រីក្រ អាច​ទទួលបាន​វ៉ាក់សាំង​សម្រាប់​ប្រជាជន​២០​ភាគរយ​៕ដោយ​៖ស​ តារា​

...

រូបភាព​៖​ អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print