អន្តរជាតិ៖ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រោយករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចាប់ផ្ដើមធ្លាក់ចុះ រដ្ឋាភិបាលថ្នាក់តំបន់របស់ជប៉ុន បានស្នើឱ្យបញ្ចប់ការប្រកាសភាពអាសន្នដែលត្រូវបានចំពោះមុខការរីលរាលដាលជំងឺកូវីដ-១៩ កាលពីខែមករា។
ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បាននិយាយនាសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែកុម្ភៈថា៖ ការដាក់ប្រទេសក្នុងភាពអាសន្នអាចនឹងត្រូវបានបញ្ចប់ឆាប់ៗនេះ ហើយត្រូវធ្វើជាដំណាក់កាលៗ។ តាមផែនការ ភាពអាសន្ននៅខេត្តទាំង១១ អាចត្រូវបានលើកវិញនៅថ្ងៃទី៧ ខែមីនា។
សូមជម្រាបថា ខណៈដែលការផ្ទុះឡើងករណីឆ្លងកូវីដ-១៩ យ៉ាងគំហុក បង្ខំឱ្យរដ្ឋាភិបាលជប៉ុនដាក់ខេត្ត១១ ក្រោមភាពអាសន្នកាលពីខែមករាកន្លងទៅ។ ប្រជាជនត្រូវបានស្នើឱ្យកាត់បន្ថយការដើរហើរ ឯអាជីវកម្មជាច្រើន ត្រូវកាត់បន្ថយម៉ោងរកស៊ីរបស់ពួកគេ។
បើតាមលោក Yasutoshi Nishimura រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាលខេត្តចំនួន៦ នៅភាគខាងលិច កណ្ដាល និងខាងត្បូង បានស្នើទៅកាន់រដ្ឋាភិបាលកណ្ដាលឱ្យបញ្ចប់ភាពអាសន្នមុនការកំណត់។ ដោយឡែកទីក្រុងតូក្យូ និងខេត្តជិតខាងនោះនឹងនៅតែស្ថិតក្នុងស្ថានភាពអាសន្នដដែល។
បើតាមលោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ (Yoshihide Suga) នឹងជួបជាមួយបណ្ដាលនៅថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីការបញ្ចប់ស្ថានភាពអាសន្ននៅក្នុងខេត្តទាំង៦ ។ ការសម្រេចចិត្តចុងក្រោយ អាចប្រកាសនៅថ្ងៃទី២៦ ខែកុម្ភៈ។ នេះបើតាមទីភ្នាក់ងារពត៌មាន Reuters បានចុះផ្សាយ។
គួរបញ្ជាក់ថា ជប៉ុនក៏បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនហើយតាំងពីថ្ងៃទី១៧ ខែកុម្ភៈមក។ ប្រទេសនេះ បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងសរុបចំនួន៣១៤លានដូសពីក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែលគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់៕ដោយ៖ស តារា